តំណាងចលនាស្ត្រីដើម្បីប្រជាធិបតេយ្យបានថ្លែងឲ្យដឹងនៅថ្ងៃទី២៤ ខែកក្កដាថា ក្រុមអ្នកតស៊ូមតិមានកម្មការិនី ស្ត្រីរកស៊ីផ្លូវភេទ អ្នករត់ម៉ូតូឌុប និងប្រជាពលរដ្ឋផ្សេងទៀត បានរៃអង្គាសប្រាក់បានជាង ១០លានរៀល សម្រាប់ការសងជំងឺចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំនួសការរឹបអូសប្រាក់ខែសភា របស់លោកស្រី មូរ សុខហួរ បើសិនជាលោកស្រីយល់ព្រម។
កញ្ញា អរុណ រស្មី បានមានប្រសាសន៍ថា នៅថ្ងៃអង្គារ ទី២៧ ខែកក្កដា ខាងមុខនេះ ពួកគាត់នឹងរៀបចំវេទិកាតុមូលមួយនៅឯភោជនីយដ្ឋានបៃតង ក្នុងរាជធានីភ្នំពេញ ដើម្បីសម្រេចជាចុងក្រោយថា តើថវិកាដែលប្រមូលបានជាង ១០លានរៀលនោះយកទៅធ្វើអ្វី? ប៉ុន្តែគោលបំណងសំខាន់ គឺពួកគាត់ចង់យកថវិកាទាំងនេះបង់ការសងជំងឺចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមការសម្រេចរបស់តុលាការរាជធានីភ្នំពេញ ជំនួសការកាត់ប្រាក់ខែរបស់លោកស្រី ប្រសិនបើលោកស្រី មូរ សុខហួរ យល់ព្រមតាមសំណើរបស់ពួកគាត់នោះ។
កញ្ញា អរុណ រស្មី ឲ្យដឹងដូច្នេះ ៖ «យើងសុំទទូចឲ្យលោកស្រីគាត់ទទួលយកនូវទឹកចិត្តរបស់ពួកយើង។ យើងអត់ទាន់បានជូនថវិកាហ្នឹងទៅលោកស្រី។ បន្ទាប់ពីខ្ញុំធ្វើសន្និសីទកាសែតកាលពីថ្ងៃ១៤ (កក្កដា) គឺលោកស្រីនៅតែប្រកាសសេចក្ដីសម្រេចចុងក្រោយយ៉ាងដាច់អហង្ការថា លោកស្រីមិនទទួលយកទេ លោកស្រីសូមថ្លែងអំណរគុណដល់ពួកយើង»។
វិទ្យុអាស៊ីសេរី មិនអាចសុំការអធិប្បាយពីលោកស្រី មូរ សុខហួរ ទាក់ទងនឹងករណីនេះបានទេនៅថ្ងៃទី២៤ ខែកក្កដានេះ ប៉ុន្តែលោកស្រីបានឲ្យដឹងនៅថ្ងៃទី២១ ខែកក្កដាថា ទោះជាយ៉ាងណា លោកស្រីមិនយល់ព្រមឲ្យរដ្ឋសភាកាត់ប្រាក់ខែលោកស្រីទេ ហើយថា ប្រសិនបើរដ្ឋសភាកាត់ប្រាក់លោកស្រីមែននោះ ជាការរំលោភសិទ្ធិរបស់អ្នកតំណាងរាស្ត្រ។
កាលពីថ្ងៃទី២០ ខែកក្កដា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ជា សុខហៀង បានសម្រេចស្នើសុំឲ្យរដ្ឋសភាកម្ពុជា រឹបអូសប្រាក់ខែរដ្ឋសភារបស់លោកស្រី មូរ សុខហួរ ក្នុងមួយខែ ៤.០០៤.៨៩៩រៀល (បួនលានបួនពាន់ប្រាំបីរយកៅសិបប្រាំបួនរៀល) ដើម្បីសងជំងឺចិត្តលោក ហ៊ុន សែន។
សាលាដំបូងរាជធានីភ្នំពេញ បានកាត់ឲ្យលោកស្រី មូរ សុខហួរ បង់ប្រាក់ពិន័យជំងឺចិត្តលោក ហ៊ុន សែន ចំនួន ៨លានរៀល និងពិន័យព្រហ្មទណ្ឌចំនួន ៨,៥លានរៀលផ្សេងទៀត ទៅឲ្យរតនាគាររាជធានីភ្នំពេញ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានមានប្រសាសន៍ថា នេះជារឿងល្អមួយ ដែលក្រុមស្ត្រីបង្ហាញពីឆន្ទៈក្នុងការជួយស្ត្រីលើឆាកនយោបាយ។
លោក អ៊ូ វីរៈ មានប្រសាសន៍ដូច្នេះ ៖ «ករណីដែលពួកគាត់ហ៊ានប្រមូល(ប្រាក់)ដើម្បីបង្ហាញឆន្ទៈគាំទ្រលោកស្រី មូរ សុខហួរ ឬអ្នកនយោបាយស្ត្រី ដែលជាទូទៅគឺជារឿងមួយល្អសម្រាប់កម្ពុជា។ យើងសង្ឃឹមថា គណបក្សទាំងអស់គាំទ្រចលនា និងសកម្មភាពបែបនេះ»។
កាលពីពេលថ្មីៗនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញការវិភាគច្បាប់នៃនីតិវិធីតុលាការ ដែលនាំឲ្យមានការផ្ដន្ទាទោសអ្នកតំណាងរាស្ត្រ មូរ សុខហួរ នោះថា ជារឿងមិនឯករាជ្យរបស់តុលាការ ពីព្រោះសមាសភាពតុលាការនៅកម្ពុជា ត្រូវបានបង្កើតឡើងដោយមន្ត្រីជាន់ខ្ពស់ និងទីប្រឹក្សារបស់គណបក្សប្រជាជនកម្ពុជា ហើយចៅក្រមមួយចំនួនមានឥទ្ធិពលទៅលើនីតិវិធីតុលាការ ដែលបង្ហាញពីទំនាក់ទំនងយ៉ាងច្បាស់ជាមួយគណបក្សនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