សាក្សី ជាម សឿ បច្ចុប្បន្នអាយុ ៥២ឆ្នាំ ជាអតីតកងការពារអ្នកទោសនៃមន្ទីរស-២១ ផ្នែកខាងក្រៅ បានប្រាប់អង្គជំនុំជម្រះសាលាក្តីខ្មែរក្រហម នៅថ្ងៃពុធ ទី៥ សីហា ថា លោកបានឃើញផ្ទាល់ភ្នែក ពេលដែលគេបណ្តើរអ្នកទោសបស្ចិមប្រទេសម្នាក់យកទៅដុតទាំងរស់ ក្នុងគ្រាមួយដែលលោកកំពុងដើរយាមល្បាត។
សាក្សី ជាម សឿ ឆ្លើយបំភ្លឺយ៉ាងដូច្នេះថា ៖ «គេបណ្ដើរទៅត្បូង ដល់ពេលខ្ញុំត្រឡប់មកវិញ ខ្ញុំឃើញគេលើកកង់ឡានដាក់លើអ្នកទោសហ្នឹងបានគេដុត។ គេយកកង់ឡានស៊កលើក្បាលអ្នកទោសដែលនៅរស់។ ដាក់ដុតចោលទៅ»។
ឆ្លើយតបទៅនឹងសក្ខីកម្មរបស់សាក្សី ជាម សឿ ដែលបានរៀបរាប់ខាងលើនេះ ជនជាប់ចោទ ឌុច ជម្រាបជូនអង្គជំនុំជម្រះថា លោកពិតជាបានបញ្ជាឲ្យដុតកម្ទេចអ្នកទោសបស្ចិមប្រទេសចំនួនពីរនាក់នៅមន្ទីរស-២១ មែន តាមបញ្ជារបស់លោក នួន ជា។
ក៏ប៉ុន្តែលោកនៅមិនជឿថា គេដុតទាំងរស់ទេ ព្រោះលោកបានបញ្ជាឲ្យដុតខ្មោចដែលសម្លាប់ហើយៗ លោកក៏មិនជឿថា ហ៊ អនុប្រធានលោក ឬនរណាម្នាក់ហ៊ានល្មើសបញ្ជាដាច់ខាតរបស់លោកទេ។
ឌុច ឆ្លើយតបយ៉ាងដូច្នេះ ៖ «សក្ខីកម្មទាំងប៉ុន្មានដែលលើកមកនេះ ខ្ញុំមិនទាន់ដាច់ស្រេចថា នឹងជឿថា គេដុតមនុស្សទាំងរស់ទេ»។
សាក្សី ជាម សឿ និយាយទៀតថា លោកបានឃើញហេតុការណ៍នោះផ្ទាល់ភ្នែកក្នុងចម្ងាយប្រមាណ២០ម៉ែត្រពីលោក។ ប៉ុន្តែលោកមិនបានដឹងថា ជនបរទេសដែលគេដុតទាំងរស់នោះមានឈ្មោះអ្វី ឬជាជាតិសាសន៍អ្វីនោះទេ គឺលោកគ្រាន់តែបានឃើញគេបណ្តើរនិងស៊កកង់ឡានដុតប៉ុណ្ណោះ។
សាក្សីរូបនេះបានអះអាងថា សាកសពដែលគេដុតនោះមិនបានឆេះអស់ទេ ហើយគេទុកចោលនៅទីនោះ។ ចំណុចនេះ ត្រូវជនជាប់ចោទ ឌុច ឆ្លើយតបដូច្នេះ ៖ «ជនបស្ចិមប្រទេសមកម្ដង ២នាក់ ពេលយកឯកសារទៅជូន នួន ជា គាត់ថា អើពួកអាច្រមុះវែងល្មមយកចេញទៅ។ ខ្ញុំថា បាទ!។ អើដុតផង។ ខ្ញុំថា បាទ!។ កុំទុកឲ្យសល់ឆ្អឹង យកកង់ឡានដុតឲ្យសុសអស់ យើងមិនមែនយកឆ្អឹងហ្នឹងទៅប្ដូរយកប៊ុលដូហ្ស័រ ដូចគុយបាទេ។ មកដល់ខ្ញុំចេញបញ្ជាឲ្យមិត្ត ហ៊។ ដូច្នេះម្ដងពីរ មិនមែនម្ដងមួយទេ។ គោលបំណងដុតឲ្យសុស មិនមែនដុតឲ្យនៅសល់សាកសពកណ្ដាលផ្លូវលេខ១៤៣ នោះទេ ហើយខ្ញុំនៅតែមិនទាន់ជឿថា មាននរណាហ៊ានល្មើសនឹងបទបញ្ជាខ្ញុំ»។
សូមជម្រាបថា ករណីដុតអ្នកទោសទាំងរស់នៅគុកទួលស្លែង ត្រូវសាក្សីដែលជាអតីតបុគ្គលិកមន្ទីរស-២១ មួយចំនួន លើកឡើងខ្លះៗមកហើយ ដោយនិយាយថា ពួកគេបានឮព័ត៌មាននេះ ពីសាក្សី ជាម សឿ។
ជនជាប់ចោទ ឌុច បានប្រាប់តុលាការថា សាក្សី ជាម សឿ នេះហើយ ដែលលោករង់ចាំមកជាយូរដើម្បីបញ្ជាក់អំពីករណីដុតអ្នកទោសទាំងរស់នោះ។ ក៏ប៉ុន្តែលោកបានប្រៀបធៀបថា នៅក្នុងករណីដដែលនេះ លោកជឿលើសក្ខីកម្មរបស់សាក្សី ហ៊ឹម ហ៊ុយ ថាមានភាពត្រឹមត្រូវជាង៕