មេធាវី​សមរង្ស៊ី​បន្ត​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ក្នុង​ការ​គប់​គ្រាប់​បែក​ឆ្នាំ​១៩៩៧

មេធាវី​ជើង​ចាស់​ការពារ​សិទ្ធិ​មនុស្ស និង​ជា​មេធាវី​លោក សម រង្ស៊ី ក្នុង​ការ​ដឹកនាំ​បណ្ដឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោក​កំពុង​បន្ត​យុទ្ធនាការ​របស់​លោក ដើម្បី​ទាមទារ​យុត្តិធម៌​ឲ្យ​ជន​រង​គ្រោះ និង​នាំ​យក​ឧក្រិដ្ឋជន​ដែល​វាយ​ប្រហារ​គ្រាប់​បែក​ទៅ​ធ្វើការ​កាត់​ទោស។

ឧក្រិដ្ឋជន​វាយ​ប្រហារ​គ្រាប់​បែក​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង កាល​ពី​ខែ​មីនា ឆ្នាំ​១៩៩៧ ដែល​បាន​សម្លាប់​មនុស្ស​ជិត ២០​នាក់ នៅ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​ទេ បន្ទាប់​ពី​មាន​ការ​ស៊ើប​អង្កេត​ចំនួន ១៣​ឆ្នាំ​កន្លង​មក។

លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ករណី​វាយ​ប្រហារ​គ្រាប់​បែក​នោះ នៅ​មិន​ទាន់​បាន​បង្ហាញ​ជា​សាធារណៈ​នៅ​ឡើយ​ទេ ទោះ​បី​ការ​ស៊ើប​អង្កេត​របស់​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ (FBI) របស់​សហរដ្ឋ​អាមេរិក ត្រូវ​បាន​បញ្ចប់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ហើយ​ក៏ដោយ។

អ្នក​តាម​ដាន​ការ​ស៊ើប​អង្កេត​ករណី​វាយ​ប្រហារ​គ្រាប់​បែក​ឆ្នាំ​១៩៩៧ បាន​ឲ្យ​ដឹង​ថា ការ​ស៊ើប​អង្កេត​ឯករាជ្យ​របស់ FBI ត្រូវ​បាន​រារាំង ហើយ​មន្ត្រី​របស់ FBI ត្រូវ​បាន​គំរាមកំហែង។

អតីត​នាយក​អង្គការ​ការពារ​សិទ្ធិ​មនុស្ស និង​ជា​មេធាវី​លោក មូតុន ក្លា (Morton Sklar) ជា​មេធាវី​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​វិច្ឆិកា ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី មាន​ប្រសាសន៍​ថា លោក​បាន​ប្ដឹង​លោក ហ៊ុន សែន និង​ក្រុម​របស់​លោក ចំពោះ​ការ​ពាក់ព័ន្ធ​នឹង​ការ​លាក់បាំង​ព័ត៌មាន​ក្នុង​ការ​ស៊ើប​អង្កេត​របស់ FBI ការ​ផ្ដល់​ចម្លើយ​មិន​ពិត និង​ការ​គំរាមកំហែង​មន្ត្រី FBI។

លោក សម រង្ស៊ី បាន​ប្ដឹង​លោក ហ៊ុន សែន ក្នុង​ឱកាស​ដែល​លោក ហ៊ុន សែន បាន​ធ្វើ​ដំណើរ​មក​ទីក្រុង​ញូវយ៉ក ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ី និង​សហរដ្ឋ​អាមេរិក កាល​ពី​ខែ​កញ្ញា។

តុលាការ​សហរដ្ឋ​អាមេរិក មាន​យុត្តាធិការ​ដើម្បី​ស៊ើប​អង្កេត​ការ​រាំង​ការ​ស៊ើប​អង្កេត​របស់ FBI ដោយសារ​តែ​ជន​ជាតិ​អាមេរិក​ម្នាក់​ក៏​បាន​រង​របួស​ក្នុង​ការ​វាយ​ប្រហារ​គ្រាប់​បែក​នេះ។

