រដ្ឋាភិបាលនឹងអតីតទាហានខ្មែរក្រហមប្រតិកម្មចំពោះការស៊ើបអង្កេតនេះថា អាចនឹងនាំឲ្យមានអស្ថិរភាពក្នុងសង្គមកម្ពុជា។
អ្នកនាំពាក្យកិច្ចការច្បាប់ នៃអង្គការសហប្រជាជាតិរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា លោក ឡាស អលសិន (Lars Olsen) នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនានេះ បានមានប្រសាសន៍ថា សហចៅក្រមអន្តរជាតិ លោក ម៉ាកសែល ឡឺម៉ុង នឹងបន្តការស៊ើបអង្កេតទៅលើការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មមួយចំនួន ដែលមានការសង្ស័យ និងកន្លែងដែលឧក្រិដ្ឋកម្មនេះបានកើតឡើង។ ការស៊ើបអង្កេតជាបឋមនេះនឹងមិនអង្កេតទៅលើជនសង្ស័យទេ។
លោក ឡាស អលសិន បន្ថែមថា ចៅក្រមស៊ើបអង្កេតនឹងសម្រេចជាចុងក្រោយថា តើនឹងមានការអង្កេតលើជនសង្ស័យ ឬក៏អត់នៅពេលដែលការស៊ើបអង្កេតបឋមនេះ ត្រូវបានបញ្ចប់។
លោក ឡាស អលសិន មានប្រសាសន៍ដូច្នេះ ៖ «នៅពេលនេះ ការស៊ើបអង្កេតនឹងផ្ដោតទៅលើឧក្រិដ្ឋកម្ម ដែលមានជនសង្ស័យថា បានប្រព្រឹត្ត និងទីកន្លែង ដែលឧក្រិដ្ឋកម្មនេះបានប្រព្រឹត្ត។ ការស៊ើបអង្កេតនេះ មិនមានបំណងស៊ើបទៅលើបុគ្គលឡើយ។ ការសម្រេចចិត្តនឹងធ្វើឡើងក្រោយពីបញ្ចប់ការស៊ើបអង្កេតថា តើនឹងមានការអង្កេតទៅលើបុគ្គលដែរ ឬទេ»។
កាលពីថ្ងៃពុធ ទី៩ ខែមិថុនា សហចៅក្រមស៊ើបអង្កេតរបស់សាលាក្ដីខ្មែរក្រហម គឺសហចៅក្រមស៊ើបអង្កេតកម្ពុជា លោក យូ ប៊ុនឡេង និងសមភាគីរបស់គាត់ គឺលោក ម៉ាកសែល ឡឺម៉ុង បានបញ្ចេញលិខិតឆ្លើយឆ្លងរបស់ពួកគេជាសាធារណៈ នៅការខ្វែងយោបល់គ្នាពីការស៊ើបអង្កេតទៅលើជនសង្ស័យ ៥រូប។ លោក យូ ប៊ុនឡេង បានបញ្ជាក់ទៅកាន់លោក ម៉ាកសែល ឡឺម៉ុង ថា ការអង្កេតគួរតែធ្វើឡើងនៅខែកញ្ញាវិញ ដោយសហចៅក្រមកំពុងរវល់សំណុំរឿងលេខ០០២។ សំណុំរឿងលេខ០០២ ជាសំណុំរឿងរបស់អតីតមេដឹកនាំកំពូលរបស់របបខ្មែរក្រហមចំនួន ៥រូប ដែលកំពុងឋិតនៅក្នុងការឃុំឃាំងជាបណ្ដោះអាសន្ន រង់ចាំការកាត់ទោស។
ក្នុងលិខិតឆ្លើយតបទៅកាន់លោក យូ ប៊ុនឡេង សហចៅក្រមអន្តរជាតិ លោក ម៉ាកសែល ឡឺម៉ុង បានឆ្លើយតបថា ប្រសិនបើលោក យូ ប៊ុនឡេង មិនចុះហត្ថលេខាលើដីកាចាត់ឲ្យស៊ើបសួរទេ លោកនឹងធ្វើកំណត់ហេតុជាផ្លូវការ អំពីការខ្វែងយោបល់នេះ និងបង្កឲ្យមានជាផលវិបាកអវិជ្ជមានផ្សេងៗ។
