មឿង សុន ប្រាថ្នា​វិល​ត្រឡប់​មក​ស្រុក​វិញ​ក្នុង​ពេល​ឆាប់ៗ

ប្រធាន​អង្គការ​មូលនិធិ​ទ្រង់ទ្រង់​អរិយធម៌​ខ្មែរ គឺ​លោក មឿង សុន ដែល​គេច​ខ្លួន​ពី​ប្រទេស​កម្ពុជា​ទៅ​ទីក្រុង​លីយ៉ុង ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​បារាំង​នោះ បាន​ឲ្យ​ដឹង​ថា លោក​ប្រាថ្នា​វិល​ត្រឡប់​ទៅ​កាន់​មាតុភូមិ​កម្ពុជា​របស់​លោក​វិញ​ក្នុង​ពេល​ឆាប់ៗ​ដែល​អាច​ធ្វើ​ទៅ​បាន។

0:00 / 0:00

លោក មឿង សុន ដែល​មាន​សញ្ជាតិ​បារាំង​ដើម​កំណើត​ខ្មែរ ក្រោយ​ត្រូវ​មេធាវី​រដ្ឋាភិបាល​ប្ដឹង​ផ្ដន្ទា​ទោស​និង​ទារ​ជំងឺ​ចិត្ត​ជា​ប្រាក់ ១០​លាន​រៀល​មក បាន​ទៅ​ដល់​ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​៥ មិថុនា បាន​ឲ្យ​ដឹង​អំពី​មូលហេតុ​នៃ​ការ​គេច​ខ្លួន​នេះ។

លោក មឿង សុន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ជា​ដំបូង ខ្ញុំ​មិន​មាន​គំនិត​ថា ប្រុង​រត់​គេច​មក​ជ្រក​កោន​នៅ​ប្រទេស​បារាំង​ទេ ព្រោះ​ខ្ញុំ​យល់​ថា អ្វី​ដែល​ខ្ញុំ​ធ្វើ​គ្រាន់​តែ​បញ្ចេញ​ទស្សនៈ​ដើម្បី​អភិរក្ស​និង​អភិវឌ្ឍ​អង្គរ​វត្ត​វា​គ្មាន​រឿង​អី​ដែល​ខ្ញុំ​ខុស​ទេ។ ក៏​ប៉ុន្តែ​ដល់​ជាក់​ស្ដែង​មាន​អ្នក​ខ្លះ រដ្ឋាភិបាល​ចោទ​ប្រកាន់​រឿង​ញុះ​ញង់​ត្រូវ​ជាប់​ឃុំ​ខ្លួន គេ​មិន​បាន​ធ្វើ​តាម​នីតិ​វិធី​ត្រឹម​ត្រូវ​ហ្នឹង​ហើយ ទើប​ខ្ញុំ​សម្រេច​ចិត្ត​ត្រូវ​តែ​ចេញ​មក​នៅ​ប្រទេស​ក្រៅ​សិន»

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្រ្តី គឺ​លោក ផៃ ស៊ីផាន ឲ្យ​ដឹង​ថា បណ្ដឹង​របស់​រដ្ឋាភិបាល​ធ្វើ​ឡើង​ដើម្បី​ទប់​ស្កាត់​អស្ថិរភាព​ក្នុង​សង្គម ៖ «គាត់​ហ្នឹង​ក្នុង​លក្ខណៈ​វិទ្ធង្សនា ញុះញង់​ដោយ​ហេតុ​ផល​ឃើញ​បង្កើត​បាន​ជា​សារ​អេឡិចត្រូនិច ប្រកូក​ប្រកាស​គ្នា​ឲ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការងារ​របស់​រដ្ឋាភិបាល ជា​ពិសេស​នៅ​ក្នុង​សម័យ​កំពុង​តែ​ប្រជុំ​គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ»

