សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក ចុះថ្ងៃទី២១ ខែមេសា បានឲ្យដឹងថា មេរោគផ្ដាសាយបក្សី (H5N1) បានសម្លាប់បុរសម្នាក់ទៀតនៅស្រុកកំពង់លាវ ខេត្តព្រៃវែង បន្ទាប់ពីអ្នកជំងឺបានបញ្ជូនមកដល់មន្ទីរពេទ្យកាល់ម៉ែត ដោយមានអាការៈធ្ងន់ធ្ងរ។
ក្រសួងសុខាភិបាលឲ្យដឹងថា អ្នកជំងឺបានចាប់ផ្ដើមមានរោគសញ្ញាគ្រុនក្ដៅ ក្អក និងដង្ហើមថប់ចាប់ពីថ្ងៃទី១៣ ខែមេសា និងត្រូវបានវិទ្យាស្ថានប៉ាស្ទ័ររកឃើញថា មានវិជ្ជមានមេរោគផ្ដាសាយបក្សី H5N1។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែមេសា បានបដិសេធមិនធ្វើអត្ថាធិប្បាយចំពោះករណីមេរោគផ្ដាសាយបក្សីដែលបានសម្លាប់បុរសម្នាក់នៅខេត្តព្រៃវែងនោះទេ។ ប៉ុន្តែលោកមានប្រសាសន៍ក្នុងសេចក្ដីប្រកាសព័ត៌មានក្រសួងសុខាភិបាលថា ជំងឺផ្ដាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋកម្ពុជា។
លោក ម៉ម ប៊ុនហេង បានអំពាវនាវដល់ពលរដ្ឋនៅទូទាំងប្រទេស ត្រូវបន្តតាមដាន និងរាយការណ៍ពីករណីសត្វបក្សីឈឺ ឬងាប់ទៅមន្ត្រីជំនាញក្រសួងសុខាភិបាល និងក្រសួងកសិកម្ម តាមរយៈប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ និងអាជ្ញាធរដែនដីតាមមូលដ្ឋាន ដើម្បីឲ្យមន្ត្រីជំនាញចុះធ្វើការអង្កេតស្រាវជ្រាវឲ្យបានទាន់ពេលវេលាពីប្រភេទជំងឺនេះ។
លោកវេជ្ជបណ្ឌិត ពេជ្រ ហ៊ន ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងនៅរសៀលថ្ងៃទី២១ ខែមេសា ថា ជនរងគ្រោះដែលបានស្លាប់ដោយជំងឺគ្រុនផ្ដាសាយបក្សីនៅស្រុកកំពង់លាវ គឺជនរងគ្រោះមិនបានមករកសេវាព្យាបាលនៅមន្ទីរពេទ្យខេត្តឡើយ ពោលគឺអ្នកជំងឺបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន និងនៅមន្ទីរពេទ្យកាល់ម៉ែតនាទីក្រុងភ្នំពេញ។ លោកបន្តថា ករណីជំងឺផ្ដាសាយបក្សីដែលកើតមាននៅខេត្តព្រៃវែង បច្ចុប្បន្នមន្ទីរជំនាញសុខាភិបាលខេត្តកំពុងចុះអង្កេតដល់ទីលំនៅជនរងគ្រោះដើម្បីស្រាវជ្រាវពីប្រភេទជំងឺនេះ។
លោកវេជ្ជបណ្ឌិត ពេជ្រ ហ៊ន មានប្រសាសន៍ថា ៖ «ព័ត៌មានហ្នឹងខ្ញុំទទួលបាន ប៉ុន្តែថា ពួកអ្នកជំងឺអត់ចូលមន្ទីរពេទ្យខេត្ត។ គាត់ចូលពេទ្យឯកជន រួចគាត់ទៅមន្ទីរពេទ្យកាល់ម៉ែតផ្ទាល់។ អ៊ីចឹងខាងខ្ញុំកំពុងឲ្យមន្ត្រីចុះទៅតាមមើលនៅតាមមូលដ្ឋាន ដើម្បីយកព័ត៌មានឲ្យពិតប្រាកដ»។
ជំងឺផ្ដាសាយបក្សី ឬ H5N1 គឺជាប្រភេទជំងឺអាចចម្លងពីបក្សីឈឺទៅបក្សីផ្សេងទៀត និងអាចឆ្លងពីបក្សីទៅមនុស្ស។ ដើម្បីទប់ស្កាត់ និងបង្ការជំងឺនេះ ក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវលាងដៃឲ្យបានញឹកញាប់។ រៀបចំអាហារឲ្យមានអនាម័យ និងមានសុវត្ថិភាព។ ដាក់កុមារឲ្យនៅឆ្ងាយពីបក្សី ឬដាក់សត្វបក្សីនៅឲ្យឆ្ងាយពីកន្លែងរស់នៅរបស់មនុស្ស និងកុំបរិភោគសត្វបក្សីដែលឈឺ ឬងាប់។
ក្រសួងសុខាភិបាលបានឲ្យដឹងថា មកទល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១០ ប្រទេសកម្ពុជា បានកើតមានករណីជំងឺផ្ដាសាយបក្សី H5N1 លើមនុស្សមានចំនួន ១០ករណី ដែលក្នុងនោះ ៨ករណីបានសម្លាប់មនុស្ស។ ចំណែកចំពោះស្ថានភាពពិភពលោកវិញ ចាប់តាំងពីឆ្នាំ២០០៣មក ករណីជំងឺផ្ដាសាយបក្សី ឬ H5N1 បានកើតមានសរុបទាំងអស់ចំនួន ៤៩៤ករណី ក្នុងនោះមាន ២៩៣ករណីបានសម្លាប់មនុស្ស៕