កាល​ពី ១៣​ឆ្នាំ​មុន នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ មាន​ការ​វាយ​ប្រហារ​មួយ​ទៅ​លើ​ក្រុម​បាតុករ​ចំនួន ២០០​នាក់ នៅ​មុខ​សភា​ជាតិ​កម្ពុជា ដែល​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ១៦​នាក់​ស្លាប់ និង ២០០​នាក់​ទៀត​​រង​របួស។

លោក មូតុន ក្លា បន្ត​ទៀត​ថា លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​លោក ហ៊ុន សែន ជា​បន្ត​ទៀត ពីព្រោះ​លោក ហ៊ុន សែន បាន​រំលោភ​កិច្ច​សន្យា​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០០៥ បន្ទាប់​ពី​មាន​បណ្ដឹង​លោក សម រង្ស៊ី ជា​លើក​ដំបូង​ប្រឆាំង​នឹង​លោក ហ៊ុន សែន ក្នុង​ករណី​បោក​គ្រាប់​បែក។

លោក មូតុន ក្លា មាន​ប្រសាសន៍​បន្ថែម​ថា ៖ "សម្រាប់​អ្នក​ទាំង​ឡាយ​ដែល​ដឹង​អំពី​ករណី​គ្រាប់​បែក បាន​ដឹង​ថា ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ (FBI) ត្រូវ​បាន​ស្នើ​ឲ្យ​ស៊ើប​អង្កេត​ករណី​វាយ​ប្រហារ​គ្រាប់​បែក ហើយ FBI បាន​ធ្វើការ​ស៊ើប​អង្កេត​បាន​យ៉ាង​ល្អ ហើយ​ការ​ស៊ើប​អង្កេត​នេះ ការ​ពិត​បាន​រក​ឃើញ​ថា លោក ហ៊ុន សែន ខ្លួន​គាត់​ផ្ទាល់ មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​គ្រាប់​បែក ដូច្នោះ​មាន​ភស្តុតាង​ច្រើន​ដែល​បាន​បង្ហាញ​ថា មិន​ត្រឹមតែ​លោក ហ៊ុន សែន ទេ ដែល​ពាក់ព័ន្ធ​ការ​វាយ​ប្រហារ​គ្រាប់​បែក​នេះ ក្រុម​អង្គរក្ស និង ហ៊ុន សែន បាន​ជ្រៀតជ្រែក​ការងារ​ស៊ើប​អង្កេត​របស់ FBI ហើយ​ជា​ការ​ពិត​មាន​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​ទៅ​លើ​អ្នក​ស៊ើប​អង្កេត FBI ថា ប្រសិន​បើ​បន្ត​ការ​ស៊ើប​អង្កេត​ទៀត ជីវិត​មន្ត្រី​នោះ​នឹង​មាន​គ្រោះថ្នាក់។ ដូច្នោះ​មាន​ភស្តុតាង​ជា​ច្រើន​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ធ្វើការ​លូកដៃ​ចូល​ការ​ស៊ើប​អង្កេត​របស់ FBI"

កាល​ពី​ឆ្នាំ​២០០៥ ដើម្បី​បញ្ចប់​បណ្ដឹង​របស់​លោក សម រង្ស៊ី លោក ហ៊ុន សែន បាន​សន្យា​នឹង​លោក សម រង្ស៊ី ដើម្បី​ផ្ដល់​អភ័យឯកសិទ្ធិ​ឲ្យ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង ដោះលែង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ចេញ​ពី​ពន្ធនាគារ និង​អនុញ្ញាត​ឲ្យ​មន្រ្តី​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ស្រុក អាច​វិល​ត្រឡប់​ចូល​ស្រុក​ខ្មែរ​វិញ។

បច្ចុប្បន្ននេះ​បណ្ដឹង​របស់​លោក សម រង្ស៊ី កំពុង​ពិនិត្យ​ដោយ​ព្រះរាជអាជ្ញា​ទីក្រុង​ញូវយ៉ក ថា​តើ​គួរ​ត្រូវ​ធ្វើការ​ស៊ើប​អង្កេត​បន្ត​ទៀត ឬ​ទេ?

