សំឡេងខ្ញៀវខ្ញារអឺងកងដែលលាយឡំគ្នា មានភាសាខ្មែរ និងថៃ បានលាន់ឮចេញពីច្រករបៀងព្រំដែនខ្មែរ-ថៃ ក្នុងតំបន់ជប់គគីរ នៃស្រុកបន្ទាយអំពិល ចម្ងាយប្រមាណជាង ៥០គីឡូម៉ែត្រ ភាគខាងត្បូងឆៀងខាងលិចពីទីរួមខេត្តឧត្តរមានជ័យ ឡើងវិញ។
សំឡេងនេះបានកើតមានបន្ទាប់ពីតំបន់នោះបានបាត់បង់ភាពអ៊ូអរប្រជុំដោយហ្វូងមនុស្ស ហើយក្លាយទៅជាកន្លែងកងទ័ពប្រឈមមុខដាក់គ្នាជាច្រើនឆ្នាំ ដោយសារជម្លោះព្រំដែនមក។
ជិត១ខែមកនេះ បន្ទាប់ពីរដ្ឋាភិបាលថ្មីរបស់ថៃ បានឡើងកាន់អំណាច អាជ្ញាធរស្រុកបន្ទាយអំពិល នៃខេត្តឧត្តរមានជ័យ របស់ខ្មែរ និងអាជ្ញាធរស្រុកបាងគ្រួត នៃខេត្តបូរីរ៉ាំ របស់ថៃ បានស្វែងរកការយោគយល់ និងជឿជាក់លើគ្នាជាថ្មី ដោយបានព្រមព្រៀងធ្វើការបើកច្រករបៀងព្រំដែនទីនោះឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋទាំងសងខាងអាចចេញចូល និងដោះដូរទំនិញគ្នាទៅវិញទៅមក គោលបំណងដើម្បីជួយលើកស្ទួយដល់ជីវភាពរបស់ប្រជាពលរដ្ឋទាំងសងខាងឡើងវិញ។
នៅរៀងរាល់ថ្ងៃពុធ មួយសប្ដាហ៍ម្ដង ច្រកទ្វាររបៀងព្រំដែនទីនោះបានបើកចំហឱ្យប្រជាពលរដ្ឋខ្មែរ និងថៃ អាចចេញចូលឆ្លងព្រំដែនរកគ្នា និងទិញលក់ទំនិញទៅវិញទៅមកបង្កើតឱ្យមានសភាពអ៊ូអរជាថ្មី។

ប្រជាពលរដ្ឋខ្មែរជាច្រើនដែលនៅជិតៗព្រំដែន បាននាំគ្នាដឹកទំនិញគ្រប់ប្រភេទឡើងភ្នំយកទៅលក់ធ្វើឱ្យកម្រិតជីវភាពប្រចាំថ្ងៃរបស់គេ ដែលពីមុនធ្លាប់តែទីទ័លមិនអាចរកកម្រៃបានសោះ គឺប្រែក្លាយទៅជាការវិវត្តន៍ខុសពីមុនបន្តិច។
ស្ត្រីឈ្មោះ ម៉ៅ តឿ រស់នៅឃុំអំពិល បានមានប្រសាសន៍ថា គាត់មានទីលំនៅឆ្ងាយពីព្រំដែន ក៏ប៉ុន្តែរៀងរាល់ថ្ងៃពុធ មួយសប្ដាហ៍ម្ដង គាត់តែងដឹកជញ្ជូនមើមដំឡូងព្រៃយកទៅលក់ឱ្យប្រជាពលរដ្ឋថៃ នៅច្រករបៀងព្រំដែនជប់គគីរ។
ស្ត្រីដដែលបានមានប្រសាសន៍ថា កាលពីមិនទាន់មានការបើកច្រកព្រំដែន គ្រួសាររបស់គាត់មិនអាចរកចំណូលអ្វីបានទេ គឺជីវភាពប្រចាំថ្ងៃមានការខ្វះខាតជាខ្លាំង ៖ «មកលក់អី ចេះរកបានជាងមុនតើ!។ ជួនណាមករបស់ឯងតិចក៏បាន ២០០-៣០០ (បាតប្រាក់ថៃ) ជួនអាទិត្យណាក៏បាន ៣០០-៤០០ បាត អាទិត្យណាក៏បាន ២០០បាត។ អាចថា ទុកនៅបានខ្លះ ចាយមិនទាន់អស់។ រកបានត្រេកអរ ចង់ឱ្យបើករហូតកុំមានទំនាស់ទៅចេះតែរកបាន»។
