មេធាវីការពារក្ដីឲ្យលោក ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី៥ ខែសីហាថា លោកបានទទួលប្រាក់សំណងជំងឺចិត្ត ចំនួនជាង៤លានរៀលរួចហើយ ពីគណៈកម្មាធិការទទួលបន្ទុកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់សភាជាតិ ដើម្បីប្រគល់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអ្នកបានឈ្នះក្ដីប្រឆាំងនឹងលោកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្សប្រឆាំងសមរង្ស៊ី ក្រោមបទបរិហារកេរ្តិ៍កន្លងមក។ នៅសល់ជាង៣លានរៀលទៀត ដែលលោកនឹងទទួលបាននៅពេលខាងមុខ។
ប្រាក់ចំនួនជាង ៤លានរៀលនោះ ត្រូវគេបើកជូនមេធាវីរបស់ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន កាលពីថ្ងៃពុធ ទី៤ ខែសីហា នៅក្រោយពេលដែលគណៈកម្មាធិការសភាជាតិ ទទួលបន្ទុកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជូនដំណឹងកាលពីថ្ងៃទី៣០ ខែកក្កដាថ្មីៗនេះ ជាប្រាក់សំណងជំងឺចិត្តជូនលោក ហ៊ុន សែន។
មេធាវីការពារក្ដីឲ្យលោក ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា គឺលោក គី តិច បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៥ ខែសីហាថា ៖ «៨លានហ្នឹង គឺកាត់ ២ខែ។ កាត់សម្រាប់ខែកក្កដាមួយ និងខែសីហាមួយ។ ខែកក្កដា ខ្ញុំបានបើកអស់ហើយ។ សល់៣លានរៀលជាងទៀត។ សម្ដេចគាត់បានឲ្យបើកទុកសិន ហើយចាំគ្រប់គាត់ចាត់ចែងតាម។ ពេលហ្នឹងបានដឹង»។

លោក គី តិច បានមានប្រសាសន៍បញ្ជាក់ទៀតថា ប្រាក់ពិន័យចំនួន ៨លាន ៥សែនរៀលទៀត សម្រាប់បង់ចូលរតនាគារជាតិនោះ ត្រូវបានតុលាការបានទុកឱកាសឲ្យលោកស្រី មួរ សុខហួរ អ្នកអនុវត្តដោយខ្លួនឯង បើមិនដូច្នោះទេ គេនឹងមានវិធានការ ឬនីតិវិធីតាមក្រោយទៀត។
តំណាងរាស្ត្រគណបក្សប្រឆាំងសមរង្ស៊ី លោកស្រី មួរ សុខហួរ ដែលកំពុងតែចុះទៅជួបប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង នៅថ្ងៃទី៥ ខែសីហានេះ បានមានប្រសាសន៍តាមទូរស័ព្ទមកថា ៖ «គឺយកដោយគំរាមកំហែង និងដោយបង្ខិតបង្ខំ ដូច្នេះស្មារតីរបស់ខ្ញុំគឺនៅតែដដែល។ គឺទាមទារឲ្យមានប្រព័ន្ធយុត្តិធម៌មួយ កុំឲ្យមានអ្នករងគ្រោះដោយសារប្រព័ន្ធយុត្តិធម៌អយុត្តិធម៌។ និងជាសត្តប្បករណ៍នយោបាយតទៅទៀត»។
តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០០៩កន្លងទៅ បានប្រកាសសាលក្រមផ្ដន្ទាទោស លោកស្រី មួរ សុខហួរ ដោយផាកពិន័យជាប្រាក់ចំនួនសរុប ១៦លាន ៥សែនរៀល ស្មើនឹង៤.១០០ដុល្លារអាមេរិក ក្រោមបទបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ប្រាក់ពិន័យទាំងនោះ គឺមាន២ផ្នែក។ ទី១ គឺមានចំនួន ៨លានរៀល ជាប្រាក់សំណងជំងឺចិត្ត ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងទី២ ជាប្រាក់ចំនួន៨លាន ៥សែនរៀល គឺសម្រាប់បង់ចូលរតនាគារជាតិ។
លោកស្រី មួរ សុខហួរ ដែលបានចាញ់ក្ដីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងមក គឺនៅក្នុងសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០០៩។ នៅសាលាឧទ្ធរណ៍ គឺនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០០៩ និងបានចាញ់ក្ដីចុងក្រោយទៀត នៅឯតុលាការកំពូល នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១០ នៅគ្រាដែលលោកស្រីពុំអាចរកមេធាវីជួយការពារក្ដីនេះបាន។
កន្លងមក អង្គការការពារសិទ្ធិមនុស្ស នៅក្នុងស្រុក និងអន្តរជាតិ រាប់ទាំងការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា បានរិះគន់អំពីនីតិវិធីមិនប្រក្រតីនានារបស់តុលាការកម្ពុជា លើសំណុំរឿងនេះ៕