លោក មូតុន ក្លា បាន​ឲ្យ​ដឹង​ទៀត​ថា តុលាការ​សហរដ្ឋ​អាមេរិក ប្រហែល​ជា​មិន​អាច​កាត់​ទោស​លោក ហ៊ុន សែន ទេ ដោយសារ​តែ​លោក ហ៊ុន សែន មាន​អភ័យឯកសិទ្ធិ​ជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​តុលាការ​សហរដ្ឋ​អាមេរិក អាច​ធ្វើការ​ស៊ើប​អង្កេត​លើ​ឧក្រិដ្ឋជន​ពាក់ព័ន្ធ​នៃ​ការ​វាយ​ប្រហារ​គ្រាប់​បែក​នេះ។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស Human Rights Watch កាល​ពី​ខួប​លើក​ទី​១២ នៃ​ការ​វាយ​ប្រហារ​គ្រាប់​បែក​កាល​ពី​ខែ​មីនា ឆ្នាំ​២០០៩ បាន​ធ្វើការ​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា មិន​បាន​នាំ​ខ្លួន​ជន​សង្ស័យ​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​វាយ​ប្រហារ​គ្រាប់​បែក​មក​កាត់​ទោស។

អង្គការ Human Rights Watch បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​វាយ​ប្រហារ​គ្រាប់​បែក​ក្រុម​អង្គរក្ស លោក ហ៊ុន សែន ដែល​ពេល​នោះ​ជា​កង​ពល​តូច​លេខ​៧០ ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​កន្លែង​ធ្វើ​បាតុកម្ម​មុន​ពេល​ផ្ទុះ​គ្រាប់​បែក។ អង្គការ​បន្ថែម​ទៀត​ថា ក្រុម​អង្គរក្ស​ទាំង​នោះ​មិន​បាន​ចាប់​ជន​សង្ស័យ​វាយ​ប្រហារ​គ្រាប់​បែក និង​បាន​អនុញ្ញាត​ឲ្យ​ជន​សង្ស័យ​រត់ ហើយ​ថែម​ទាំង​គំរាម​បាញ់​អ្នក​ដែល​ចង់​ចាប់​ជន​សង្ស័យ​នោះ។

លោក មូតុន ក្លា បន្ត​ទៀត​ថា បច្ចុប្បន្ន​នេះ លោក​បាន​សរសេរ​លិខិត​ទៅ​កាន់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដើម្បី​បង្ហាញ​ពី​ការ​លូក​ដៃ​ចូល​ក្នុង​ប្រព័ន្ធ​តុលាការ​របស់​លោក ហ៊ុន សែន និង​ការ​បន្ត​ធ្វើការ​រំលោភ​បំពាន​លើ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោក សម រង្ស៊ី នៅ​ថ្ងៃ​អង្គារ ទី​១៦ ខែ​វិច្ឆិកា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​សម្រេច​​ព្យួរ​បណ្ដឹង​របស់​លោក​ប្រឆាំង​លោក ហ៊ុន សែន កាល​ពី​ឆ្នាំ​២០០៥ ពីព្រោះ​លោក​គ្មាន​ភស្តុតាង​គ្រាប់គ្រាន់ និង​ថា លោក ហ៊ុន សែន បាន​សន្យា​មិន​បង្ក​បញ្ហា​ជាមួយ​លោក​បន្ត​ទៅ​ទៀត។ លោក​បាន​សម្រេច​ចិត្ត​ប្ដឹង​លោក ហ៊ុន សែន ជា​ថ្មី ដោយសារ​លោក​មាន​ភស្តុតាង​ពី FBI និង​ភស្តុតាង​ផ្សេងៗ​ទៀត។

