គ្រូពេទ្យ​ស្រុក​ថ្មពួក​សង​ប្រាក់​ជំងឺ​ចិត្ត ១៧លាន​រៀល​ដល់​ឪពុក​ម្ដាយ​ក្មេង​ពស់​ចឹក

គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក បាន​សង​ប្រាក់​ជំងឺ​ចិត្ត​ចំនួន ១៧​លាន​រៀល ដើម្បី​បញ្ចប់​សំណុំ​រឿង​រដ្ឋប្បវេណី​ជាមួយ​ឪពុក​ម្ដាយ​ក្មេង​រងគ្រោះ​ដែល​ស្លាប់​ដោយ​សារ​គ្រូពេទ្យ​មិន​ផ្ដល់​ថ្នាំ​ពស់​ចឹក ជួយ​សង្គ្រោះ​អាយុ​ជីវិត។

0:00 / 0:00

គ្រួសារ​ក្មេង​រងគ្រោះ​បាន​សុខ​ចិត្ត​ទទួល​សំណង​នោះ ដើម្បី​បញ្ចប់​ការ​ប្ដឹង​ផ្ដល់​ទៅ​ស្ថាប័ន​តុលាការ ប៉ុន្តែ​ក្រុម​អ្នក​ច្បាប់​និយាយ​ថា គ្រូពេទ្យ​នៅ​ជាប់​ទោស​លើ​បណ្ដឹង​អាជ្ញា​នៅ​ឡើយ។

ក្រសួង​សុខាភិបាល​បាន​ដក​គ្រូពេទ្យ​ពីរ​នាក់​ចេញ​ពី​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក ទៅ​ដាក់​ជា​បុគ្គលិក​ធម្មតា នៅ​មន្ទីរ​សុខាភិបាល​ម្នាក់ និង​នៅ​មណ្ឌល​សុខភាព​ស្វាយចេក ម្នាក់ ក្រោម​ហេតុផល​ថា​គ្រូពេទ្យ​ទាំង​ពីរ​នាក់​នោះ​ធ្វើ​ឲ្យ​ក្មេង​ប្រុស​រងគ្រោះ​ដោយ​សារ​ពស់​វែក​ចឹក ម្នាក់​ស្លាប់។

នៅ​ក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ថ្មពួក កាល​ពី​ថ្ងៃ​ទី៥ ខែ​ធ្នូ លោក ញ៉ែម ភិរម្យ ត្រូវ​តាំង​ធ្វើ​ជា​ប្រធាន​មន្ទីរពេទ្យ​ថ្មពួក។ លោក គឹម សំអុល អតីត​ប្រធាន​មន្ទីរពេទ្យ ដក​ទៅ​ដាក់​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ។ លោក អ៊ិន សុផារ័ត្ន អតីត​គ្រូពេទ្យ​ទទួល​បន្ទុក​ផ្នែក​កុមារ​នៅ​មន្ទីរពេទ្យ​ថ្មពួក ដក​ទៅ​ដាក់​នៅ​មណ្ឌល​សុខភាព​ស្វាយចេក។

លោក​វេជ្ជបណ្ឌិត ឡេ ចាន់សង្វាត អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​ថា គ្រូពេទ្យ​ត្រូវ​តែ​គោរព​ក្រម​សីលធម៌ និង​គោរព​វិជ្ជាជីវៈ​ឲ្យ​បាន​ត្រឹមត្រូវ។ ការ​ស្លាប់​របស់​ក្មេង​ប្រុស ដោយ​សារ​គ្រូពេទ្យ​មិន​ព្រម​ផ្ដល់​ថ្នាំ​បន្សាប​ពិស​ព្យាបាល ជា​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ទីរពេទ្យ​ថ្មពួក៖ «ហ្នឹង​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​គ្រូពេទ្យ ហើយ​នេះ​ក៏​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ប្រធាន​អង្គភាព​ដែរ។ ករណី​ពស់​ចឹក ឱសថ​ពស់​ចឹក ជា​ឱសថ​របស់​ក្រសួង​សុខាភិបាល ដែល​យើង​មាន​គ្រប់គ្រាន់​សម្រាប់​ផ្ដល់​ប្រជាពលរដ្ឋ មិន​បែង​ចែក​ឋានៈ​អី​ទេ។ ការ​ដែល​យើង​ប្រើ​ពាក្យ​សម្ដី​ទៅ​មិន​បាន​ពិចារណា​នេះ ជា​កំហុស​មួយ​ដែល​ជះ​ឥទ្ធិពល​ទៅ​ដល់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល នេះ​ជា​ការ​ដាក់​ទណ្ឌកម្ម​ផ្នែក​វិន័យ​មួយ។ បុគ្គល​នោះ​ធ្វើ​ខុស បុគ្គល​ទទួល​ខុស​ត្រូវ»

