សកម្មជន​អ្នក​តវ៉ា​រឿង​ដីធ្លី​ម្នាក់ ត្រូវ​គេ​លួច​បាញ់​នៅ​ខេត្ត​សៀមរាប

អង្គការ​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ កំពុង​ធ្វើការ​ស៊ើប​អង្កេត​យ៉ាង​យកចិត្ត​ទុកដាក់​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ដី​ធ្លី​មួយ​ចំនួន​ ដែល​កំពុង​តាំង​លំនៅ​លើ​ដី​ហាមឃាត់​នៅ​ក្នុង​ស្រុក​បន្ទាយស្រី ​ខេត្ត​សៀមរាប​ បន្ទាប់ពី​អ្នក​តវ៉ា​ដី​ធ្លី​ម្នាក់​ក្នុង​ចំណោម​នោះ​ បាន​អះអាង​ថា រូប​គេ​ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​លួច​បាញ់​ប៉ុនប៉ង​ប្រហារ​មិន​បាន​សម្រេច​មក។​

សកម្មជន​អ្នក​តវ៉ា​រឿង​ដីធ្លី​ម្នាក់ ដែល​កំពុង​រស់​នៅ​ក្នុង​សហគមន៍​​លើ​ដី​គម្រប​ព្រៃឈើ​នៃ​​ឧទ្យាន​ជាតិ​ម្ដុំ​​តំបន់​ចំបក់​បី​ដើម​ ក្នុង​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី​ជាប់​ជើង​ភ្នំ​គូលែន បាន​នាំ​ប្រពន្ធ និង​កូន​ចាក ចេញ​ចោល​ផ្ទះ​ ដើម្បី​សម្បែង​ស្វែងរក​កន្លែង​សុវត្ថិភាព​ជា​បណ្ដោះអាសន្ន​ ដោយសារ​តែ​ការ​ភ័យ​ខ្លាច​ដែល​គាត់​អះអាង​ថា មាន​ជន​មិន​ស្គាល់​មុខ​ប្រដាប់​ដោយ​អាវុធ បាន​លប​បាញ់​មក​លើ​រូប​គាត់​នៅ ពេល​យប់​កាល​ពី​ពេល​ថ្មីៗ នេះ។

លោក លួន អេង អាយុ ៤៤ ឆ្នាំ មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ថា មាន​ជន​ប្រដាប់​អាវុធ​មិន​ស្គាល់​មុខ បាន​លប​លួច​បាញ់​ប្រហារ​រូប​គាត់​កាល​ពី​រាត្រី​ថ្ងៃ​ទី​២៦ ខែ​កក្កដា​កន្លង​ទៅ ៖ «ម៉ោង ១២ (យប់) ខ្ញុំ​នៅ​កំពុង​ចាប់​ត្រី​ទំនប់​វា​ចុះ​ភ្លៀង​ ដល់​ពេល​ខ្ញុំ​ចាប់​ត្រី​រួច​ហើយ​ខ្ញុំ​មក(ផ្ទះ)។ ហើយ​មក​ដល់​ខ្ញុំ​ធ្វើ​ត្រី​​វា​ចូល​ម៉ោង​ ១២ កន្លះ (យប់) បាញ់​មក​ខ្ញុំ​តែ​ម្ដង។ ឮ​ត្រូវ​ជញ្ជាំង​ស្លឹក​ដូង។ គេ​បាញ់​ខ្ញុំ​ស្ទុះ​ក្រោក​ឈរ​កាន់​ផ្គាក់​គឹប​ចុះ​ទៅ​គេ​គេច​ចូល​ដុប​បណ្ដោយ»។

បុរស​ដដែល​មាន​ប្រសាសន៍​ថា រូប​លោក​គឺ​ជា​អ្នក​ធ្លាប់​បាន​តវ៉ា​យ៉ាង​សកម្ម​​ចំពោះ​ការ​ទាមទារ​ដី​ធ្លី​នៅ​តំបន់​នោះ និង​ធ្លាប់​បាន​ឡើង​បញ្ចេញ​មតិ​រិះគន់​តំណាង​សហគមន៍​ដី​ធ្លី​នៅ​ទីនោះ​ផង នៅ​ក្នុង​វេទិកា​សាធារណៈ ដែល​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា កាល​ពី​ពេល​ថ្មីៗ កន្លង​ទៅ។