លោក សម រង្ស៊ី បច្ចុប្បន្ន​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង ក្រោយ​ពេល​តុលាការ​ក្រុង​ភ្នំពេញ បាន​កាត់​ទោស​លោក​ឲ្យ​ជាប់​គុក​ចំនួន ១២​ឆ្នាំ ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ក្លែង​បន្លំ​ឯកសារ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ។

លោក សម រង្ស៊ី មាន​ប្រសាសន៍​បន្ត​ទៀត​ថា ចំពោះ​បណ្ដឹង​ចុង​ក្រោយ​នេះ លោក​នឹង​បន្ត​រហូត​ទាល់តែ​មាន​ការ​កាត់​ទោស​លោក ហ៊ុន សែន ៖ «សំណួរ​ថា ហេតុ​អ្វី​បាន​ជា​ក្រុម​អង្គរក្ស​របស់​លោក ហ៊ុន សែន បាន​ទៅ​គំរាមកំហែង​ប៉ូលិស​អាមេរិកាំង FBI បាន​ប៉ុនប៉ង​ចង់​បំភ័ន្ត ចង់​បិទ​បាំង​ការ​ពិត ហើយ​នាំ​ឲ្យ​គេ​យល់​អ្វី​ដែល​ខុស​ពី​ការ​ពិត ឬ​លើក​យក​ចំណុច​ណា​ដែល​ផ្ទុយ​ពី​ការ​ពិត ហ្នឹង​គឺ​ថា មាន​បំណង​អាក្រក់​ហើយ អ្នក​ដែល​បិទ​បាំង​ការ​ពិត...»

បណ្ដឹង​របស់​លោក សម រង្ស៊ី ក៏​បាន​រួម​បញ្ចូល​មន្ត្រី​យោធា និង​ប៉ូលិស​មួយ​ចំនួន ដូចជា​អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​ម្នាក់ និង​មន្ត្រី​នាយដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​បោក​គ្រាប់​បែក​នេះ។

អ្នក​នាំ​ពាក្យ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន នៅ​ថ្ងៃ​អង្គារ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​លោក សម រង្ស៊ី ដែល​ថា លោក ហ៊ុន សែន មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​បោក​គ្រាប់​បែក​ឆ្នាំ​១៩៩៧ ៖ «ចំពោះ​គាត់​នៅ​បន្ត​ការ​ចោទ​ប្រកាន់ អា​នេះ​ជា​រឿង​របស់​គាត់​ទេ។ ព្រះរាជាណាចក្រ​កម្ពុជា​យើង មាន​តុលាការ​ត្រឹមត្រូវ យើង​មាន​នីតិ​រដ្ឋ​របស់​យើង ហើយ​ជា​ពិសេស​ប្រទេស​នេះ​ជា​រាជាណាចក្រ​អាស្រ័យ​ដោយ​អធិបតេយ្យ​របស់​ខ្លួន ដែល​ជា​សមាជិក​សហប្រជាជាតិ ហើយ​សម្ដេច ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី គាត់​មិន​អាច​ទៅ​ធ្វើ​ផ្ដេសផ្ដាស​បាន​ទេ»

លោក ផៃ ស៊ីផាន បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា នឹង​មិន​មាន​ដំណោះ​ស្រាយ​នយោបាយ​ណា​មួយ​ជាមួយ​លោក សម រង្ស៊ី ដើម្បី​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី វិល​ត្រឡប់​មក​កម្ពុជា​នោះ​ទេ។

អង្គការ Human Rights Watch បាន​ហៅ​ការ​ខកខាន​ដែល​រដ្ឋាភិបាល និង​ម្ចាស់​ជំនួយ​របស់​កម្ពុជា មិន​បាន​នាំ​ខ្លួន​ជន​សង្ស័យ​មក​កាត់​ទោស​ សម្រាប់​ការ​វាយ​ប្រហារ​គ្រាប់​បែក​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា​នោះ ថា​ជា​ថ្ងៃ​នៃ​ទិវា​និទ្ទណ្ឌភាព៕