អតីត​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក លោក គឹម សំអុល បាន​ថ្លែង​នៅ​ក្នុង​ពិធី​ផ្ទេរ​តំណែង​ទៅ​ឲ្យ​លោក ញ៉ែម ភិរម្យ ប្រធាន​មន្ទីរពេទ្យ​ថ្មី​នោះ លាយ​ឡំ​នឹង​ទឹក​មុខ​ភិតភ័យ។ លោក គឹម សំអុល មិន​បាន​ប្រកែក​ទៅ​សេចក្ដី​សម្រេច​របស់​ក្រសួង​សុខាភិបាល​នោះ​ទេ ក្រៅ​ពី​ការ​លើក​ឡើង​ពី​សមិទ្ធផល​មួយ​ចំនួន​នៅ​មន្ទីរពេទ្យ​ថ្មពួក ដែល​បាន​កើត​មាន​នៅ​ពេល​លោក​ដឹកនាំ​នោះ។ លោក​បាន​ផ្ដាំ​ផ្ញើ​កុំ​ឲ្យ​មាន​រឿង​ដូច​ករណី​ស្លាប់​របស់​កុមារ មឿន ម៉េត ត​ទៅ​ទៀត៖ «សូម​ឲ្យ​អស់​លោក! លោកស្រី រួប​រួម​គ្នា​ដើម្បី​ធ្វើ​ការ កុំ​ឲ្យ​មាន​ចន្លោះ​ប្រហោង​ដូច​ថ្ងៃ​មុន​ទៀត»

កាល​ពី​ល្ងាច​ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ក្មេង​ប្រុស​ឈ្មោះ មឿន ម៉េត ហៅ ទត ត្រូវ​ពស់​វែក​ចឹក នៅ​ក្បែរ​ជង្រុក​ស្រូវ​នៅ​ភូមិ​ក្បាលទន្សោង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ ភ្លាម​នោះ ឪពុក​ម្ដាយ​ក្មេង​រងគ្រោះ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​លោក អ៊ិន សុផារ័ត្ន ជា​គ្រូពេទ្យ​ទទួល​បន្ទុក​ផ្នែក​កុមារ​នៅ​មន្ទីរពេទ្យ​បង្អែក​ថ្មពួក បាន​បដិសេធ​មិន​ព្រម​ផ្ដល់​ថ្នាំ​ពស់​ចឹក​ព្យាបាល ដោយ​ប្រាប់​ថា ថ្នាំ​ពស់​ចឹក​នោះ​មាន​ទុក​សម្រាប់​ក្រុម​និស្សិត​ចុះ​វាស់វែង​ដីធ្លី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោកស្រី ចាន់ ទី ជា​ម្ដាយ និង​លោក ធុយ សាមឿន ត្រូវ​ជា​ឪពុក​ក្មេង​រងគ្រោះ បាន​សុំ​អង្វរ​ទិញ​ថ្នាំ​ពស់​ចឹក​ពី​ពេទ្យ តែ​ពេទ្យ​មិន​ព្រម​ឲ្យ។ លោក អ៊ិន សុផារ័ត្ន បាន​បណ្ដេញ​ជន​រងគ្រោះ​ឲ្យ​ដឹក​កូន​តាម​រថយន្ត​ឈ្នួល​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ជប៉ុន មង្គលបុរី។ ក្រោយ​មក ក្មេង​នោះ​ត្រូវ​ជាតិ​ពិស​ជ្រាប​ចូល​សរសៃ​ឈាម​ទៅ​ដល់​បេះដូង គាំង​ស្លាប់៖ «មាន​អារម្មណ៍​ខូច​ចិត្ត​បាត់​បង់​កូន​មួយ ហេតុ​តែ​ពេទ្យ​មិន​ចាក់​ឲ្យ​កូន​ខ្ញុំ បើ​ពេទ្យ​ចាក់​ឲ្យ កូន​ខ្ញុំ​មិន​ស្លាប់ មក​ពី​ពេទ្យ​មិន​ចាក់ តែ​ចិត្ត​ចង់​ឲ្យ​សង​ជីវិត​កូន​ខ្ញុំ​ហ្នឹង​ឯង។ ខ្ញុំ​អំពាវនាវ​សុំ​ឲ្យ​ពេទ្យ​ក្រោយៗ​កុំ​ធ្វើ​តម្រាប់​តាម​ពេទ្យ​ម្នាក់​នោះ អ្នក​ជំងឺ​ទៅ​សម្ដី​ឲ្យ​ល្អ​ផង កុំ​សម្ដី​អាក្រក់​ដាក់​អ្នក​ជំងឺ»

