ពលរដ្ឋ​មាន​បញ្ហា​ដី​នៅ​ក្រចេះ​មក​តវ៉ា​នៅ​មុខ​ផ្ទះ​នាយករដ្ឋមន្ត្រី

នៅ​ថ្ងៃ​ពុធ ទី​២ មិថុនា ឆ្នាំ​២០១០​នេះ តំណាង​ប្រជាពលរដ្ឋ​ជាង ៦០០​គ្រួសារ​ដែល​មាន​បញ្ហា​ដីធ្លី​នៅ​ខេត្ត​ក្រចេះ បាន​តវ៉ា​នៅ​ខាង​មុខ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ។

0:00 / 0:00

ក្រុម​អ្នក​តវ៉ា​ជាង ១០០​នាក់ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ៦២០​គ្រួសារ​​ដែល​កំពុង​តែ​មាន​បញ្ហា​ដីធ្លី​នៅ​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ឈ្នួល​មក​ដល់​ទីក្រុង​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ជួយ​អន្តរាគមន៍​ដល់​ពួកគាត់។

តំណាង​ក្រុម​អ្នក​តវ៉ា និង​ជាម​ប្រធាន​សមាគម​ជន​ពិការ​អភិវឌ្ឍន៍ លោក យ៉ាន យឹក បាន​ថ្លែង​ថា ពួក​គាត់​និង​ប្រជាពលរដ្ឋ​ដែល​ភាគ​ច្រើន​ជា​អតីត​យុទ្ធជន យុទ្ធជន​ពិការ ស្ត្រី​មេម៉ាយ និង​ប្រជាពលរដ្ឋ​ក្រីក្រ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ដល់​ថ្នាក់​​ដឹកនាំ​និង​ស្ថាប័ន​រដ្ឋាភិបាល​ ដើម្បី​បាន​ដីធ្លី​សម្រាប់​សង់​ទី​លំនៅ​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ តាំង​ពី​ឆ្នាំ​២០០៨​កន្លង​ទៅ តែ​ពួក​គាត់​មិន​ទាន់​ទទួល​បាន​លទ្ធផល​តាម​សំណូមពរ​នៅ​ឡើយ ក្រៅ​ពី​ការ​រារាំង​របស់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ដែល​ពាក់ព័ន្ធ មិន​ឲ្យ​ពួកគាត់​ធ្វើ​ការ​រាន​ដី។

តំណាង​អ្នក​តវ៉ា​ម្នាក់​ទៀត លោក ផាន់ សុផល បាន​បញ្ជាក់​ថា ពួក​គាត់​មាន​ជីវភាព​ខ្វះខាត ហើយ​បើ​បង្អង់​យូរ ដី​នៅ​ទី​នោះ​នឹង​ត្រូវ​មន្ត្រី​ព្រមទាំង​ក្រុមហ៊ុន​យក​អស់។

លោក ផាន់ សុផល មាន​ប្រសាសន៍​ថា ៖ «រក​ពាក្យ​និយាយ​មិន​បាន។ ស្នើ​សុំ​ហួស​ពី​ស្នើ​សុំ​ហើយ មិន​ដែល​ឃើញ​ថ្ងៃ​ណា​ថា ផល ឯង​ទៅ​ចាប់​នៅ​ឯ​ណោះ​ទៅ ភូមិ​អភិវឌ្ឍន៍​នៅ​ត្រង់​នោះ បង្កើត​នៅ​ថ្ងៃ​នេះ ខែ​នេះ ឆ្នាំ​នេះ។ គេ​ថា​ឲ្យ​ដាក់​ពាក្យ​ដាក់​មក​ទៀត មិន​ដឹង​គេ​យក​ទៅ​វេច​ខ្ចប់​នៅ​ឯ​ណា?»

តប​នឹង​ការ​លើ​ក​ឡើង​នេះ នាយរង​ខុទ្ទកាល័យ​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក លឹម លាងសែ បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ពិនិត្យ​លើ​ករណី​នេះ​ជាមួយ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ដើម្បី​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ។

លោក លឹម លាងសែ មាន​ប្រសាសន៍​ដូច្នេះ ៖ «រាជ​រដ្ឋាភិបាល​មាន​គោលនយោបាយ​សម្បទាន​ដី​ហើយ ដាក់​តាំង​ពី​ឆ្នាំ​ទៅ​ឯ​ណោះ បាន​ធ្វើ​សន្និសីទ សន្និបាត​អី​ហើយ​អស់​ហើយ ព្រោះ​យើង​មាន​គោលនយោបាយ​សម្បទាន​សេដ្ឋកិច្ច កុំ​ថា​ឡើយ​គ្រួសារ​អតីត​យុទ្ធជន គ្រួសារ​សាមញ្ញ​ប្រជាជន​ក្រីក្រ​ក៏​យើង​គិតគូរ​គាត់​ដែរ»

ទាក់ទង​នឹង​ករណី​ដីធ្លី​នៅ​ខេត្ត​ក្រចេះ ប្រធាន​នាយកដ្ឋាន​ឧទ្យាន​ជាតិ​នៃ​ក្រសួង​បរិស្ថាន លោក សុខ ខេងណូវិន បាន​អះអាង​ថា ក្រសួង​ទើប​តែ​បាន​ជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​អំពី​បញ្ហា​នេះ​ដែរ ហើយ​លោក​បន្ថែម​ថា តាម​នីតិវិធី លោក​ត្រូវ​ការ​ពេល​មួយ​ខែ​ដើម្បី​ពិចារណា​លើ​ករណី​នេះ។

លោក សុខ ខេងណូវិន បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ខ្ញុំ​សន្យា​ថា ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ខេត្ត​នឹង​ដោះស្រាយ​បញ្ហា​នេះ​ជូន​បង​ប្អូន ហើយ​និង​ជូន​ដំណឹង​ទៅ​បង​ប្អូន​វិញ​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណា? ដំណោះស្រាយ​របៀប​ម៉េច? ហើយ​ប្រសិន​បើ​បង​ប្អូន​មិន​ឯក​ភាព​ទេ​អាច​ធ្វើ​ការ​តវ៉ា​ទៀត»

ការ​ជជែក​គ្នា​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ប្រហែល​កន្លះ​ម៉ោង ដោយ​ក្រុម​​អ្នក​តវ៉ា​បាន​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ក្នុង​រយៈ​ពេល​ពីរ​សប្ដាហ៍។ ទី​បំផុត​ពួក​អ្នក​តវ៉ា​ក៏​ព្រម​តាម​ភាគី​រដ្ឋាភិបាល ដោយ​រង់ចាំ​រយៈ​ពេល​មួយ​ខែ តែ​ពួក​គាត់​បាន​ព្រមាន​ថា បើ​គ្មាន​ដំណោះស្រាយ​សមស្រប​ទេ ពួក​គាត់​នឹង​ឡើង​មក​ទាមទារ​ជា​ថ្មី​ទៀត ព្រោះ​ពួក​គាត់​ក៏​ធ្លាប់​មក​តវ៉ា​កាល​ពី​ថ្ងៃ​ទី​២៦ មេសា ឆ្នាំ​២០១០ ម្ដង​ហើយ​ដែរ៕