តាមរយៈការផ្សព្វផ្សាយសៀវភៅទាំងនេះជាផ្នែកមួយជំរុញអោយរដ្ឋាភិបាលកម្ពុជា ចាប់យកបទដ្ឋានអន្តរជាតិមកអនុវត្ត ដើម្បីភាពពេញលេញក្នុងការពារសិទ្ធិពលករចំណាកស្រុក។
តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ជំរុញអោយរដ្ឋាភិបាលកម្ពុជា ផ្ដល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិ ស្ដីពីការពារសិទ្ធិរបស់ពលករទេសន្តប្រវេសន៍ ខណៈប្រទេសនេះបានបង្ហាញកិច្ចខិតខំរបស់ខ្លួនបន្ទាប់ពីបានចុះហត្ថលេខាលើការអនុម័តអនុសញ្ញានេះ កាលពីឆ្នាំ២០០៤។
ការអំពាវនាវនេះធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្ដីពីអនុសញ្ញាអន្តរជាតិការពារសិទ្ធិរបស់ពលករទេសន្តរប្រវេសន៍ និងសមាជិកគ្រួសាររបស់ពួកគេ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១២ ដោយមានអ្នកចូលរួមប្រមាណ ១០០នាក់។ អ្នកចូលរួមជាមន្រ្តីរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍អង្គការសហប្រជាជាតិ សង្គមស៊ីវិល សហជីព និងទីភ្នាក់ងារជ្រើសរើសពលករ។
លោក ជេម ហ៊ីណាន់ (James Heenan) តំណាងរងការិយាល័យ និងជាមន្ត្រីទទួលការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា។ លោកមានប្រសាសន៍តាមរយៈអ្នកបកប្រែថា បើទោះជាកម្ពុជា បានចុះហត្ថលេខាលើអនុសញ្ញាអន្តរជាតិមួយនេះក៏ដោយ ក៏នៅតែចាំបាច់ត្រូវផ្ដល់សច្ចាប័នបន្ថែមទៀត ដែលមានន័យថា កម្ពុជាយល់ព្រមទទួលយកបទដ្ឋានអន្តរជាតិទៅអនុវត្ត។
លោក ជេម ហ៊ីណាន់៖ «នៅពេលដែលកម្ពុជា បានផ្ដល់សច្ចាប័នទើបបានមានការចងកាតព្វកិច្ចតាមផ្លូវច្បាប់ទៅលើអនុសញ្ញាអន្តរជាតិនេះ។ ដូចយើងដឹងហើយថា ការការពារទៅដល់ពលករទេសន្តប្រវេសន៍ គឺជាបញ្ហាសំខាន់សម្រាប់កម្ពុជា ក្នុងពេលនេះ»។
សៀវភៅស្ដីពីអនុសញ្ញាអន្តរជាតិការពារសិទ្ធិរបស់ពលករទេសន្តរប្រវេសន៍ និងសមាជិកគ្រួសាររបស់ពួកគេនោះមានកម្រាស់ ៩១ទំព័រ និងមាន ២ភាសា គឺភាសាខ្មែរ និងអង់គ្លេស ។ ក្នុងនោះមានខ្លឹមសារនៃអនុសញ្ញា រួមមានគោលការណ៍មិនរើសអើង ការគោរពសិទ្ធិពលករ ការលើកកម្ពស់លក្ខខណ្ឌសមស្រប សមធម៌ មនុស្សធម៌ និងស្របច្បាប់ និងការអនុវត្តអនុសញ្ញានេះ។
អ្នកស្រី វេន្នី គូសូម៉ា (Wenny Kusuma) នាយិកាភ្នាក់ងារអង្គការសហប្រជាជាតិដើម្បីសមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្ត្រី ប្រចាំប្រទេសកម្ពុជា។ អ្នកស្រីមានប្រសាសន៍ថា ការទទួលយកបទដ្ឋានអន្តរជាតិទៅអនុវត្ត ជាតឹកតាងដែលកាន់តែជាក់លាក់បន្ថែមទៀតដើម្បីបង្ហាញថា កម្ពុជាមិនបានព្រងើយកន្តើយចំពោះសិទ្ធិពលករចំណាកស្រុក។
