ថ្ងៃ​តវ៉ា​ចុង​ក្រោយ​របស់​អ្នក​ភូមិ​បឹង​កក់​នៅ​ទីលាន​សេរីភាព

កម្មករ​វាយ​កម្ទេច​ផ្ទះ​នៅ​តំបន់​បឹង​កក់​ត្រូវ​បាន​ផ្ទាំង​ថ្ម​ដួល​រំលំ​លើ បណ្ដាល​ឲ្យ​រង​បួស​ធ្ងន់ធ្ងរ ខណៈ​ដែល​អ្នក​ភូមិ​បឹង​កក់​ជា​ច្រើន​គ្រួសារ​ផ្សេង​ទៀត កំពុង​តែ​តវ៉ា​នៅ​ទី​លាន​សេរីភាព។

0:00 / 0:00

យុវ​និស្សិត​មួយ​រួប​នៅ​តំបន់​បឹង​កក់ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ មករា ឆ្នាំ​២០១១ ថា​កម្មករ​ស៊ី​ស្នូល​វាយ​កម្ទេច​ផ្ទះ​នៅ​តំបន់​បឹង​កក់​ម្នាក់​រង​របួស​ ក្បាល​ធ្ងន់ធ្ងរ ដោយ​សារ​តែ​បំណែក​ថ្ម​ដួល​រំលំ​សង្កត់​លើ នៅ​ខណៈ​ដែល​គេ​កំពុង​វាយ​ផ្ទះ​របស់​អ្នក​ភូមិ​បឹង​កក់​តាម​បញ្ជា​របស់​ ក្រុមហ៊ុន​ស៊ួកាគួ (Shukaku)។

យុវ​សិស្ស​ឈ្មោះ សួង សុភ័ណ្ឌ និង​ជា​ប្រធាន​សហ​សម្ព័ន្ធ​មិត្ត​កុលបុត្រ​ខ្មែរ​អ្នក​ស្នេហា​ជាតិ ដែល​បាន​ជួយ​សង្គ្រោះ​កម្មករ​រង​របួស​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ កាល់ម៉ែត្រ បន្ទាប់​ពី​រង​បួស​ភ្លាមៗ នៅ​ព្រឹក​ថ្ងៃ​ទី​៩ មករា នេះ​ថា អ្នក​ដែល​រង​របួស​នេះ​ឈ្មោះ សៅ វណ្ណនី អាយុ ៣២​ឆ្នាំ បាន​ស៊ី​ឈ្នួល​ម្ចាស់​ផ្ទះ​ដែល​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន​ស៊ួកាគួ ចំនួន ៨.៥០០​ដុល្លារ និង​លុយ​ខ្មែរ ២​លាន​រៀល ដោយ​បង្ខំ ប៉ុន្តែ​ត្រូវ​គ្រោះ​ថ្នាក់​ដោយ​សារ​ជញ្ជាំង​ផ្ទះ​ថ្ម​ដួល​រំលំ​លើ​ខ្លួន ហើយ​ឥឡូវ​នេះ​ស្ថានភាព​អ្នក​ជំងឺ​នៅ​ក្នុង​ភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ។

យុវសិស្ស សួង សុភ័ណ្ឌ ឲ្យ​ដឹង​ទៀត​ថា ៖ «បែក​ក្បាល​ត្រូវ​លលាដ៍​ក្បាល​ពី​ក្រោយ​ផង ហើយ​បែក​ពី​មុខ​ផង ថ្នាក់​ហ្នឹង។ ឥឡូវ​ហ្នឹង​ខ្ញុំ​កំពុង​តែ​ព្យាយាម​ធ្វើ​ម៉េច​ឲ្យ​ពេទ្យ​ហ្នឹង​ជួយ​ឲ្យ​មែន​ទែន ប៉ុន្តែ​មិន​ដឹង​ពេទ្យ​ហ្នឹង​ជួយ​គាត់​បាន​ប៉ុណ្ណា ហើយ​ខ្ញុំ​សង្ឃឹម​ថា ជីវិត​គាត់​នឹង​ថ្លៃ»

