ខ្មែរ​៤​នាក់​ទៅ​ធ្វើ​សាក្សី​ក្នុង​រឿង​ជួញ​ដូរ​កម្លាំង​ពលកម្ម​នៅ​ថៃ

ពលករ​ខ្មែរ​ចំនួន ៤​នាក់ នឹង​ឡើង​ទៅ​បំភ្លឺ​ធ្វើ​ជា​សាក្សី​ជូន​តុលាការ​ថៃ ក្នុង​សំណុំ​រឿង​ថៅកែ​ជន​ជាតិ​ថៃ ដែល​បាន​ជួញ​ដូរ​កម្លាំង​ពលកម្ម​ពលករ​ខ្មែរ​ខុស​ច្បាប់។

0:00 / 0:00

រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រុស​ស្រី​ចំនួន ៤​នាក់ ក្នុង​ចំណោម​ពលករ​ខ្មែរ ២១​នាក់ ទៅ​ធ្វើ​ជា​សាក្សី​ផ្ដល់​ចម្លើយ​ជូន​តុលាការ​ថៃ នៅ​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០១០ ក្នុង​ខេត្ត​សាមុតសាខន ប្រទេស​ថៃ ទាក់ទិន​សំណុំ​រឿង​ថៅកែ​រោងចក្រ​ផលិត​ប្រហិត​មួយ ដែល​ត្រូវ​គេ​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ​កម្លាំង​ពលកម្ម​ខុស​ច្បាប់។

តំណាង​ពលករ​ខ្មែរ​ទាំង ៤​នាក់ មាន​ឈ្មោះ ហេង ស្រីមុំ, វ៉ាត ចម, ស៊ឹម ឡូត និង ប៊ើ ប៉ូ បាន​ចេញ​ដំណើរ​ពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​ថៃ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៤ ខែ​កញ្ញា តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដោយ​មាន​មន្ត្រី​ស្ថានទូត​ខ្មែរ​អម​ដំណើរ​ទៅ​ជាមួយ​ផង។

មន្ត្រី​នាំ​ពាក្យ និង​ជា​អនុ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​ខ្មែរ លោក កុយ គួង បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១០​ថា តំណាង​ពលរដ្ឋ​ខ្មែរ​ទាំង ៤​នាក់ នឹង​ត្រូវ​ចូល​ខ្លួន​ធ្វើ​ជា​សាក្សី​ជូន​តុលាការ​ថៃ នៅ​ថ្ងៃ​ទី​៦ ខែ​តុលា។

លោក កុយ គួង មាន​ប្រសាសន៍​ទៀត​ថា ៖ «គេ​ប្ដឹង​ថៅកែ​ហ្នឹង ខាង​អាជ្ញាធរ​ថៃ ទាមទារ​ឲ្យ​គាត់​សង​ជំងឺ​ចិត្ត និង​ប្រាក់​ខែ​ផ្សេងៗ​ដល់​ក្រុម​គាត់។ តើ​គាត់​ទៅ​ធ្វើ​ការ​ថៅកែ​ធ្វើ​បាប​យ៉ាង​ម៉េច​ខ្លះ? ហើយ​ទាមទារ​ឲ្យ​តុលាការ​សម្រេច​ក្ដី​ឲ្យ​ថៅកែ​ចេញ​សង​នូវ​សំណង​ផ្សេងៗ​ហ្នឹង​ឯង»

លោក ឡត កែវ តំណាង​ប្រជាពលករ​ខ្មែរ​ទាំង ២១​នាក់ បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង ៤​នាក់ បាន​ចេញ​ដំណើរ​ពី​ប្រទេស​កម្ពុជា កាល​ពី​វេលា​ម៉ោង ៥ និង ៣០​នាទី​ល្ងាច ថ្ងៃ​ទី​៤ ខែ​តុលា ៖ «ទៅ​បាងកក​ហើយ ប៉ុន្តែ​មិន​ទាន់​បាន​ដឹង​ដំណឹង​មក​ទេ។ ជិះ​ឡាន​ធម្មតា...»

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ពលករ​ខ្មែរ ២១​នាក់ ត្រូវ​បាន​គេ​បញ្ជូន​មក​ស្រុក​ខ្មែរ​ពី​ក្រុង​បាងកក ប្រទេស​ថៃ ដោយ​មាន​មន្ត្រី​ស្ថានទូត​ខ្មែរ ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ អម​ដំណើរ។

លេខា​ទី​២ នៃ​ស្ថានទូត​ខ្មែរ​ប្រចាំ​ក្រុង​បាងកក ប្រទេស​ថៃ លោក សាយ កានី បាន​ឲ្យ​ដឹង​ថា ការ​បញ្ជូន​ពលករ​ខ្មែរ ២១​នាក់​មក​ស្រុក​ខ្មែរ​ គឺ​ជា​លើក​ទី​២ បន្ទាប់​ពី​ពលករ​ខ្មែរ​បី​នាក់​ត្រូវ​បាន​បញ្ជូន​មក​ជា​លើក​ទី​១ កាល​ពី​ពេល​ថ្មីៗ​នេះ។

ចំនួន​ពលករ​ខ្មែរ​ដែល​រដ្ឋាភិបាល​ខ្មែរ​អន្តរាគមន៍​មក​ស្រុក​ខ្មែរ​វិញ​ទាំង​ពីរ​លើក សរុប​មាន​ចំនួន ២៤​នាក់ ស្រី ១៧​នាក់ ប្រុស ៧​នាក់ ក្នុង​នោះ​មាន​ពលករ​ខ្មែរ​ចំនួន ៥​នាក់​ជា​បុរស​បាន​រត់​គេច​ខ្លួន​បាត់​នៅ​ក្នុង​ទឹក​ដី​ថៃ រហូត​មក​ទល់​សព្វថ្ងៃ។

កាល​ពី​ដើម​ឆ្នាំ​២០១០ ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ២៩​នាក់ ជា​អ្នក​រស់​នៅ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង ត្រូវ​បាន​មេ​ខ្យល់​នាំ​ទៅ​ជួញ​ដូរ​កម្លាំង​ពលកម្ម​ដោយ​គ្មាន​កម្រៃ​នៅ​ក្រុមហ៊ុន​ផលិត​ប្រហិត​ថៃ​មួយ នៅ​ស្រុក​មហាឆៃ ខេត្ត​សាមុតសាខន ប្រទេស​ថៃ៕