តាមគម្រោងសវនាការនេះ នឹងត្រូវធ្វើរយៈពេល ៤ ថ្ងៃ គឺពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា។
នៅក្នុងពេលចាប់ផ្ដើមរយៈពេលពេញមួយថ្ងៃ នៅថ្ងៃទី ២១ នេះ កម្មវិធីរបស់អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅមិនទាន់ជជែករកខុសត្រូវ ឬដេញដោលគ្នាលើភស្តុតាង ឬអង្គហេតុជាក់លាក់ណាមួយនៅឡើយទេ។
បានន័យថា គឺជាពេលវេលាមួយ ដែលអង្គជំនុំជម្រះផ្ដល់ឱកាសឱ្យភាគីពាក់ព័ន្ធនៅក្នុងសំណុំរឿងក្ដីនេះ ធ្វើសេចក្ដីថ្លែងការណ៍របស់ខ្លួនជូនអង្គជំនុំជម្រះស្ដាប់ មុននឹងឈានទៅដល់ការជជែកគ្នាលើអង្គសេចក្ដីពេញលេញ ដែលមានការដាក់បង្ហាញភស្តុតាង ការបំភ្លឺពីសាក្សី និងការបង្ហាញរបស់អ្នកជំនាញផ្សេងៗ។
ប្រធានចៅក្រមសាលាដំបូង លោក និល ណុន បានប្រកាសអំពីសវនាការនេះដូច្នេះ៖ «គោលបំណងនៃសវនាការនៅសប្ដាហ៍នេះ គឺជាសវនាការបើកសេចក្ដីសន្និដ្ឋានចោទប្រកាន់ដោយសង្ខេបដោយសហព្រះរាជអាជ្ញា និងការឆ្លើយតបដោយសង្ខេបពីសំណាក់ជនជាប់ចោទ និងក្រុមមេធាវីការពារក្ដីរបស់ខ្លួន។ ឯសវនាការដេញដោលពិនិត្យភស្តុតាង នឹងចាប់ផ្ដើមធ្វើពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១១»។
តាមកម្មវិធីនៅថ្ងៃទី ២១ ដែលជាថ្ងៃដំបូងនេះ សហព្រះរាជអាជ្ញាឡើងធ្វើសេចក្ដីថ្លែងការណ៍របស់ខ្លួនជូនអង្គជំនុំជម្រះ ស្ដីពីឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យក្រោមការគ្រប់គ្រងរបស់ជនជាប់ចោទទាំងនោះ។
ជនជាប់ចោទទាំងបីរូប ត្រូវនាំមកជំនុំជម្រះនៅចំពោះមុខសាលាដំបូង គឺមានលោក នួន ជា អតីតប្រធានសភាតំណាងប្រជាជន លោក ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋ និងលោក អៀង សារី អតីតជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសក្នុងរយៈកាលកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីខែមេសា ឆ្នាំ ១៩៧៥ ដល់ខែមករា ឆ្នាំ ១៩៧៩។
នៅក្នុងថ្លែងការណ៍របស់សហព្រះរាជអាជ្ញាជាតិ គឺអ្នកស្រី ជា លាង នៅថ្ងៃនេះ បានលើកឡើងអំពីបទឧក្រិដ្ឋមួយចំនួនដែលថា កម្មាភិបាលបក្សកុម្មុយនិស្តកម្ពុជា និងជាមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យសុទ្ធតែមានការទទួលខុសត្រូវគ្រប់កម្រិត។
សហព្រះរាជអាជ្ញា ជា លាង បានលើកឡើងនូវឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងសង្គ្រាម ដែលជនជាប់មានចេតនាប្រព្រឹត្តដូច្នោះ៖ «បក្សកុម្មុយនិស្តកម្ពុជាបានដាក់ប្រជាជនទាំងអស់ឱ្យទៅជាទាសករ។ មានមនុស្សមួយនាក់ ក្នុងចំណោមបួននាក់បានស្លាប់បាត់បង់ជីវិតក្រោមការដឹកនាំនៃបក្សកុម្មុយនិស្តកម្ពុជា។ ការបង្ខំឱ្យចាកចេញពីលំនៅឋាន ព្រាត់ប្រាសគ្រួសារ ត្រូវគេដក់ហូតសិទ្ធិសេរីភាពក្នុងការដើរហើរ និយាយស្ដី និងសាសនា ធ្វើការដោយបង្ខំ ការបង្អត់អាហារ រងការធ្វើទារុណកម្ម និងវាយដំ រស់នៅក្នុងភាពភ័យខ្លាចគេយកទៅសម្លាប់ជាប្រចាំ និងការដកហូតលែងឱ្យមានអត្តសញ្ញាណនៃសេចក្ដីថ្លៃថ្នូរជាមនុស្ស។ ទាំងអស់នេះ ជាសុបិនអាក្រក់មួយ ដែលបានក្លាយជាការពិត ដែលកើតមានចំពោះប្រជាជនកម្ពុជាទូទៅរាប់លាននាក់»។
ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ សហព្រះរាជអាជ្ញាជាតិ បានលើកយកករណីសម្លាប់ផ្ដាច់ពូជជនជាតិវៀតណាម និងការសម្លាប់ជនជាតិចាម ព្រមទាំងការធ្វើទុក្ខបុកម្នេញផ្នែកសាសនា ដែលជាទិសដៅដើម្បីធ្វើឱ្យមានជាតិពន្ធតែខ្មែរមួយសុទ្ធ មិនមានចាម និងវៀតណាម។
ក្រៅពីនេះ សហព្រះរាជអាជ្ញាបានលើកឡើងដែរ អំពីការបោសសម្អាតនៅភូមិភាគបូព៌ា និងការជម្លៀសឱ្យទៅនៅកន្លែងផ្សេងទៀត ដែលបានអនុវត្តដោយកម្មាភិបាលឈ្មោះ សុន សេន កែ ពក និងតាម៉ុក និងមានការចូលរួមបញ្ជាផ្ទាល់ដោយជនជាប់ចោទ នួន ជា។
សហព្រះរាជអាជ្ញា ជា លាង ថ្លែងថា ភាគីសហព្រះរាជអាជ្ញានឹងបង្ហាញភស្តុតាងដែលបញ្ជាក់ថា ជនជាប់ចោទមានពិរុទ្ធភាពក្នុងឧក្រិដ្ឋកម្ម ដែលកំពុងជាប់ចោទទាំងនេះ។
សេចក្ដីថ្លែងការណ៍របស់ភាគីសហព្រះរាជអាជ្ញាមិនទាន់ចប់នៅឡើយទេ ហើយនឹងត្រូវធ្វើបន្តនៅវេលាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកាជាបន្តទៀត៕