ប្រទេសមហាអំណាចខាងសព្វាវុធ ដូចជា សហរដ្ឋអាមេរិក ចិន រុស្ស៊ី ចក្រភពអង់គ្លេស និង ប្រទេសអាល្លឺម៉ង់ គេរំពឹងថា នឹងបញ្ជូនតំណាងមកចូលរួមដែរ។
មន្ត្រីជាន់ខ្ពស់ខាងបោសសំអាតគ្រាប់មីន នៅប្រទេសកម្ពុជា បានប្រកាសថា កម្ពុជានឹងរៀបចំកិច្ចប្រជុំអន្តរជាតិធំមួយ នៅថ្ងៃទី ២៧ ខែវិច្ឆិកា ដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១១។
កិច្ចប្រជុំនេះ នឹងពិនិត្យមើលឡើងវិញលើប្រទេសហត្ថលេខីនានា រាប់ទាំងប្រទេសកម្ពុជាផង ថាតើបានអនុវត្តតាមអនុសញ្ញាអន្តរជាតិ ស្ដីពីការលុបបំបាត់គ្រាប់មីន បានប្រសិទ្ធភាពយ៉ាងណា។
កិច្ចប្រជុំខាងមុខនោះ គឺធ្វើជាលើកដំបូងនៅប្រទេសកម្ពុជា ដែលជាប្រទេសហត្ថលេខីនៃអនុសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់មីន។ កិច្ចប្រជុំនេះ គេបានធ្វើឡើងនៅរៀងរាល់ ៥ ឆ្នាំម្តង ដើម្បីតាមដានការអនុវត្តតាមអនុសញ្ញាអន្តរជាតិនេះ ដែលត្រូវបានអនុម័ត នៅឆ្នាំ ១៩៩៧ កន្លងទៅ ដែលគេស្គាល់ថា អនុសញ្ញាក្រុង អូតាវ៉ា (Ottawa) នៃប្រទេសកាណាដា។
អនុប្រធានអាជ្ញាធរមីនកម្ពុជា លោក ប្រាក់ សុខុន និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កិច្ចប្រជុំខាងមុខនេះ គឺមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់កម្ពុជា ដែលបានរងគ្រោះដោយសារគ្រាប់មីនយ៉ាងធ្ងន់ធ្ងរកន្លងមក។
លោក ប្រាក់ សុខុន៖ «គឺជាឱកាស ដើម្បីឲ្យយើងបញ្ជាក់អះអាងសាជាថ្មីអំពីឆន្ទៈរបស់កម្ពុជាយើង ក្នុងការបញ្ចប់ ក្នុងលុបបំបាត់ឲ្យអស់គ្រាប់មីននៅលើទឹកដីរបស់យើង។ ដោះមីនឲ្យអស់ពីទឹកដី ដែលរងផលប៉ះពាល់នេះ ផ្ដល់សុវត្ថិភាពដល់ប្រជាពលរដ្ឋយើង និងផ្ដល់ឱកាស ដើម្បីធ្វើការអភិវឌ្ឍន៍ ហើយក៏ជាឱកាសមួយសម្រាប់កម្ពុជា ចែករំលែកនូវបទពិសោធន៍ ដែលខ្លួនមាន នៅក្នុងវិស័យសកម្មភាពមីននេះ»។
នាយកអង្គភាពគាំទ្រការអនុវត្តអនុសញ្ញានេះ គឺលោក ខេរី ប្រីនកឺត (Kerry Brinkert) មានប្រសាសន៍ថា នេះជាឱកាសដ៏ល្អមួយសម្រាប់ឲ្យប្រទេសនានា នៅលើពិភពលោក រំលឹកឡើងវិញថា តើគេអនុវត្តន៍តាមអនុសញ្ញានោះ បានប៉ុណ្ណាហើយ។
លោក ខេរី ប្រីនកឺត៖ «វាជាឱកាសដ៏ល្អមួយទៀត ដើម្បីចាត់វិធានការបន្តទៀត និងការបញ្ជាក់គោលជំហរជាថ្មី ចំពោះការអនុវត្តកន្លងមក នៅមិនទាន់បានពេញលេញនៅឡើយ»។
កិច្ចប្រជុំខាងមុខនេះ ក៏នឹងពិនិត្យលើសំណើពីប្រទេសចំនួន ៤ គឺប្រទេសអាល់ហ្សេរី ប្រទេសស៊ីលី សាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ និងប្រទេសអេរីត្រេ ដែលបានស្នើសុំពន្យារពេលការចុះហត្ថលេខាលើអនុសញ្ញានោះចំនួន ១០ ឆ្នាំទៀត នៅគ្រាដែលឱសានវាទសម្រាប់ប្រទេសនេះ នឹងផុតកំណត់នៅឆ្នាំ ២០១២ ខាងមុខ។
ប្រទេសនានា នៅតំបន់អាស៊ាន ដែលបានចុះហត្ថលេខាលើអនុសញ្ញាក្រុងអូតាវ៉ានោះ មានដូចតទៅ៖ កម្ពុជា ថៃ ហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី និងប្រទេស ឥណ្ឌូនេស៊ី។ ចំណែកឯប្រទេស ដែលមិនទាន់បានចុះហត្ថលេខានោះ មានដូចជា ប្រទេសវៀតណាម ឡាវ ភូមា និងប្រទេសសឹង្ហបុរី។
ប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុសញ្ញាក្រុងអូតាវ៉ា នៅឆ្នាំ ១៩៩៧។ ប្រទេសកម្ពុជា បានបោសសំអាតគ្រាប់មីន តាំងពីឆ្នាំ ១៩៩២ រហូតដល់ពេលនេះ គឺបានចំនួនជិត ៧ លាន គ.មក្រឡាហើយ។
ប្រទេសកម្ពុជា គ្រោងស្នើសុំពន្យារពេលដោះមីនរយៈពេល ១០ ទៀត ចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៩ ដែលនឹងត្រូវចំណាយថវិកាចំនួន ៤៥៥ លានដុល្លារអាមេរិកពីប្រទេសម្ចាស់ជំនួយ៕
