របាយ​ការណ៍​បឋម​អំពី​ឧបទ្ទវហេតុ​កោះ​ពេជ្រ

ឧបទ្ទវហេតុ​មនុស្ស​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​មជ្ឈ​មណ្ឌល​កម្សាន្ត​កោះ​ ពេជ្រ ដែល​បាន​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​កន្លង​មក​នេះ ត្រូវ​បាន​មន្ត្រី​គណៈកម្មាធិការ​ដោះ​ស្រាយ​ការ​ងារ​បន្ទាន់​ផ្សព្វ​ផ្សាយ​ របាយ​ការណ៍​បឋម​នៅ​វេលា​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា​នេះ​ថា មាន​អ្នក​ស្លាប់​រហូត​ដល់ ៣៧៨​នាក់ និង​មាន​អ្នក​របួស ៧៥៥​នាក់។

តាំង​ពី​ព្រឹក​ព្រលឹម​នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ក្រោយ​ពី​ឧបទ្ទវហេតុ​ផ្អើល​រត់​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​មួយ​ថ្ងៃ​មក ក្រុម​គ្រួសារ​សព និង​អ្នក​របួស​ភាគ​ច្រើន​មក​ពី​តាម​បណ្ដា​ខេត្ត​នានា នៅ​តែ​កំពុង​ស្វះ​ស្វែង​រក​សាច់​ញាតិ​នៅ​សាល​តម្កល់​សាក​សព និង​បន្ទប់​សង្គ្រោះ​របស់​មន្ទីរ​ពេទ្យ។

នៅ​ក្នុង​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ ហៅ​ពេទ្យ​លោក​សង្ឃ និង​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ហៅ​ថា​ពេទ្យ​រុស្ស៊ី សាក​សព​អ្នក​រង​គ្រោះ ត្រូវ​បាន​គេ​ដាក់​តម្រៀប​គ្នា​ត្រៀប​ត្រា ដែល​ក្រុម​គ្រូ​ពេទ្យ​កំពុង​ធ្វើ​កោសល្យវិច័យ និង​ផ្ដិត​ម្រាម​ដៃ​ដើម្បី​សំគាល់ និង​រក​អត្តសញ្ញាណ​របស់​សាក​សព។

លោក​វេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន នៅ​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ បាន​ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា​ថា លោក​កំពុង​ធ្វើ​កោសល្យវិច័យ​លើ​សាក​សព​ចំនួន ៤៩​នាក់ ៖ «យើង​រៀបចំ​ធ្វើ​កោសល្យវិច័យ​ទាំង​អស់​ហ្នឹង ព្រោះ​ឥឡូវ​ខ្ញុំ​ធ្វើ​នៅ​ពេទ្យ​រុស្សី​ហើយ​អស់ កាល់​ម៉ែត្រ​អី​ធ្វើ​ហើយ នៅ​សល់​ប៉ុន្មាន​យើង​ធ្វើ​បន្ត»

សាកសព​ប្រមាណ ១៣៩​នាក់ ក៏​កំពុង​ដាក់​តម្កល់​នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ដើម្បី​ធ្វើ​កោសល្យវិច័យ​ដូច​គ្នា​ដែរ។

គ្រួសារ​ដែល​ស្វែង​រក​សាកសព​បាន​ដើរ​បើក​ក្រណាត់​ក្រប​សព​ដើម្បី​រក​សាច់​ញាតិ​របស់​ខ្លួន។ ជា​មួយ​ក្រុម​គ្រួសារ​ដែល​បាន​រក​ឃើញ​សាក​សព​ជា​សាច់​ញាតិ​របស់​ខ្លួន បាន​ស្រែក​ទ្រហោ​យំ​នឹក​ស្រណោះ​ស្រណោក នៅ​ពេល​ដែល​ឃើញ​សាច់​ញាតិ​របស់​ខ្លួន​ស្លាប់​បាត់​បង់​ជីវិត​យ៉ាង​អាណោច​អាធ័ម​បែប​នេះ។

ក្បែរ​ទី​កន្លែង ឬ​សាល​តម្កល់​សព នៅ​ក្នុង​មន្ទីរ​ពេទ្យ​ក្រុម​គ្រួសារ​សាច់​ញាតិ​សព​ជា​មួយ​និង​សមត្ថកិច្ច​កំពុង​ធ្វើ​ការ​យ៉ាង​មមាញឹក​បំពេញ​បែប​បទ​ដោយ​បង្ហាញ​អត្តសញ្ញាណប័ណ្ណ​សៀវភៅ​គ្រួសារ និង​រូប​ថត​សព​ជា​ដើម ដើម្បី​ទទួល​យក​សាក​សព​ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត។

លោក សំហេង បុរស អគ្គ​លេខាធិការ​នៃ​ក្រសួង​សង្គមកិច្ច អតីត​យុវជន និង​យុវ​នីតិ​សម្បទា​មាន​ប្រសាសន៍​ថា មន្ត្រី​ក្រសួង​កំពុង​រៀបចំ​បញ្ជូន​សាក​សព​ទៅ​តាម​មន្ទីរ​សង្គមកិច្ច​ខេត្ត ដោយ​សហការ​ជា​មួយ​ក្រសួង​ការ​ពារ​ជាតិ​ជា​ការ​សម្រួល​ដល់​ក្រុម​គ្រួសារ​សព ដែល​ពុំ​មាន​លទ្ធភាព​ដឹក​ជញ្ជូន​សាក​សព​ទៅ​ដោយ​ខ្លួន​ឯង ៖ «នៅ​ពេល​ដែល​យើង​កំណត់​អត្តសញ្ញាណ​បាន​ហើយ​នៅ​ពេល​ដែល​គ្រួសារ​សព​មក​ដល់ នៅ​ពេល​ហ្នឹង​គឺ​យើង​ប្រមូល​ព័ត៌មាន​របស់​គេ ហើយ​យើង​ចេញ​លិខិត​បញ្ជាក់​មួយ លិខិត​ហ្នឹង​ដើម្បី​ផ្ដល់​ថវិកា​ជូន​គេ​នៅ​ពេល​ក្រោយ»

រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​បាន​ប្រកាស​ឲ្យ​ប្រជា​ពល​រដ្ឋ និង​មន្ត្រី​រាជ​ការ​ទូទាំង​ប្រទេស​កាន់​ទុក្ខ​មួយ​ថ្ងៃ នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ដើម្បី​ចូល​រួម​កាន់​ទុក្ខ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ផង​ដែរ៕