ការ​រង​គ្រោះ​ថ្នាក់​របស់​កម្មករ​ស៊ី​ស្នូល​គេ​វាយ​កម្ទេច​ផ្ទះ​នេះ នៅ​ខណៈ​ដែល​អ្នក​ភូមិ​បឹង​កក់​ផ្សេង​ទៀត ប្រមាណ ២០០​នាក់ កំពុង​តែ​ធ្វើ​ការ​តវ៉ា​នៅ​ទី​លាន​សេរីភាព ក្នុង​ទីក្រុង​ភ្នំពេញ ដែល​ជា​ថ្ងៃ​បញ្ចប់​ការ​តវ៉ា ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​ជួន​ពួក​គេ​ឲ្យ​បាន​សមរម្យ​ក្នុង​ការ​អភិវឌ្ឍ​បឹង​កក់​របស់​ក្រុមហ៊ុន​ស៊ូកាគូ ប៉ុន្តែ​ការ​តវ៉ា​រយៈ​ពេល ៧​ថ្ងៃ​ជាប់ៗ​គ្នា​កន្លង​មក​នេះ​គ្មាន​មន្ត្រី​រដ្ឋាភិបាល​ណា​ម្នាក់​ចេញ​មុខ​ដោះ​ស្រាយ​ជួន​ពួក​គេ​នៅ​ឡើយ ដែល​អ្នក​ភូមិ​រួម​ទាំង​ក្មេងៗ​ផង​នោះ បាន​ស្រែក​អំពាវនាវ​រក​យុត្តិធម៌​ពី​រដ្ឋាភិបាល។

អ្នក​ភូមិ​ជា​ច្រើន​ដែល​ធ្វើ​ការ​តវ៉ា​នៅ​ទីលាន​សេរីភាព​នេះ មក​ពី ៧​ភូមិ​នៃ​អ្នក​ភូមិ​បឹង​កក់ ក្នុង​គោល​បំណង​ទាម​ទារ​ចំនួន​ពីរ​ចំណុច គឺ​សុំ​ឲ្យ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ ផ្ដល់​ដី​ឲ្យ​ពួក​គេ​ទំហំ ១៥​ហិកតារ សម្រាប់​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង និង​ផ្ដល់​សំណង​ឲ្យ​អ្នក​ចាក​ចេញ​ចំនួន ១.៥០០​ដុល្លារ​ក្នុង​ផ្ទៃ​ដី ១​ម៉ែត្រ​ការ៉េ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ដំណោះ​ស្រាយ​នោះ​ទេ ៖ «ការ​អភិវឌ្ឍ​ត្រូវ​អភិវឌ្ឍ​ជាយ​ដែន ជនជាតិ​យួន ជន​ជាតិ​សៀម លួច​ដី​ខ្មែរ​អស់​ហើយ សៀម​ចូល​ខ្មែរ ៧​នាក់ ផ្អើ​អស់​ពិភពលោក ហេតុ​អី​មក​យក​ដី​ខ្ញុំ​នៅ​បឹងកក់? ខ្ញុំ​មិន​ព្រម​ចេញ​ពី​ផ្ទះ​ខ្ញុំ​ជា​ដាច់​ខាត ខ្ញុំ​សុខ​ចិត្ដ​ស្លាប់​នៅ​ផ្ទះ​ខ្ញុំ​នៅ​បឹងកក់»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញ​បាន​ទេ នៅ​ថ្ងៃ​អាទិត្យ ទី​៩ មករា។ អភិបាល​រង​ខណ្ឌ​ដូនពេញ លោក សុខ ពេញ​វុធ មិន​អធិប្បាយ​លើ​ករណី​អ្នក​ភូមិ​បឹង​កក់​តវ៉ា​នេះ​ទេ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា ករណី​អ្នក​របួស​ដោយ​សារ​រំលំ​ផ្ទះ​សង្កត់​នេះ លោក​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។