ស្ត្រីម្នាក់ទៀតឈ្មោះ ពៅ ថារី ដែលរស់នៅភូមិជប់គគីរខាងកើត ជាប់បន្ទាត់ព្រំដែនខ្មែរ-ថៃនោះ បានមានប្រសាសន៍ថា ជាង ៣ឆ្នាំមកនេះគាត់បានរស់នៅក្នុងភាពខ្វះខាតនៅពេលដែលច្រកព្រំដែនបានបិទទ្វារ។ គាត់បានមានប្រសាសន៍ទៀតថា កាលពីច្រកទ្វារព្រំដែនបិទ គឺអ្នកភូមិជាច្រើនដែលរស់នៅលើខ្នងភ្នំបានប្រឈមមុខនឹងការខ្វះស្បៀងអាហារ ហើយនាំគ្នាចុះចូលលំនៅឋានដើម្បីធ្វើស្រែចម្ការ ទៅស៊ីឈ្នួលគេនៅខាងក្រោម និងខ្លះបានទៅកាន់ខេត្តផ្សេងៗដើម្បីស្វែងរកការងារធ្វើ។
ស្ត្រីដដែលបានបញ្ជាក់ថា នៅពេលដែលអ្នកភូមិជាច្រើនជួបប្រទះការខ្វះខាតស្បៀងអាហារ ហើយចុះចោលផ្ទះនោះ សូម្បីតែព្រះសង្ឃក៏មិនអាចគង់នៅក្នុងទីវត្តលើខ្នងភ្នំបានដែរ គឺព្រះសង្ឃខ្លះបានលាចាកសិក្ខាបទ និងខ្លះទៀតបាននិមន្តទៅគង់នៅឯវត្តផ្សេងៗ។ ក៏ប៉ុន្តែរយៈពេលជិត ១ខែមកនេះ គេបានរស់នៅក្នុងភាពកក់ក្ដៅជាថ្មី។
«ឥឡូវមិនអីទេ ធូរធារគ្រាន់ហើយ គេបើកច្រកអ៊ីចេះ។ ក្រងស្បូវក្រងអីលក់។ ១ថ្ងៃ ១០០-២០០ (បាតប្រាក់ថៃ)។ ដូចយើងលក់បារីអីវាមិនសូវដាច់ ថ្ងៃណាដាច់ច្រើនទៅវាចំណេញច្រើន ថ្ងៃណាដាច់តិចចំណេញតិច។ ចង់ឱ្យគេបើកអ៊ីចឹងរហូតទៅ ស្រួលរកស៊ី ប្លែកសប្បាយ។ ដល់គេបើកអ៊ីចេះទៅរកស្រួល រកណេះរកណោះលក់បានដាច់នឹងគេខ្លះ»។
មិនមែនតែប្រជាពលរដ្ឋខ្មែរទេដែលសម្ដែងការសប្បាយចិត្តនៅពេលដែលឃើញច្រករបៀងព្រំដែនតំបន់ជប់គគីរ បានបើកឱ្យមានការដោះដូរទំនិញគ្នាជាថ្មីនោះ សូម្បីតែប្រជាពលរដ្ឋថៃ ក៏បានសម្ដែងចេញនូវការសប្បាយរីករាយដូចគ្នាដែរ។
ស្ត្រីចំណាស់ជនជាតិថៃម្នាក់ រស់នៅស្រុកបាងគ្រួត ខេត្តបូរីរ៉ាំ បានមានប្រសាសន៍ថា គាត់បានរស់នៅចម្ងាយប្រមាណ ៧០គីឡូម៉ែត្រពីតំបន់ព្រំដែននេះ។ គាត់បានឆ្លងព្រំដែនចូលមកទឹកដីខ្មែរ ដើម្បីរកទិញរបស់របរមួយចំនួនជាលើកដំបូង។ គាត់បានមានប្រសាសន៍ថា គាត់មានការសប្បាយចិត្ត នៅពេលដែលឃើញព្រំដែនមានសន្តិភាពដូចនេះ ហើយគាត់មិនចង់ឃើញជម្លោះព្រំដែន និងទាហានខ្មែរ-ថៃ វាយប្រយុទ្ធគ្នាសាជាថ្មីទៀតទេ។