រីឯ​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន គឺ​អ្នក​តំណាង​រាស្រ្ដ ជាម យៀប សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ព្រឹត្តិការណ៍​នេះ ហើយ​ឲ្យ​ដឹង​ថា សាធារណ​ជន​នឹង​បាន​ស្ដាប់​លោក​ឧបនាយក​រដ្ឋមន្រ្តី សុខ អាន ដែល​នឹង​ត្រូវ​ឆ្លើយ​ចំពោះ​មុខ​សភា​ពេញ​អង្គ​នៅ​ថ្ងៃ​សុក្រ ទី​១៩ មិថុនា ចុង​សប្ដាហ៍​នេះ។

លោក ជាម យៀប មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «លោក មឿង សុន លើក​ឡើង​មក ខ្ញុំ​ឃើញ​ថា គាត់​មាន​គំនិត​ស្នេហា​ជាតិ ស្នេហា​បេតិក​ភណ្ឌ​ជាតិ។ គណៈ​អចិន្រ្តៃយ៍​ប្រជុំ​គ្នា​ហើយ ថ្ងៃ​សុក្រ ទី​១៩ ចាប់​ពី​ម៉ោង ៨​កន្លះ​ទៅ សភា​ពេញ​អង្គ​អញ្ជើញ​ឯកឧត្ដម​ឧបនាយក​រដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តី​ទីស្ដីការ​គណៈ​រដ្ឋមន្រ្តី ក្នុង​នាម​ជា​ប្រធាន​អាជ្ញាធរ​អប្សរា ឆ្លើយ​សំណួរ​របស់​លោក​ជំទាវ កែ សុវណ្ណរតន៍ និង​ឯកឧត្ដម សុន ឆ័យ ស្ដី​អំពី​ប្រាសាទ​អង្គរ​វត្ត។ លោក​ជំទាវ សុវណ្ណរតន៍ មាន​មួយ​សំណួរ ហើយ​ឯកឧត្ដម សុន ឆ័យ មាន ៤​សំណួរ»

រីឯ​ប្រធាន​អ្នក​តំណាង​រាស្រ្ដ​គណបក្ស​ប្រឆាំង សុន ឆ័យ ក្រៅ​ពី​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​បាន​បញ្ជូន​លោក​ឧបនាយក​រដ្ឋមន្រ្តី​ទៅ​ឆ្លើយ​សំណួរ​របស់​លោក​នៅ​រដ្ឋ​សភា​នោះ​បាន​ឲ្យ​ដឹង​ថា លោក​គ្រោង​នឹង​សួរ​អំពី​ករណី​ប្ដឹង​ផ្ដល់​ចំពោះ​លោក មឿង សុន ផង​ដែរ។

លោក សុន ឆ័យ ថ្លែង​ដូច្នេះ​ថា ៖ «ការ​គ្រប់គ្រង​ប្រទេស​តាម​បែប​ប្រជាធិបតេយ្យ ពលរដ្ឋ​ត្រូវ​ចូលរួម។ ហើយ​អ្វី​ដែល​សាធារណ​ជន ពលរដ្ឋ​លោក​បាន​ធ្វើ គឺ​ធ្វើ​ដោយ​ការ​ស្រលាញ់។ ហើយ​ក្រោយ​ពី​គាត់​ប្រកាស​ផ្អើល​គេ​ផ្អើល​ឯង​ទៅ ក៏​ឃើញ​ហាក់​ដូច​ជា​មាន​ការ​ពិនិត្យ​ទៅ​លើ​អំពើ​ខុស​ឆ្គង​នោះ​ឡើង​វិញ ហើយ​ឥឡូវ​នេះ​ឮ​ថា​ដក​ភ្លើង​ដក​អី​ចេញ​អស់​ហើយ ដូច្នេះ​បាន​ន័យ​ថា អប្សរា​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន។ តើ​មាន​មូលហេតុ​អី​ដែល​ត្រូវ​ប្ដឹង​លោក មឿង សុន? បើ​គាត់​និយាយ​ខុស ខុស​អី? ហើយ​បើ​គាត់​និយាយ​ត្រូវ ហើយ​ខ្លួន​យើង​បាន​កែ​លម្អ ហើយ​គួរ​តែ​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ចូល​រួម​ឲ្យ​កាន់​តែ​ច្រើន​ទៀត»