សាច់ញាតិ​កុមារ មឿន ម៉េត ចោទ​ថា​ទង្វើ​របស់​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ថ្មពួក គឺ​ជា​អំពើ​អមនុស្សធម៌។ ឪពុក​ម្ដាយ​ក្មេង សុំ​អង្វរ​ទិញ​ថ្នាំ​ពស់​ចឹក​នោះ ប៉ុន្តែ​គ្រូពេទ្យ​ទំនង​គិត​ថា​លុយ​បាន​មក​ពី​ការ​លក់​ថ្នាំ​នោះ​បាន​តិច​ពេក ទើប​ដំអក់​ពេល​វេលា ហើយ​បែរ​ជា​និយាយ​ថា​ថ្នាំ​នោះ​ទុក​សម្រាប់​ព្យាបាល​ក្រុម​និស្សិត​ចុះ​វាស់​ដី​ទៅ​វិញ។

ជីដូន កុមារ មឿន ម៉េត បាន​ថ្លែង​ថា បើ​ពេទ្យ​ថ្មពួក ចាក់​ថ្នាំ​ពស់​ចឹក​ឲ្យ​ចៅ​គាត់ ហើយ​ចៅ​គាត់​ស្លាប់​នោះ គាត់​ក៏​អស់​ចិត្ត​ដែរ តែ​នេះ​ពេទ្យ​មាន​ថ្នាំ​ពស់​ចឹក ហើយ​មិន​ព្រម​ជួយ​សង្គ្រោះ។ លោកស្រី​អំពាវ​សុំ​ឲ្យ​គ្រូពេទ្យ​នៅ​តាម​មន្ទីរពេទ្យ​ផ្សេង​ទៀត កុំ​យក​តម្រាប់​តាម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ថ្មពួក៖ «មាន​ពាក្យ​ផ្ដាំ​ទៅ​តាម​មន្ទីរពេទ្យ​ទាំង​អស់ កុំ​ឲ្យ​ធ្វើ​តម្រាប់​តាម​ពេទ្យ​នេះ​ឲ្យ​សោះ មិន​ដិត​ដល់​ឲ្យ​ប្រជាជន​ទេ។ ប្រជាជន​ពឹង​ទៅ​លើ​ពេទ្យ តែ​ពេទ្យ​មិន​យក​ចិត្ត​ទុក​ដាក់ ឲ្យ​ប្រជាជន​ទៅ​ពឹង​អ្នក​ណា»

លោក ជន ចាន់ ត្រូវ​ជា​ពូ​ក្មេង​រងគ្រោះ បាន​ថ្លែង​ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី៥ ខែ​ធ្នូ ក្រោយ​ពី​មាន​ការ​សម្រប​សម្រួល​របស់​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ថ្មពួក គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក សុខ​ចិត្ត​ផ្ដល់​ប្រាក់​ជំងឺ​ចិត្ត​ចំនួន ១៧​លាន​រៀល ទៅ​ឲ្យ​ឪពុក​ម្ដាយ​កុមារ មឿន ម៉េត ដើម្បី​ជា​ថ្នូរ​សុំ​កុំ​ឲ្យ​គ្រួសារ​ជន​រងគ្រោះ​ប្ដឹង​ទៅ​តុលាការ។ ឪពុក​ម្ដាយ​ក្មេង​រងគ្រោះ ក៏​ព្រម​ទទួល​យក​សំណង​រដ្ឋប្បវេណី និង​មិន​បន្ត​ការ​ប្ដឹង​គ្រូពេទ្យ​នោះ​ទេ។

