លោក ម៉ង់ ពុទ្ធី ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំសាខាខេត្តបន្ទាយមានជ័យ។ លោកបានថ្លែងកាលពីថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ថា លោកសុំឲ្យពលករខ្មែរដែលជាអ្នករងគ្រោះរួមគ្នាផ្ដិតមេដៃធ្វើពាក្យបណ្ដឹងដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់ការតាមផ្លូវច្បាប់ទៅលើមន្ត្រីប៉ូលិសអន្តោប្រវេសន៍នៅចក្រទ្វារអន្តរជាតិប៉ោយប៉ែត។ ការស្នើសុំនេះដោយសារតែលោកមើលឃើញថា មានពលករខ្មែររាប់ម៉ឺននាក់នៅតែបន្តពីសំណាក់សមត្ថកិច្ចប៉ូលិសប្រចាំនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
លោក ម៉ង់ ពុទ្ធី៖ «ពេលដែល ថៃចាប់គឺគាត់ត្រូវរងគ្រោះមួយសា គឺគេឆែកយកលុយកាក់ហ្នឹងអស់បញ្ជូនមកខ្មែរហ្នឹង អាជ្ញាធរខ្មែរជំរិតយកប្រាក់ម្ដងទៀត។ ២០០បាត គឺអាជ្ញាធររបស់លោក សៅ ប៊ុនរិទ្ធិ។ វាអយុត្តិធម៌សម្រាប់ពលករខ្មែរមែនទែន។ យើងឃើញថា បើសិនជាអ្នកហ្នឹងមិនមានលុយទេ ប៉ូលិសលក់ឲ្យអ្នកផ្សេងដូចគក់ជេអ៊ីចឹង។ យកចេញពីប៉ុស្តិ៍តំលៃប៉ុន្មាន ឧបមាថា តំលៃ ៥០០បាត ហើយអ្នកគក់ជេយកដល់ផ្ទះ បាន ២.០០០បាន ទៅ ៣.០០០បាត អ៊ីចឹងទៅ កេងប្រវ័ញ្ចលើកម្មករខ្មែរខ្លួនឯង ដែលរងគ្រោះ ជនបរទេសធ្វើបាបខ្មែរមួយសាហើយ មកដល់ស្រុកខ្មែរប៉ូលិសធ្វើបាបមួយសាទៀត»។
ប្រជាពលរដ្ឋខ្មែរបានត្អូញត្អែរថា ដោយសារតែជីវភាពក្រីក្រ និងនៅស្រុកខ្មែរពុំមានការងារធ្វើបានប្រាក់កម្រៃខ្ពស់ បានបង្ខំឲ្យពួកគេធ្វើចំណាកស្រុកពីខេត្តក្រុងនានា ទៅរកការងារធ្វើនៅស្រុកថៃ។ អ្នកខ្លះទៅដោយស្របច្បាប់ ប៉ុន្តែសម្រាប់អ្នកដែលទៅប្រទេសថៃ ដោយពុំស្របច្បាប់ត្រូវបានរដ្ឋាភិបាលថៃ ចាប់ដាក់ពន្ធនាគារផ្ដន្ទាទោស បន្ទាប់ពីទទួលទោសហើយត្រូវគេចាប់បញ្ជូនមកស្រុកខ្មែរ។
លោក មាន សារិទ្ធ សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែតរបស់គណបក្ស សម រង្ស៊ី។ លោកបានថ្លែងថា ប្រជាពលករខ្មែរទាំងនោះជួបការលំបាក និងរងគ្រោះនៅប្រទេសថៃ ប៉ុន្តែនៅពេលគេបញ្ជូនមកដល់ស្រុកខ្មែរហើយ ក៏ទទួលរងគ្រោះផ្ទួនថែមទៀត៖ «ក្នុងម្នាក់អន់បំផុតក៏ ២០០បាត ទៅ ៣០០បាតដែរ មិនមែនថៃ បញ្ជូនមកហើយ គាត់ឲ្យអ្នកអស់ហ្នឹងទៅស្រុកកំណើត ទៅទីលំនៅរបស់គាត់បានដោយស្រួលទេ ប៉ូលិសហ្នឹងត្រូវនាំអ្នកដែលថៃ បញ្ជូនមកហើយទៅកន្លែងប៉ូលិសហ្នឹងតែម្តងទៅ ធ្វើការណែនាំទៅធ្វើការអប់រំ ប៉ុន្តែការពិតទៅជំរិតយកលុយតែម្តង»។
លោក ហេង ដាវី បុគ្គលិកសង្គមនៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត បានមានប្រសាសន៍ថា ចំនួនប្រជាពលរដ្ឋខ្មែរចូលទៅរកការងារធ្វើនៅក្នុងប្រទេសថៃ មានការកើនឡើង គឺដោយសារតែភាពក្រីក្រ៖ «សម្រាប់មនុស្សចាស់ភាគច្រើន គាត់មកតាមរយៈនិរទេ្ទស ដោយសារជីវភាពគាត់ខ្វះខាត ក៏ប៉ុន្តែកុមារយើងបានអប់រំគាត់ បានយល់ដឹងខ្លះៗ សម្រាប់ឪពុកម្ដាយដែលគាត់នៅតែព្យាយាមទៅ ដោយសារជីវភាពគាត់។ តាមរយៈមេខ្យល់ ដោយខ្លួនឯង ហើយគាត់មកហ្នឹង ភាគច្រើនគាត់មកហ្នឹង មិនមែនមកពីខេត្តនានាទេ គឺមកតាមច្រកទ្វារប៉ោយប៉ែត»។
របាយការណ៍របស់មជ្ឈមណ្ឌលសំចតប៉ោយប៉ែត បានបង្ហាញថា ចំនួនប្រជាពលរដ្ឋខ្មែរដែលអាជ្ញាធរ ថៃ ចាប់បញ្ជូនមកស្រុកខ្មែរវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានចំនួនកើនឡើងច្រើនជាងឆ្នាំ២០១០ រហូតទៅដល់ចំនួនជាង ៥ពាន់ (៥.២៨៧នាក់)។ គិតចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០១១ មានប្រជាពលរដ្ឋខ្មែរចំនួនជាង ១សែននាក់ (១០៩.៩៦០) នៅឆ្នាំ២០១០ ក្នុងរយៈពេលមួយឆ្នាំដូចគ្នា មានតែចំនួន ១០៤.៦៧៣នាក់ប៉ុណ្ណោះ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។