ឆ្លើយតបចំពោះការអំពាវនាវនេះ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អ្នកស្រី អ៊ឹង កន្ថាផាវី មានប្រសាសន៍ទទួលស្គាល់ថា ការផ្ដល់សច្ចាប័ននឹងមានអត្ថប្រយោជន៍សម្រាប់កម្ពុជា៖ «ជម្រាបថា ខ្លឹមសារល្អ យើងគួរតែ... ខ្ញុំថាយើងគួរ មិនមែនថា យើងត្រូវទេ យើងគួរគិតគូរក្នុងការផ្តល់សច្ចាប័នហ្នឹង ហើយនាងខ្ញុំ និងក្រសួងមហាផ្ទៃ នឹងទៅខិតខំតស៊ូមតិទៅរដ្ឋាភិបាលថា យើងបានចុះហត្ថលេខាហើយ គួរតែផ្តល់សច្ចាប័នលើអនុសញ្ញានេះ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តអនុសញ្ញានេះ»។
លោក យ៉ា ណាវុធ នាយកប្រតិបត្តិអង្គការខារ៉ាមកម្ពុជា។ លោកមានប្រសាសន៍ថា តាមការសង្កេតនាពេលកន្លងមក ប្រទេសបញ្ជូនតែងតែយកចិត្តទុកដាក់ក្នុងផ្ដល់សច្ចាប័នដែលផ្ទុយគ្នាពីប្រទេសទទួល៖ «យើងសុំអំពាវនាវអោយប្រទេសបញ្ជូនក្តី ប្រទេសទទួលក្តី មេត្តាផ្ដល់សច្ចាប័ន ដូចប្រទេសហ្វីលីពីន អ៊ីចឹង ដើម្បីយើងការពារសិទ្ធិពលករទាំងអស់គ្នា។ ហើយយើងសង្ឃឹមថា យើងនឹងក្លាយជាសហគមន៍អាស៊ានមួយដ៏ពិតប្រាកដដោយពុំមានអ្នកឈ្នះពុំមានអ្នកចាញ់»។
អង្គការសហប្រជាជាតិបានអនុម័តអនុសញ្ញាអន្តរជាតិការពារសិទ្ធិរបស់ពលករទេសន្តរប្រវេសន៍ និងសមាជិកគ្រួសាររបស់ពួកគេ នៅក្នុងមហាសន្និបាត កាលពីឆ្នាំ១៩៩០។ គិតត្រឹមថ្ងៃទី១ ខែមីនា ឆ្នាំ២០១២ មានរដ្ឋចំនួន ៤៥ បានផ្តល់សច្ចាប័ន។ នៅក្នុងអាស៊ីមានប្រទេសមួយចំនួនបានផ្តល់សច្ចាប័ន ក្នុងនោះរួមមាន ប្រទេសហ្វីលីពីន ស្រីលង្ការ ទីម័រខាងកើត និងបង់ក្លាដេស។
ឆ្នាំ២០១១មានពលករខ្មែរចំណាកស្រុកទៅក្រៅប្រទេសជាង១សែននាក់
មន្ត្រីក្រសួងមហាផ្ទៃបង្ហាញថា ក្នុងឆ្នាំ២០១១ មានពលករកម្ពុជាជាង ១សែននាក់ ដែលធ្វើចំណាកស្រុកខុសច្បាប់ទៅក្រៅប្រទេស ត្រូវបានអាជ្ញាធរបរទេសបញ្ជូនមកប្រទេសកម្ពុជាវិញ។
លោក យឹម វីរៈ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន មានប្រសាសសន៍ថា ពលករទាំងនោះ ភាគច្រើនត្រូវបញ្ជូនដោយអាជ្ញាធរបរទេស ក្រៅពីនោះត្រូវនាំមកវិញតាមរយៈមណ្ឌលសំចត ដោយក្រសួងការបរទេសសហការជាមួយអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM)។
លោក យឹម វីរៈ បន្តថា ពលការិនីដែលទៅធ្វើជាស្រ្តីបម្រើការងារផ្ទះនៅប្រទេសម៉ាឡេស៊ី កំពុងតែប្រឈមបញ្ហាធ្ងន់ធ្ងរ ដោយសារសព្វថ្ងៃមានអនុស្សរណៈការពារសិទ្ធិពលករធ្វើចំណាកស្រុកតែជាមួយប្រទេសថៃ និងវៀតណាមប៉ុណ្ណោះ។ ដោយឡែកប្រទេសម៉ាឡេស៊ី និងកម្ពុជានៅមិនទាន់បានចុះអនុស្សរណៈនេះទេ ហើយនៅពេលនេះរដ្ឋាភិបាលកម្ពុជា កំពុងតែពង្រឹងទំនាក់ទំនងជាមួយម៉ាឡេស៊ី។
របាយការណ៍របស់អង្គការខារ៉ាម កម្ពុជា បានបង្ហាញថា ពលករចំណាកស្រុកទៅប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់ មានជាង ២សែននាក់ ទៅកូរ៉េ ស្របច្បាប់ជិត ១ម៉ឺននាក់ និង ពលករដែលទៅម៉ាឡេស៊ីស្របច្បាប់ជាង ២ម៉ឺននាក់៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។