សភា​អនុម័ត​ច្បាប់​ស្ដីពី​នីតិ​វិធី​នៃ​រឿង​ក្ដី​រដ្ឋប្បវេណី​ដែល​មិន​មែន​ជា​បណ្ដឹង

សភា​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ពុធ ទី​៩ ខែ​មិថុនា បាន​អនុម័ត​ច្បាប់​ស្ដីពី​នីតិ​វិធី​នៃ​រឿង​ក្ដី​រដ្ឋប្បវេណី​ដែល​មិន​មែន​ជា​បណ្ដឹង។ ច្បាប់​នេះ​មាន ១០​ជំពូក ចែក​ជា ៥៦​មាត្រា មាន​សំឡេង​គាំទ្រ ៨០ លើ ៨៧​សំឡេង។

លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​ធនាគារ និង​សវនកម្ម​នៃ​រដ្ឋ​សភា និង​ជា​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា សេចក្តី​ព្រាង​ច្បាប់​ស្តីពី​នីតិ​វិធី​នៃ​រឿង​ក្តី​រដ្ឋប្បវេណី​ដែល​មិន​មែន​ជា​បណ្តឹង​នេះ តាក់តែង​ឡើង​ក្នុង​គោល​បំណង​ធានា​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​នីតិ​វិធី​ក្នុង​ការ​ដោះស្រាយ​រឿង​ក្តី​រដ្ឋប្បវេណី​ដែល​មិន​មែន​ជា​បណ្តឹង។

លោក ជាម យៀប មាន​ប្រសាសន៍​ថា ៖ «អ៊ីចឹង​ទេ​យើង​ឃើញ​ថា មាន​សារប្រយោជន៍​ណាស់​នូវ​អ្វីៗ​ជា​បញ្ហា​របស់​សង្គម សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​សង្គម ដែល​មាន​កើត​ជា​វិវាទ ព្រះរាជ​អាជ្ញា​មាន​សិទ្ធិ។ កាល​នៅ​ក្នុង​ក្រម​ព្រហ្មណ្ឌ ១៣០៥​មាត្រា អត់​មាន​ចែង​អា​ហ្នឹង​ទេ ឥឡូវ​ច្បាប់​នេះ​ចែង​បន្ថែម​ទៀត បំពេញ​បន្ថែម​ទៅ​លើ​ក្រម​រដ្ឋប្បវេណី​ដែល​មិន​ទាន់​បាន​ចែង»

របាយការណ៍​ស្តីពី​ការ​ពិនិត្យ​នៃ​រឿង​ក្តី​រដ្ឋប្បវេណី​ដែល​មិន​មែន​ជា​បណ្តឹង បាន​សរសេរ​ថា ច្បាប់​ស្តីពី​ការ​ពិនិត្យ​នៃ​រឿង​ក្តី​រដ្ឋប្បវេណី​ដែល​មិន​មែន​ជា​បណ្តឹង​មាន ១០​ជំពូក និង ៥៦​មាត្រា ដែល​សភា​បាន​ពិភាក្សា និង​អនុម័ត​នៅ​ពេល​នេះ បាន​រៀបចំ​ឡើង​តាម​បទបញ្ញត្តិ​ដែល​មាន​ចែង​ក្នុង​មាត្រា ៩១​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ៕