លោក ប៉ែន សុនសម័យ ជា​មេធាវី​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ទីប្រឹក្សា​លោក ជា ស៊ីម លោក​ពន្យល់​ថា ករណី​គ្រូពេទ្យ​ផ្ដល់​ប្រាក់​ចំនួន ១៧​លាន​រៀល ទៅ​ឪពុក​ម្ដាយ​ក្មេង​រង​គ្រោះ​នោះ គ្រាន់​តែ​ជា​សំណង​រដ្ឋប្បវេណី ប៉ុន្តែ​ដើម​បណ្ដឹង​អាជ្ញា​មិន​អាច​រំលត់​សំណុំ​រឿង​បាន​ទេ។ ដូច្នេះ តំណាង​អយ្យការ​តុលាការ​ខេត្ត​បន្ទាយមានជ័យ អាច​កសាង​សំណុំ​រឿង​ចោទ​ប្រកាន់​ទៅ​គ្រូពេទ្យ បន្ទាប់​មក​បញ្ជូន​សំណុំ​រឿង​ទៅ​ឲ្យ​ចៅក្រម​ស៊ើប​សួរ ដើម្បី​បើក​ការ​ស៊ើប​អង្កេត​បន្ត​តាម​នីតិវិធី​ច្បាប់៖ «យើង​មើល​ទៅ គ្នា​ខំ​ដោះស្រាយ​ហ្នឹង​ក៏​វា​ច្រើន​ដែរ ក៏ប៉ុន្តែ នៅ​តែ​មាន​ទោស​ដែរ ព្រោះ​អា​ហ្នឹង​រឿង​ព្រហ្មទណ្ឌ នៅ​លើ​ព្រះរាជអាជ្ញា ថា​គេ​ចោទ​ឬ​អត់។ គាត់​មិន​ត្រូវ​និយាយ​ពាក្យ​ហ្នឹង គេ​ហៅ​ថា អមនុស្សធម៌ ចុះ​បើ​គាត់​យក​ថ្នាំ​ដែល​គាត់​មាន​ស្រាប់​យក​ទៅ​សូវេរ​ក្មេង​ហ្នឹង ហើយ​ចាំ​ស្អែក ឬ​ល្ងាច ទៅ​រក​ថ្នាំ​ពស់​ហ្នឹង ទៅ​ការ​ពារ​វិញ​មិន​បាន»

ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​បន្ទាយមានជ័យ លោក ផាន់ វណ្ណរ័ត្ន បាន​មាន​ប្រសាសន៍​ថា តំណាង​អយ្យការ​នៅ​ពុំ​ទាន់​ទទួល​ព័ត៌មាន​ជុំវិញ​ករណី​ស្លាប់​របស់​កុមារ មឿន ម៉េត នេះ​ទេ ដោយ​សារ​តែ​លោក​កំពុង​ជាប់​បំពេញ​បេសកកម្ម​នៅ​ទីក្រុង​ភ្នំពេញ។ លោក​បញ្ជាក់​ថា តំណាង​អយ្យកា​នឹង​ចាត់​តាំង​ព្រះរាជ​អាជ្ញា​រង​ម្នាក់ បើក​ការ​ស៊ើប​សួរ​ពី​ដំណើរ​រឿង​នេះ​ឡើង​វិញ មុន​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ទៅ​លើ​គ្រូពេទ្យ។ លោក​បន្ត​ថា ជា​ធម្មតា​នៅ​ពេល​មាន​បទ​ល្មើស​មួយ​កើត​ឡើង ទោះ​បី​ជន​រងគ្រោះ​ដក​បណ្ដឹង ដើម្បី​ទទួល​យក​សំណង​រដ្ឋប្បវេណី​ក៏ដោយ ប៉ុន្តែ​បណ្ដឹង​អាជ្ញា​មិន​អាច​រលត់​បាន​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។