តុលាការ​ស្នើ​ឲ្យ​សភា​កាត់​ប្រាក់​ខែ​​លោកស្រី មូរ ​សុខ​ហួរ

តុលាការ​ក្រុង​ភ្នំពេញ​បាន​ស្នើ​ឲ្យ​រដ្ឋ​សភា​កាត់​ប្រាក់​ខែ​តំណាង​រាស្ត្រ ​គណបក្ស​ជំទាស់ លោក​ស្រី មូរ សុខហួរ ដើម្បី​សង​ជំងឺ​ចិត្ត​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

0:00 / 0:00

ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ លោក ជា សុខ​ហៀង នៅ​ថ្ងៃ​អង្គារ ទី​២០ កក្កដា បាន​សម្រេច​ស្នើ​សុំ​ឲ្យ​រដ្ឋ​សភា​កម្ពុជា រឹប​អូស​ប្រាក់​ខែ​រដ្ឋ​សភា​របស់​លោក​ស្រី មូរ សុខ​ហួរ ក្នុង​មួយ​ខែ ៤​លាន ២​សែន ៤​ពាន់ ៨​រយ និង​៩៩​រៀល ដើម្បី​សង​ជំងឺ​ចិត្ត​លោក ហ៊ុន សែន។

តុលាការ​កាត់​ឲ្យ​លោក​ស្រី​បង់​ប្រាក់​ពិន័យ​ជំងឺ​ចិត្ត​លោក ហ៊ុន សែន ចំនួន ៨​លាន​រៀល និង ៨​លាន ៥​សែន​រៀល​ទៅ​ឲ្យ​រតនាគារ​ក្រុង​ភ្នំពេញ។

លោក ជា សុខ​ហៀង ក៏​បាន​បញ្ជា​ឲ្យ​លោក​ស្រី មូរ សុខ​ហួរ មិន​ត្រូវ​រារាំង​ចាត់​ចែង ឬ​ហាម​ឃាត់​មន្ត្រី​ទទួល​បើក​ប្រាក់​ខែ​របស់​រដ្ឋ​សភា ចំពោះ​ការ​រឹប​អូស​បំណុល​នេះ​ទេ។

សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា លោក ជាម យៀប មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី​២១ កក្កដា​ថា រដ្ឋ​សភា​កម្ពុជា ប្ដេជ្ញា​នឹង​កាត់​ប្រាក់​ខែ​រដ្ឋ​សភា​របស់​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់ លោក​ស្រី មូរ សុខ​ហួរ ដើម្បី​យក​ប្រាក់​ទៅ​សង​ជំងឺ​ចិត្ត​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ក្នុង​ករណី​ដែល​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ឲ្យ​លោក​ស្រី​ចាញ់​ក្តី ក្នុង​ករណី​បរិហារកេរ្តិ៍​លោក ហ៊ុន សែន។

លោក ជាម យៀប មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី​២១ កក្កដា​ថា រដ្ឋ​សភា​កម្ពុជា​គ្មាន​ជម្រើស​ក្រៅ​ពី​កាត់​ប្រាក់​ខែ​រដ្ឋសភា​របស់​លោក​ស្រី មូរ សុខ​ហួរ ដើម្បី​សង​ប្រាក់​ពិន័យ​ជំងឺ​ចិត្ត​របស់​លោក ហ៊ុន សែន។ លោក​ថា ទោះបី​ជា​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋសភា មិន​អនុញ្ញាត​ឲ្យ​រដ្ឋសភា​កាត់​ប្រាក់​ខែ​អ្នក​តំណាង​រាស្ត្រ​ក៏​ដោយ ប៉ុន្តែ​សភា​មិន​អាច​ប្រឆាំង​ការ​សម្រេច​របស់​តុលាការ ដើម្បី​បង្ខំ​កាត់​ប្រាក់​ខែ​លោក​ស្រី មូរ សុខ​ហួរ បាន​ទេ។

លោក​ថា​ប្រាក់​ខែ​របស់​លោក​ស្រី មូរ សុខ​ហួរ គិត​ជា​ទឹក​ប្រាក់ ប្រមាណ ៨​លាន​រៀល ក្នុង​មួយ​ខែ។ ហើយ​រដ្ឋសភា​អាច​កាត់​ពី ៧០​ភាព​រយ នៃ​ទឹក​ប្រាក់​ខែ​សរុប​របស់​លោក​ស្រី មូរ សុខ​ហួរ។

លោក​ស្រី មូរ សុខ​ហួរ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ​ដែរ​ថា លោក​ស្រី​មិន​សុខ​ចិត្ត​ឲ្យ​រដ្ឋ​សភា​កម្ពុជា​កាត់​ប្រាក់​ខែ​លោក​ស្រី ហើយ​ប្រសិន​បើ​រដ្ឋ​សភា​កាត់​ប្រាក់​ខែ​លោក​ស្រី​មែន​នេះ ជា​ការ​រំលោភ​សិទ្ធិ​របស់​អ្នក​តំណាង​រាស្ត្រ។ លោក​ស្រី​ថា ការ​រឹប​អូស​ប្រាក់​នេះ មិន​ប៉ះ​ពាល់​ដល់​ការ​បំពេញ​ការ​ងារ​ជួយ​រាស្ត្រ​របស់​លោក​ស្រី​ទេ។

តុលាការ​កម្ពុជា​នៅ​តែ​បន្ត​ការ​អនុវត្ត​ផាក​ពិន័យ​លោក​ស្រី មូរ សុខ​ហួរ ទោះបី​ជា​មាន​ការ​រិះ​គន់​ថា ករណី​របស់​លោក​ស្រី មូរ សុខ​ហួរ ជា​ករណី​នយោបាយ។ ហើយ​ករណី​នេះ ជា​ការ​បង្ហាញ​ពី​ភាព​ធ្លាក់​ចុះ​នៃ​សិទ្ធិ​បញ្ចេញ​មតិ​នៅ​កម្ពុជា៕