មន្ត្រីគណៈកម្មការកីឡាអូឡាំពិកជាតិកម្ពុជា បានឲ្យដឹងថា មានជនបរទេសមកពី ៥៣ប្រទេសនិងជនជាតិខ្មែរ ដែលក្នុងនោះរួមមានទាំងជនពិការផង ប្រមាណជាង ៤០០០នាក់ បានចូលរួមរត់ប្រណាំងកីឡាពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី១៥ ដែលធ្វើឡើងនៅមុខអង្គរវត្ត កាលពីព្រឹកថ្ងៃអាទិត្យ ទី៥ ខែធ្នូនេះ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការកីឡាអូឡាំពិកជាតិកម្ពុជា បានមានប្រសាសន៍កាលពីព្រឹក ថ្ងៃអាទិត្យថា ចំនួនអ្នកចូលរួមរត់ប្រណាំងកីឡាពាក់កណ្ដាលម៉ារ៉ាតុន អន្តរជាតិ ក្នុងប្រទេសកម្ពុជាឆ្នាំនេះ មានការកើនឡើង ដែលធ្វើឲ្យមានសារៈសំខាន់ជាខ្លាំងទៅលើវិស័យជាច្រើន ដែលកម្ពុជាបានទទួលតាមរយៈនោះ។
លោក ថោង ខុន បានមានប្រសាសន៍ថា ការចូលរួមរត់ប្រណាំងកីឡាពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិឆ្នាំនេះ គឺមានបរទេសជាង ២៧០០នាក់ និងមានជនជាតិខ្មែរចំនួនជាង ១០០០នាក់ទៀត ៖ "ក្នុងហ្នឹងយើងឃើញថា មកពីអង់គ្លេស មកពីបារាំង មកពីអាមេរិកាំង មកពីជប៉ុន មកពីកូរ៉េច្រើនជាងគេ។ ទស្សនដំបូងនៃការរៀបចំការប្រកួតកីឡាម៉ារ៉ាតុងហ្នឹង ដើម្បីចលនាពិភពលោកទាំងមូលហ្នឹង អ្នកដែលចូលរួមហ្នឹង ឲ្យបានចូលរួមចំណែកជួយដល់ជនរងគ្រោះដោយសារគ្រាប់មីន ហើយជួយដល់កាកបាទក្រហមផង។ ទន្ទឹមហ្នឹងក៏បង្កើតបាននូវសាមគ្គីភាព ការសប្បាយរីករាយ ហើយទី៣ កីឡាក៏វាដើម្បីមិត្តភាព ការយោគយល់គ្នាទៅវិញទៅមក ដើម្បីសន្តិភាពទេសចរណ៍អ៊ីចឹងដែរ"។
មានជនបរទេសចម្រុះជាតិសាសន៍ជាច្រើន បានឈរអមដងផ្លូវនៅមុខប្រាសាទអង្គរវត្តដោយស្រែហោរ និងទះដៃអបអរសាទរ ជួយលើកទឹកចិត្តដល់កីឡាកររបស់គេ។
យុវជនខ្មែរម្នាក់បានដណ្ដើមជ័យលាភីលេខ១ ក្នុងការរត់ប្រណាំងកីឡាពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិចម្ងាយ ២១គីឡូម៉ែត្រលើកនេះ។
លោក ហែម ប៊ុនទីង ជាកីឡាកររត់ប្រណាំងដណ្ដើមបានជ័យលាភីលេខ១ បានមានប្រសាសន៍ថា នេះជាមោទនភាពរបស់ប្រជាជាតិខ្មែរទាំងមូល ដើម្បីបំផុសចលនាកីឡានៅប្រទេសកម្ពុជា ឲ្យកាន់តែលូតលាស់ឡើង ៖ "ខ្ញុំសប្បាយចិត្តដូចជាមោទនភាពសម្រាប់ខ្លួនឯងផង និងមោទនភាពសម្រាប់ប្រជាជនជាសញ្ជាតិខ្មែរទាំងអស់ ទូទាំងប្រទេសយើងហ្នឹង គាត់គាំទ្រខ្ញុំនូវការទះដៃតាមផ្លូវ។ ខ្ញុំចង់អំពាវនាវឲ្យប្រជាជនខ្មែរទាំងអស់ទាំងចាស់ទាំងក្មេង មិនថាយើងពូកែ ឬក៏មិនពូកែទេ ឲ្យលេងកីឡាដើម្បីសុខភាពកុំឲ្យមានជំងឺ"។
មន្ត្រីគណៈកម្មការកីឡាអូឡាំពិកជាតិកម្ពុជាបានឲ្យដឹងថា ប្រវត្តិកីឡារត់ប្រណាំងម៉ារ៉ាតុង បានកើតមាននៅប្រទេសខ្មែរចាប់តាំងពីអំឡុងទសវត្សទី៦០មកម្ល៉េះ ប៉ុន្តែបានបាត់បង់ទៅវិញ បន្ទាប់ពីប្រទេសខ្មែរកើតសង្គ្រាមបង្ហូរឈាម។ កីឡារត់ប្រណាំងម៉ារ៉ាតុងបានកើតមានឡើងវិញនៅប្រទេសកម្ពុជា ចាប់ពីឆ្នាំ១៩៩៥ បន្ទាប់ពីប្រទេសខ្មែរបានបញ្ចប់សង្គ្រាម និងរៀបចំការបោះឆ្នោតដោយសេរី និងបង្កើតរាជរដ្ឋាភិបាលថ្មីជាបន្តបន្ទាប់មក៕