អ្នកស្រី មូរ សុខហួរ បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅសភាជាតិថា ការយល់ព្រមនេះបានធ្វើឡើងតាមរយៈការជួបសន្ទនាផ្ទាល់មាត់នៅសភាជាតិ នៅថ្ងៃទី១៤ ខែតុលា៖ «ខ្ញុំបានសុំពីសម្ដេច ហើយសម្ដេចយោគយល់ សម្ដេចយល់នូវការលំបាករបស់ស្ត្រីខ្មែរយើង។ ខ្ញុំមានការអបអរសាទរគោរពនូវអ្វីដែលជាការណែនាំពីសម្ដេចទៅឯកឧត្ដម សុខ អាន អម្បាញ់មិញថា ឲ្យមើលរឿងស្ត្រីម៉ាឡេស៊ី (ស្ត្រីខ្មែរយើងបញ្ជូនទៅប្រទេសម៉ាឡេស៊ី) មានគ្រោះថ្នាក់ធ្ងន់ពេក។ សម្ដេចយល់យោគ ដឹងនូវករណីហ្នឹង នូវការស្នើរបស់ខ្ញុំ។ ឥឡូវសម្ដេចបានបញ្ជាអប្បាញ់ម៉ិញ ទៅឯកឧត្ដម សុខ អាន ដើម្បីបញ្ចប់ ហើយខ្ញុំ ចំពោះខ្ញុំថា ឲ្យផ្អាកមួយរយៈដើម្បីឈាន… ប៉ុន្តែសម្ដេចសុំឲ្យមានការបញ្ចប់សម្រាប់តែម៉ាឡេស៊ីទេ»។
ក្រុមអ្នកកាសែតបានព្យាយាមសុំការបញ្ជាក់ពីលោក សុខ អាន អំពីរឿងនេះ នៅឯសភាជាតិ ប៉ុន្តែលោក សុខ អាន បានបដិសេធមិនផ្ដល់អត្ថាធិប្បាយណាមួយទេ ដោយលោកជាប់រវល់។
នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរបស់ក្រសួងមហាផ្ទៃ បានបើកយុទ្ធនាការយ៉ាងសកម្មកាលពីសប្ដាហ៍កន្លងទៅនេះ ប្រឆាំងការជួញដូរមនុស្សនៅក្រុមហ៊ុន ធី អែន ភី (T&P) នៅខេត្តកំពង់ឆ្នាំង គឺសង្គ្រោះបានពលការិនីមិនទាន់គ្រប់អាយុ ១៨ឆ្នាំ ចំនួន ៣៥នាក់ ក្រោយពីមានបណ្ដឹងពីឪពុកម្ដាយរបស់ពលការិនីទាំងនោះ។
មេការចំនួន ៤នាក់ ត្រូវបានចាប់ខ្លួនកាលពីសប្ដាហ៍កន្លងទៅនេះ នៅខេត្តកំពង់ឆ្នាំង។
ក្រុមហ៊ុន ធី អែន ភី មានគម្រោងនាំចេញពលការិនីទាំងនោះទៅធ្វើការងារនៅក្នុងប្រទេសម៉ាឡេស៊ី ប៉ុន្តែឯកសារ និងឈ្មោះរបស់ពលករិនីទាំងនោះត្រូវបានគេក្លែងបន្លំ។
អាជ្ញាធរប្រឆាំងការជួញដូរមនុស្ស កំពុងតែបន្តយុទ្ធនាការនេះទៀត នៅខេត្តពោធិ៍សាត់៕