កម្ពុជា​នឹង​ណែនាំ​ឲ្យ​ប្រើ​ឱសថ​ថ្មី​សម្រាប់​ព្យាបាល​ជំងឺ​គ្រុន​ចាញ់

មន្រ្តី​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុន​ចាញ់​នៃ​ក្រសួង​សុខាភិបាល​នៅ​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ មករា ឆ្នាំ​២០០៩​នេះ​ថា មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុន​ចាញ់​មាន​គម្រោង​នឹង​ធ្វើការ​ប្ដូរ​ឱសថ​ថ្មី​មួយ​សម្រាប់​ការ​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​-ថៃ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

0:00 / 0:00

ប្រធាន​មជ្ឈមណ្ឌល​ជាតិ​កំចាត់​ជំងឺ​គ្រុន​ចាញ់ លោក​វេជ្ជបណ្ឌិត ឌួង សុជាតិ បាន​បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គម្រោង​ផ្លាស់​ប្តូរ​ឱសថ​ថ្មី​នេះ ពីព្រោះ​គេ​បាន​សង្កេត​ឃើញ​ថា​ឱសថ​ដែល​គេ​ប្រើប្រាស់​ក្នុង​ការ​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​កន្លង​មក ក៏​ដូច​សព្វថ្ងៃ​គឺ​កំពុងតែ​មាន​ភាព​ស៊ាំ​សម្លាប់​មេរោគ​មិន​សូវ​មាន​ប្រសិទ្ធ​ភាព។

លោក​បាន​បន្ត​ទៀត​ថា បញ្ហា​ភាព​ស៊ាំ​នោះ​ក៏​ដោយសារ​កត្តា​ច្រើន​យ៉ាង ដូច​ជា​ការ​ប្រើប្រាស់​ឱសថ​មិន​គ្រប់​កម្រិត​តាម​វេជ្ជ​បញ្ជា ឬ​ការ​ផ្តល់​ការ​ព្យាបាល​មិន​ច្បាស់​លាស់​ជា​ដើម ៖ «អ៊ីចឹង បើ​សិន​យើង​មិន​គ្រប់គ្រង​ភាព​ស៊ាំ​ហ្នឹង​ឲ្យ​វា​ទាន់​ពេល វា​នឹង​រាល​ដាល​ទៅ​ទូទាំង​ប្រទេស ហើយ​ក៏​អាច​ឆ្លង​ទៅ​តំបន់​ផ្សេង​ទៀត»

ថ្មីៗ​នេះ សារព័ត៌មាន​បរទេស​ក៏​បាន​ដក​ស្រង់​សម្ដី​របស់​មន្ត្រី​សុខាភិបាល​នៃ​អង្គការ​សុខភាព​ពិភពលោក លោក ប៉ាស្កាល់ រីងវ៉ាល់ (Pascal Ringwald) មាន​ប្រសាសន៍​ថា យើង​កំពុង​ប្រឈម​នឹង​បញ្ហា​មួយ​គឺ​ការ​សម្លាប់​មេរោគ​គ្រុន​ចាញ់ ដែល​មុន​នេះ ពី​ចន្លោះ ២៤​ម៉ោង ទៅ ៣៦​ម៉ោង គឺ​មេរោគ​នោះ​វា​ស្លាប់​បាន ឥឡូវ​ទាល់​តែ ១២០​ម៉ោង ទើប​មេរោគ​គ្រុន​ចាញ់​ស្លាប់​បាន។

ដោយសារ​តែ​មាន​ភាព​ស៊ាំ​យ៉ាង​ដូច្នោះ​ហើយ គេ​ឃើញ​មាន​ការ​កើន​ឡើង​នូវ​ជំងឺ​គ្រុន​ចាញ់​នៅ​តាម​តំបន់​ខ្លះ​នៃ​ព្រំដែន​កម្ពុជា​-ថៃ ដូចជា​នៅ​ក្រុង​ប៉ៃលិន។

នាយ​រង​សឹក​រង​ប្រចាំ​ក្រុង​ប៉ៃលិន លោក ញ៉ាត់ លី បាន​បញ្ជាក់​ថា ប្រមាណ​ជាង​មួយ​សប្តាហ៍​កន្លង​មក​នេះ មាន​ការ​កើត​ជំងឺ​គ្រុន​ចាញ់​ច្រើន ហើយ​កង​ទ័ព​ដែល​កំពុង​ប្រចាំការ​នៅ​តាម​ព្រំដែន​នេះ​កំពុង​តែ​ខ្វះខាត​មុង​សម្រាប់​ការពារ​មូស​និង​ខ្វះ​ថ្នាំ​ព្យាបាល ៖ «យើង​ដូច​ថា ឡើង​ទៅ​ភ្នំ​អ៊ីចឹង ព្រោះ​នៅ​ការពារ​ព្រំដែន​វា​ឆ្ងាយ​ពី​ពេទ្យ ផ្លូវ​វា​ពិបាក​ពេក»

ប្រធាន​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុន​ចាញ់ លោក​វេជ្ជបណ្ឌិត ឌួង សុជាតិ បាន​មាន​ប្រសាសន៍​ថា ឱសថ​ថ្មី​ដែល​បម្រុង​នឹង​ធ្វើការ​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​នោះ គឺ​គេ​នឹង​ចែកចាយ​ដល់​កង​ទ័ព ព្រមទាំង​គ្រប់​មណ្ឌល​សុខភាព​នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​-ថៃ។

លោក​បាន​បញ្ជាក់​ទៀត​ថា ឱសថ​ថ្មី​នេះ​គឺ​អាច​ជួយ​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់។

លោក​វេជ្ជបណ្ឌិត ឌួង សុជាតិ មាន​ប្រសាសន៍​ថា ៖ «ឱសថ​ហ្នឹង​អក្សរ​កាត់​វា DHA ហើយ​និង​ពីពេរ៉ាគីន អក្សរពេញវា ឌីឌ្រូទេមីស៊ីនីន (Dihydroartemisinin) បូក​និង Piperaquine ជា​ឱសថ​មួយ​ដែល​មិន​មាន​ភាព​ស៊ាំ​ទេ ហើយ​ក៏​មិន​មាន​ប្រតិកម្ម​ខ្លាំង​ដូច​ជា​ឱសថ​ដែល​យើង​ប្រើប្រាស់​រាល់​ថ្ងៃ​ហ្នឹង ប្រើ​ថ្មី ប្រើ​តែ ២​ថ្ងៃ​ផង»

លោក​វេជ្ជ​បណ្ឌិត បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ស្ថានភាព​ជំងឺ​គ្រុន​ចាញ់​នៅ​កម្ពុជា​សព្វ​ថ្ងៃ​គេ​ឃើញ​មាន​ការ​ថយ​ចុះ​ច្រើន ដូច​ជា​នៅ​ឆ្នាំ​២០០៧ មាន ៥៩.០០០​ករណី ក្នុង​នោះ​មាន​ស្លាប់ ២៤១​នាក់ ប៉ុន្តែ​នៅ​ឆ្នាំ​២០០៨​កន្លង​ទៅ មាន​តែ ៥៤.០០០​ករណី ហើយ​ស្លាប់​ថយ​មក​នៅ​ត្រឹម​តែ ១៨៤​នាក់៕