លោក រាជ សម្បត្តិ ប្រធានផ្នែកកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហម បានមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនានេះថា បច្ចុប្បន្ននេះដោយសារការខ្វែងគំនិតគ្នា រវាងសហចៅក្រមទាំងពីររូបនេះ គ្មានការស៊ើបអង្កេតទៅលើសំណុំរឿង០០៣ និង ០០៤ នេះទេ។ លោកបន្ថែមថា លោកមិនទាន់ច្បាស់ថា ការស៊ើបអង្កេតទៅលើសំណុំរឿង០០៣ និង ០០៤ នេះ អាចនឹងចាប់ផ្ដើមនៅខែកញ្ញា ឆ្នាំ២០១០នោះទេ។
លោក រាជ សម្បតិ្ត បានស្នើឲ្យអតីតមន្ត្រីខ្មែរក្រហមជាន់ទាប កុំឲ្យមានការព្រួយបារម្ភចំពោះការស៊ើបអង្កេតបន្ត ពីព្រោះពួកគេនឹងមិនពាក់ព័ន្ធនឹងការស៊ើបអង្កេតមួយណាទេ។
លោក ជាម យៀប តំណាងរាស្ត្រមកពីគណបក្សកាន់អំណាច សំដែងការមិនគាំទ្រចំពោះការនាំខ្លួនជនសង្ស័យបន្ថែមមកកាត់ទោសទេ។ លោកថា ការនាំជនសង្ស័យបន្ថែម នាំឲ្យមានជម្លោះក្នុងសង្គមកម្ពុជា ហើយការសន្យាវាងកម្ពុជា និងអង្គការសហប្រជាជាតិចំពោះដំណើរការតុលាការខ្មែរក្រហមនេះ មានតែមេដឹកនាំកំពូលរបស់របបខ្មែរក្រហមទេនឹងត្រូវនាំមកកាត់ទោស។
អតីតទាហានខ្មែរក្រហម ហ៊ឹម ឈុន អាយុ ៥១ឆ្នាំ បច្ចុប្បន្នជាកសិករដាំពោតនៅខេត្តប៉ៃលិន បានមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនានេះថា លោកមានការព្រួយបារម្ភចំពោះការស៊ើបអង្កេតទៅលើជនសង្ស័យបន្ថែម ដែលអាចបណ្ដាលឲ្យអតីតខ្មែរក្រហមមានការភ័យព្រួយ។
កាលពីខែកញ្ញា ឆ្នាំ២០០៩ លោកអតីតសហព្រះរាជអាជ្ញាអន្តរជាតិ លោក រ៉ូប៊ែរ ប៉ឺទី (Robert Petit) បានស្នើឲ្យសហចៅក្រមស៊ើបអង្កេតធ្វើការអង្កេតជនសង្ស័យបន្ថែមចំនួន ៥នាក់ពីបទមនុស្សឃាត ការធ្វើទារុណកម្ម ការឃុំឃាំងមនុស្សខុសច្បាប់ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ការស្នើឲ្យមានការស៊ើបបន្ថែមលើជនសង្ស័យ ៥នាក់បន្ថែមនេះ បាននាំឲ្យមានប្រតិកម្មពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ការនាំជនសង្ស័យបន្ថែមនឹងអាចបណ្ដាលឲ្យមានសង្គ្រាមស៊ីវិលឡើងវិញ។ ប្រតិកម្មនេះបាននាំឲ្យមានការចោទប្រកាន់ថា រដ្ឋាភិបាលបានដាក់គំនាបនយោបាយទៅលើសាលាក្ដីខ្មែរក្រហម៕