ទោះ​យ៉ាង​ណា មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក អ៊ួច ឡេង ដែល​បាន​ឃ្លាំ​មើល​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹង​កក់​នោះ បាន​អះអាង​ថា ការ​អភិវឌ្ឍ​តំបន់​បឹង​កក់​របស់​ក្រុមហ៊ុន​ស៊ូកាគូ ប៉ះ​ពាល់​លំនៅឋាន​ជាង ៤​ពាន់​គ្រួសារ​នេះ គឺ​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ​ជួន​ប្រជាពលរដ្ឋ​នោះ​ទេ។

លោក អ៊ួច ឡេង មាន​ប្រសាសន៍​បន្ថែម ៖ «គ្រាន់​តែ​សម្ដី​របស់​រដ្ឋាភិបាល ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​លទ្ធិប្រជាធិបតេយ្យ​តែ​ប៉ុណ្ណោះ តែ​ការ​អនុវត្ត​ជាក់​ស្ដែង រដ្ឋាភិបាល​គាត់​បាន​ទាត់​ចោល​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស ក៏​ដូច​ជា​សិទ្ធិ​ដីធ្លី»

នៅ​ថ្ងៃ​ទី​៩ មករា ជា​ថ្ងៃ​បញ្ចប់​នៃ​ការ​តវ៉ា​នៅ​ទីលាន​សេរីភាព​របស់​អ្នក​ភូមិ​បឹង​កក់ ដែល​បាន​ចាប់​ផ្ដើម​តវ៉ា​តាំង​ពី​ថ្ងៃ​ទី​៣ មករា មក​នោះ ពួក​គេ​បាន​នាំ​គ្នា​ដង្ហែ​ក្បួន​ឆ្ពោះ​ទៅ​ទី​កន្លែង​រួប​សំណាក​លោក​យាយ​ដូន​ពេញ នៅ​ខាង​ត្បូង​វត្ត​ភ្នំ នៅ​វេលា​ម៉ោង​ប្រមាណ ៤​ល្ងាច ដើម្បី​ធ្វើ​ការ​បួង​សួង​តាម​ព្រះ​ពុទ្ធ​សាសនា សុំ​ឲ្យ​ជួយ​បន្ទន់​ចិត្ត​មេ​ដឹក​នាំ​រដ្ឋាភិបាល និង​ភាគី​ក្រុមហ៊ុន ក្នុង​ការ​ដោះ​ស្រាយ​ជួន​ពួក​គេ។

ការ​នាំ​គ្នា​ដង្ហែ​ក្បួន​របស់​អ្នក​ភូមិ​បឹងកក់ ទៅ​ទី​កន្លែង​រួប​សំណាក​លោក​យាយ​ដូន​ពេញ នៅ​ក្រោយ​ពេល​អ្នក​ភូមិ​ទាំង​នេះ បាន​ធ្វើការ​តវ៉ា​រយៈ​ពេល ៧​ថ្ងៃ នៅ​​ឯ​ទីលាន​សេរីភាព ដែល​ពួកគាត់​បាន​ឈប់​រក​ស៊ី និង​ធ្វើ​ការងារ​របស់​ខ្លួន ដើម្បី​មក​តវ៉ា​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​ពួកគេ ផ្ទុយ​ទៅ​វិញ រហូត​ដល់​ថ្ងៃ​បញ្ចប់​នេះ ក្តី​អស់​សង្ឃឹម​របស់​ពួកគាត់​នៅ​តែ​បន្ត​កើត​មាន​ដដែល។

