ក្រុមហ៊ុន ធី & ភី ដោះលែង​ពលករ​៥​នាក់

ក្រោយ​ពី​បាន​រង់ចាំ​អស់​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១១ ពលករ​ចំនួន ៥​នាក់ ដែល​ចង់​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះ​សម្បែង​វិញ ត្រូវ​បាន​ដោះលែង​ជា​ផ្លូវការ​ហើយ ក្រោម​កិច្ច​អន្តរាគមន៍​ជា​ច្រើន​ពី​តុលាការ អាជ្ញាធរ​ដែនដី និង​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ផង។

0:00 / 0:00

ក្រុមហ៊ុន ធី & ភី ខូអិលធីឌី (T & P Co., Ltd.) ដែល​រង​ការ​ចោទ​ថា បាន​បង្ខាំង​ពលករ​ខុស​ច្បាប់ និង​បិទ​សិទ្ធិ​សេរីភាព​ពលករ​កន្លង​មក បាន​សម្រេច​ដោះលែង​ពលករ​ជា​ស្ត្រី​ភេទ​ចំនួន ៥​នាក់ ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ​ហើយ នៅ​ថ្ងៃ​ទី​១០ ខែ​មីនា និង​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១១ ក្រោម​ការ​ទាមទារ​យ៉ាង​ទទូច​ដោយ​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី។

ស្ត្រី​ជា​ពលករ ៤​នាក់ ដែល​ត្រូវ​បាន​ដោះលែង​កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​មីនា កន្លង​ទៅ​នេះ មាន​ឈ្មោះ​ដូច​ត​ទៅ ៖ ទី​១ ឈ្មោះ សុខ ផល នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ទី​២ ឈ្មោះ សោម សុផារី នៅ​ក្នុង​ខេត្ត​កំពង់ធំ ទី​៣ ឈ្មោះ យ៉ាន ស្រីហួច នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ទី​៤ ឈ្មោះ សៅ ចន្ធូ នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ និង​ទី​៥​ចុង​ក្រោយ ត្រូវ​បាន​ដោះ​លែង​នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែ​មីនា មាន​ឈ្មោះ ស្រ៊ុន ច័ន្ទណាង អាយុ ២៤​ឆ្នាំ នៅ​ក្នុង​ខេត្ត​កំពង់ចាម។

តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោកស្រី មូរ សុខហួរ បាន​មាន​ប្រសាសន៍​ប្រកាស​នៅ​មុខ​ក្រុមហ៊ុន ធី & ភី នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែ​មីនា ថា ក្រុមហ៊ុន​មិន​ទាមទារ​យក​បំណុល​វិញ​ទេ ៖ «យើង​បាន​ដោះស្រាយ​បញ្ហា​ទាំង ៥​នេះ ករណី​ទាំង​៥ ដោយ​ជោគជ័យ។ ក្នុង​នាម​នាង​ខ្ញុំ​ជា​អ្នក​តំណាងរាស្ត្រ ខ្ញុំ​សប្បាយ​ចិត្ត​ដោយ​មាន​កិច្ច​សហការ​រួម​គ្នា»

ពលករ​ឈ្មោះ ស៊្រុន ច័ន្ទណាង អាយុ ២៤​ឆ្នាំ ដែល​មាន​សេរីភាព​ទៅ​ផ្ទះ​សម្បែង​វិញ​អម​ដំណើរ​ដោយ​ម្ដាយ និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស បាន​ថ្លែង​ទាំង​ទឹក​មុខ​ញញឹម​ថា ៖ «សប្បាយ បាន​ទៅ​ផ្ទះ»

ម្ដាយ​របស់​ពលករ​ឈ្មោះ ស៊្រុន ច័ន្ទណាង គឺ​លោកស្រី ឡេង ឈុនលី អាយុ ៥៤​ឆ្នាំ មក​ពី​ខេត្ត​កំពង់ចាម បាន​ថ្លែង​ថា ៖ «បាន​គាត់​ជួយ​ឲ្យ​រួច​ពី​ក្រុមហ៊ុន​ហ្នឹង។ វា​ចង់​មក​ដោយ​ខ្លួន​វា ដល់​ពេល​ឃើញ​អ៊ីចឹង​ទៅ​វា​ខ្លាច»

តំណាង​សមាគម​ជ្រើសរើស​ពលករ និង​តំណាង​ក្រុមហ៊ុន ធី & ភី បាន​បដិសេធ​មិន​ផ្ដល់​អត្ថាធិប្បាយ​អ្វី​ទេ នៅ​ពេល​អ្នក​កាសែត​ព្យាយាម​សាកសួរ​សុំ​សេចក្ដី​ប្រតិកម្ម។

ព្រះរាជអាជ្ញា​រង​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ បាន​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា ជា​ការ​ជោគជ័យ​នៅ​ថ្ងៃ​នេះ។

ការ​ដោះលែង​នេះ​បាន​ចូល​រួម​ដោយ​មន្ត្រី​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៃ​ក្រសួង​មហាផ្ទៃ លោក ជីវ ផល្លី ព្រះរាជអាជ្ញា​រង​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ តំណាង​សមាគម​ជ្រើសរើស​ពលករ​ទៅ​ក្រៅ​ប្រទេស និង​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី។

ការ​ដោះលែង​នេះ គឺ​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​មាន​រឿង​អាស្រូវ​ផ្ទុះ​ឡើង​នៅ​ក្នុង​ក្រុមហ៊ុន ធី & ភី ថ្មីៗ​នេះ។

កាល​ពី​យប់​ថ្ងៃ​ទី​១ ខែ​មីនា ពលករ​ម្នាក់​ឈ្មោះ ហេង ហាក់ អាយុ ៣១​ឆ្នាំ មក​ពី​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ បាន​សម្រេច​ចិត្ត​លោត​ចេញ​ពី​អគារ​ក្រុមហ៊ុន​កម្ពស់ ៣​ជាន់ បណ្ដាល​ឲ្យ​បាក់​ជើង​ទាំង​២ ដោយសារ​តែ​ពលករ​រូប​នេះ​នឹក​កូន​ពេក ប៉ុន្តែ​ក្រុមហ៊ុន​មិន​អនុញ្ញាត​ឲ្យ​ទៅ​សួរ​សុខ​ទុក្ខ​កូន​ជា​ច្រើន​ខែ​មក​ហើយ។

នៅ​យប់​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១១ ពលករ​ម្នាក់​ទៀត​ឈ្មោះ ស៊ឹង ស៊ីណា អាយុ ៣៥​ឆ្នាំ មក​ពី​ខេត្ត​កំពង់ចាម បាន​ដេក​ស្លាប់​នៅ​ក្នុង​ក្រុមហ៊ុន​នេះ ដោយសារ​គាំង​បេះដូង៕