ទោះ​ជា​យ៉ាង​ណា​ក្ដី លោក ធួន នឿម ដែល​ជា​តំណាង​សហគមន៍​នៅ​ទីនោះ​ថ្លែង​ថា លោក​ពុំ​បាន​ដឹង​ អំពី​រឿងរ៉ាវ ដែល​ថា​មាន​ការ​លួច​បាញ់​ប៉ុនប៉ង​ធ្វើ​ឃាត​មក​លើ​សមាជិក​របស់​លោក​នោះ​ទេ។

លោក ធួន នឿម បន្ត​ថា លោក​បាន​សាកសួរ​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​ជិតៗ ផ្ទះ​របស់​បុរស​ឈ្មោះ​លួន អេង នោះ​ដែរ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​បាន​ឆ្លើយ​ថា គេ​មិន​បាន​​ឮ​សូរ​គ្រាប់​កាំភ្លើង​ដែល​បាញ់​ណា​មួយ​ទេ​ ហើយ​បុរស​ឈ្មោះ លួន អេង ក៏​ពុំ​ធ្លាប់​មាន​ទំនាស់​ជាមួយ​អ្នក​ណា​ដែរ។

បើ​ទោះ​បី​ជា​តំណាង​សហគមន៍​ទី​នោះ​អះអាង​ថា គេ​ពុំ​បាន​ដឹង​ថា​មាន​អំពើ​លប​បាញ់​សមាជិក​របស់​គេ​ក៏​ដោយ​ ក៏​អង្គការ​សិទ្ធិមនុស្ស ​និង​មន្ត្រី​ប៉ូលិស​ អះអាង​ថា ពិត​ជា​មាន​ស្នាម​គ្រាប់​កាំភ្លើង និង​ស្លាក​ស្នាម​ភស្តុតាង​ខ្លះ​ទៀត ដែល​គេ​រក​ឃើញ​នៅ​ផ្ទះ​ជន​រងគ្រោះ។

លោក​ ភិន​ ចយ​ ប្រធាន​ប៉ុស្តិ៍​នគរបាល​ឃុំ​ត្បែង មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ លោក​មិន​ទាន់​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​គ្រួសារ​ជន​រងគ្រោះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ ​លោក​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​លប​លួច​បាញ់​ពី​ជន​ប្រដាប់​អាវុធ​មិន​ស្គាល់​មុខ​មែន។

លោក​ ភិន​ ចយ៖ «បាញ់​ដោយ​គ្រាប់​កាំភ្លើង​មែន​ហ្នឹង​ឯង។ បាញ់​ទៅៗ ត្រូវ​សសរ​ផ្ទះ។ មិន​ដឹង​បាញ់​សំដៅ​យ៉ាង​ម៉េច​អី​ម៉េច​មិន​ដឹង​ដែរ។ តាម​គេ​ប្រាប់​ខ្ញុំ​ថា ឃើញ​សំបក​ការទុស្ស​សំបក​អី​​នៅ​អែប​របង​ចម្ងាយ​ពី​ផ្ទះ ១៧ ម៉ែត្រ​ទៅ ១៨ ម៉ែត្រ​នោះ ដែល​គេ​ចង្អុល​បង្ហាញ​នោះ​វា​មិន​ដឹង​ថា ឈរ​ត្រង់​នោះ​មែន​ឬ​អី។ ប៉ុន្តែ​សំបក​ការទុស្ស​ដែល​រក​ឃើញ​ក្នុង​រង្វង់​កាំ​នោះ​ឯង»។

លោក​ ឈឹម សាវុធ អ្នក​ស៊ើបអង្កេត​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ដែល​បាន​ចុះ​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅដល់​កន្លែង​កើតហេតុ​ បាន​អះអាង​ថា ​នៅ​នឹង​ផ្ទះ​បុរស​នោះ គេ​បាន​រក​ឃើញ​សសរ​ឈើ​មួយ​ដើម​នៅ​ក្នុង​ផ្ទះ បាន​រង​គ្រាប់​កាំភ្លើង និង​ជញ្ជាំង​ស្លឹក​ដូង​ក៏​បាន​ធ្លុះ​ធ្លាយ​ដោយសារ គ្រាប់​កាំភ្លើង​ដែរ។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ ដែល​កំពុង​ស៊ើបអង្កេត​ករណី​នេះ​ មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង អំពី​សុវត្ថិភាព​ក្រុម​គ្រួសារ​របស់​បុរស​ឈ្មោះ លួន អេង និង​មនុស្ស​មួយ​ចំនួន​ទៀត ដែល​ជា​អ្នក​ជិត​ស្និទ្ធ​ជាមួយ​លោក លួន អេង ដែល​កំពុង​រស់​នៅ​ក្នុង​ភូមិ​នៅឡើយ​៕