អ្នកស្រី តុល ស្រីពៅ បាន​លើក​ឡើង​ថា អ្នកស្រី​មិន​ចង់​ឃើញ​ក្តី​ឈឺ​ចាប់ និង​ទុក្ខ​វេទនា​កើត​មាន​ចំពោះ​គ្រួសារ​គាត់ និង​អ្នក​ភូមិ​បឹងកក់​ទៀត​ទេ នៅ​ក្រោយ​ពេល​ជាង ៣០​ឆ្នាំ​ដែល​ពួកគាត់​បាន​ចាប់​ផ្តើម​កសាង​ជីវិត​ថ្មី បន្ទាប់​ពី​របប​ខ្មែរ​ក្រហម​ដួល​រលំ ហើយ​មាន​ផ្ទះសម្បែង​រស់​នៅ​សមរម្យ​នៅ​តំបន់​បឹងកក់ នៅ​ក្នុង​សង្គម​បច្ចុប្បន្ន ប៉ុន្តែ​ការ​រស់​នៅ​សុខសាន្ត​នេះ គ្មាន​ទៀត​ទេ​សម្រាប់​គ្រួសារ​ពួកគាត់ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ចូល​ទៅ​ធ្វើការ​អភិវឌ្ឍ​តំបន់​បឹងកក់​នោះ​មក។

អ្នកស្រី តុល ស្រីពៅ បន្ត​ថា ៖ «កាល​ពី​ជំនាន់ ប៉ុល ពត ទេ ដែល​ជិះជាន់​ប្រជាពលរដ្ឋ តែ​ក្រុមហ៊ុន​ស៊ូកាគូ និង​សាលាក្រុង បែរ​ជា​ជិះជាន់​បំពាន​ប្រជាពលរដ្ឋ​លើស​ពី​ជំនាន់ ប៉ុល ពត ទៅ​ទៀត។ កាល​ពី​ជំនាន់ ប៉ុល ពត គេ​គ្រាន់​តែ​ជម្លៀស​ប្រជាជន​ចេញ​ទេ តែ​ជំនាន់​នេះ​គេ​បាន​បូម​ខ្សាច់​ពន្លិច​ផ្ទះ​ប្រជាជន​ទាំង​រស់​វិញ។ ពួក​ខ្ញុំ​យល់​ឃើញ​ថា សម័យ​នេះ​វា​អយុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ​ណាស់»

នៅ​ឯ​ទីលាន​សេរីភាព នៅ​ក្បែរ​ស្ថានទូត​សហរដ្ឋ​អាមេរិក នា​ទីក្រុង​ភ្នំពេញ ដែល​ជា​ទី​កន្លែង​អ្នក​ភូមិ​ទៅ​សម្ដែង​ការ​តវ៉ា ទាមទារ​រក​យុត្តិធម៌​ពី​រដ្ឋាភិបាល​នេះ គេ​ក៏​សង្កេត​ឃើញ​ក្មេងៗ ដែល​ជា​កូនៗ​របស់​អ្នក​ភូមិ​ក៏​បាន​ទៅ​ចូល​រួម​ធ្វើការ​តវ៉ា​ជាមួយ​ឪពុក​ម្ដាយ​របស់​ពួកគេ​ផង​ដែរ។

កុមារី សុគន្ធ កញ្ញា រៀន​ថ្នាក់​ទី​៤ បាន​រៀបរាប់​ដូច្នេះ ៖ «ជួយ​តវ៉ា​ដើម្បី​យក​ដីធ្លី ក្រុមហ៊ុន​អភិវឌ្ឍន៍​ត្រូវ​ឲ្យ​សំណង​តាម​ទីផ្សារ។ ខ្ញុំ​ភ័យ​ខ្លាច​ថ្ងៃ​ណា​មួយ​ខ្សាច់​មក​សង្កត់​លើ​ផ្ទះ​ខ្ញុំ ធ្វើ​ឲ្យ​បាត់បង់​បង​ប្អូន​ខ្ញុំ ធ្វើ​ឲ្យ​បាត់បង់​ប៉ា​ម៉ាក់​ខ្ញុំ»