ភាពអ៊ូអរដែលប្រជុំដោយហ្វូងមនុស្ស និងទីផ្សារ បានកើតមានជាថ្មីនៅច្រករបៀងព្រំដែនជប់គគីរ នៅក្រោយរយៈពេលប្រមាណ ៥ខែ បន្ទាប់ពីតំបន់នោះបានបញ្ចប់សមរភូមិប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាចុងក្រោយ រវាងទាហានខ្មែរ-ថៃ កាលពីថ្ងៃទី២២ ខែមេសា រហូតដល់ថ្ងៃទី៣ ខែឧសភា កន្លងទៅ។
លោក ព្រំ ស្វៀង មេឃុំអំពិល បានមានប្រសាសន៍ថា ការបើកច្រករបៀងព្រំដែននៅតំបន់ជប់គគីរ ឱ្យប្រជាពលរដ្ឋទាំងសងខាងបានដោះដូរទំនិញគ្នាឡើងវិញនោះ បើទោះបីជា១សប្ដាហ៍ធ្វើបានតែមួយថ្ងៃក៏ដោយ ក៏វាអាចជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងមានជីវភាពខ្វះខាតបានខ្លះ ប៉ុន្តែវាមិនទាន់ផ្លាស់ប្រែឱ្យប្រសើរនៅឡើយទេ។
«វាប្រែជាងពីមុនបន្តិចតែប៉ុណ្ណោះទេ។ ទី១ សំខាន់គឺបានចប់សង្គ្រាមរ៉ាំរ៉ៃមួយភ្លែតមិញ គឺបានធូរមួយកម្រិត។ ទី២ គឺហ្នឹងបានបើកច្រកចេញចូលប្ដូររបស់សម្ភារៈគ្នាទៅវិញទៅមកធូរបានបន្តិចទៀត។ ពលរដ្ឋនៅតំបន់នោះគឺមានការរីករាយខ្លះនោះឯង ប៉ុន្តែការហូបចុកនៅតែមានការខ្វះខាត»។
មន្ត្រីឃុំដដែលបានមានប្រសាសន៍ថា បើទោះបីជាការបើកច្រករបៀងព្រំដែនទីនោះធ្វើឱ្យប្រជាពលរដ្ឋខ្មែរ-ថៃ បានដោះដូរទំនិញគ្នាមួយរយៈមកនេះមែន ក៏ប៉ុន្តែលោកមើលឃើញថា អាជ្ញាធរថៃ ហាក់ដូចជានៅរឹតបន្តឹងប្រជាពលរដ្ឋរបស់គេមិនឱ្យទិញទំនិញពីខ្មែរយកចូលទៅស្រុកគេច្រើនប៉ុន្មាននៅឡើយទេ។ ចំណែកអាជ្ញាធរខ្មែរមិនបានហាមឃាត់ ឬដាក់កម្រិតប្រជាពលរដ្ឋខ្មែរឱ្យទិញទំនិញថៃ ដោយកំណត់ដូច្នោះឡើយ។
ច្រករបៀងព្រំដែនខ្មែរ-ថៃ តំបន់ជប់គគីរ លើខ្នងភ្នំដងរែក ធ្លាប់ជាតំបន់ពាណិជ្ជកម្មតូចមួយរវាងប្រជាពលរដ្ឋខ្មែរ និងថៃ ចាប់តាំងពីអំឡុងឆ្នាំ១៩៩៨ មក ក៏ប៉ុន្តែច្រកព្រំដែននោះបានបិទទ្វារឈប់ឱ្យមានការចេញចូលរកគ្នាចាប់តាំងពីអំឡុងខែកក្កដា ឆ្នាំ២០០៨ នៅពេលដែលថៃ បានបញ្ជូនកងទ័ពរាប់រយនាក់ចូលលុកលុយទីវត្តខ្មែរកែវសិក្ខាគិរីស្វារៈ ជិតប្រាសាទព្រះវិហារ ហើយប្រទេសទាំងពីរកើតមានជម្លោះព្រំដែនមក៕