ទោះ​ជា​យ៉ាង​ណា ក្រុម​អ្នក​ភូមិ​បាន​អះអាង​ថា ទោះ​បី​ជា​កន្លង​មក​ពួកគេ​ធ្លាប់​ធ្វើការ​តវ៉ា និង​ដាក់​លិខិត​សុំ​អន្តរាគមន៍​ទៅ​លោក​នាយករដ្ឋមន្ត្រី​ជា​បន្ត​បន្ទាប់ ហើយ​គ្មាន​ដំណោះស្រាយ​ក្តី ប៉ុន្តែ​ពួកគេ​បាន​លើក​ឡើង​ថា ពួកគេ​នៅ​តែ​ធ្វើការ​តវ៉ា​ជា​បន្ត​ទៀត​នៅ​ពេល​ខាង​មុខ។

លោក អ៊ួច ឡេង បាន​បញ្ជាក់​ថា មាន​ផ្ទះ​អ្នក​ភូមិ​ប្រមាណ​ជាង ១០០​ខ្នង ដែល​ក្រុមហ៊ុន​បាន​បូម​ខ្សាច់​ពន្លិច​ផ្ទះ​អ្នក​ភូមិ​រហូត​មក​ទល់​ពេល​នេះ ៖ «គឺ​ជា​រូបភាព​មួយ​ដែល​សាហាវ​ព្រៃផ្សៃ​ជា​ទីបំផុត ដែល​មិន​ទុក​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​រើ ប្រមូល (អីវ៉ាន់) មិន​ទាន់​មាន​ដំណោះស្រាយ​ជា​ផ្លូវការ​អ្វី​មួយ​ទាល់​តែ​សោះ មិន​ទាន់​បាន​ឆ្លើយ​តប​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ទាល់​តែ​សោះ បែរ​ជា​បូម​ខ្សាច់​ស្ងាត់ៗ ពន្លិច​ផ្ទះ​របស់​ប្រជាពលរដ្ឋ»

នៅ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១១​នេះ ក្រុម​អ្នក​ភូមិ​បឹងកក់ ដែល​ធ្វើការ​តវ៉ា​នេះ ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​បាន​សរសេរ​ថា ក្រុមហ៊ុន​ស៊ូកាគូ បាន​ចាប់​ផ្ដើម​បូម​ខ្សាច់​ពន្លិច​ផ្ទះ​អ្នក​ភូមិ​កាល​ពី​ថ្ងៃ​ទី​២៨ សីហា ឆ្នាំ​២០០៨​មក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នូវ​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ ហើយ​កង​សន្តិសុខ​របស់​ក្រុមហ៊ុន​បាន​គំរាមកំហែង និង​បំបិទ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ពេល​ធ្វើការ​ប្រជុំ និង​ប្រើ​អំពើ​ហិង្សា​នៅ​ពេល​ធ្វើការ​តវ៉ា​នា​ពេល​កន្លង​មក​ជាដើម។

សេចក្ដី​ថ្លែងការណ៍​នេះ បាន​ទទូច​សុំ​ទៅ​រដ្ឋាភិបាល​បង្កើត​គណៈកម្មាធិការ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់ ដើម្បី​ទទួល​បាន​យុត្តិធម៌ និង​តម្លាភាព​តាម​យុទ្ធសាស្ត្រ​ឈ្នះ​របស់​រដ្ឋាភិបាល។

សាលា​រាជធានី​ភ្នំពេញ បាន​ជួល​ដី​តំបន់​បឹកក់ ដែល​មាន​ផ្ទៃ​ដី​សរុប​ប្រមាណ ១៣៣​ហិកតារ​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគូ រយៈពេល ៩៩​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០០៧​មក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន ៤.២៥២​គ្រួសារ ដែល​ប្រជាពលរដ្ឋ​ទាំង​នោះ មួយ​ចំនួន​បាន​រស់​នៅ​តំបន់​បឹងកក់ តាំង​ពី​ឆ្នាំ​១៩៧៩​មក៕