សេចក្តីអំពាវនាវនេះធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០០៩ បន្ទាប់ពីអង្គការសិទ្ធិមនុស្សខាងលើរកឃើញសេចក្តីរាយការណ៍ចំនួនពីរផ្ទុយគ្នាដែលឆ្លុះបញ្ចាំងនូវភាពមិនប្រក្រតីទាក់ទិនលោក ថោ សារ៉ន បន្ទាប់ពីបានដោះស្រាយរឿងក្តីអ្នកភូមិប៉ាតាងដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុនឌីអឹមហ្រ្គូប។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ៖ «វាអាចទាក់ទងទៅនឹងអំពើពុករលួយនិងជំរុញឲ្យការកាត់ក្ដីរបស់ចៅក្រម ថោ សារ៉ន បានផលមកដល់ខ្លួន ឈានទៅដល់គំរាមកំហែងទៀត»។
កាសែតក្នុងស្រុកមួយឈ្មោះ ឌឹ ឃែមបូឌា ដេលី ចេញផ្សាយសម្រាប់ថ្ងៃសៅរ៍ អាទិត្យ ទី២៩ និង ៣០ ខែសីហា ឆ្នាំ២០០៩ បានដកស្រង់ប្រសាសន៍របស់លោក ណាំ ហួត ជំទប់ទីមួយឃុំប៉ាតាង ថា អាជ្ញាធរមូលដ្ឋាននឹងផ្តល់ដី៧០ហិកតារឲ្យទៅលោក ថោ សារ៉ន ជាថ្នូរនឹងការទម្លាក់ចោលបទចោទប្រកាន់អ្នកភូមិប៉ាតាងជាង១០នាក់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនឌីអឹមហ្រ្គូប។
ក៏ប៉ុន្តែក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយវិទ្យុអាស៊ីសេរី លោក ណាំ ហួត បដិសេធ ៖ «ទេអត់អ៊ីចឹងទេ! គាត់សុំដីតំបន់រេចរឹលហ្នឹងចិញ្ចឹមគោ»។
នៅថ្ងៃសៅរ៍ ទី២៩ សីហា ឆ្នាំ២០០៩ វិទ្យុអាស៊ីសេរីមិនអាចទាក់ទង លោក ថោ សារ៉ន ដើម្បីបញ្ជាក់បញ្ហាខាងលើបានទេ ហើយទូរស័ព្ទលោកមិនអាចភ្ជាប់បាន។
លោក គង់ស្រ៊ុន អភិបាលស្រុកលំផាត់ មានប្រសាសន៍ថា លោក ថោ សារ៉ន ពិតជាបានស្នើសុំដី១០០ហិកតារសម្រាប់ចិញ្ជឹមគោ។
លោក គង់ ស៊្រុន បញ្ជាក់ថា ៖ «មេឃុំហ្នឹងត្រូវទទួលខុសត្រូវ។ គាត់ប្រាប់ខ្ញុំ អត់មាននិយាយពីរឿងថា ការដោះដូរជាថ្នូរចំពោះប្រជាជនដែលជាប់ចោទនៅតុលាការទេ។ លិខិតហ្នឹងអត់មានចុះហត្ថលេខាទេ ខ្ញុំបានប្រគល់ឲ្យទៅវិញហើយ ពាក្យពេចន៍មួយចំនួនមានការខុសឆ្គង»។
ប្រភពពីអ្នកភូមិប៉ាតាងសុំមិនឲ្យបញ្ចេញឈ្មោះឲ្យដឹងថា ដីដែលអាជ្ញាធរឃុំគ្រោងប្រគល់ឲ្យលោក ថោ សារ៉ន នៅតំបន់ភ្នំសេដ្ឋី ជាតំបន់ព្រៃឈើនិងជាតំបន់មានរ៉ែត្បូង។ ប្រភពបន្តថា សហគមន៍មិនមានដីសេសសល់សម្រាប់អំណោយឬសំណើសុំនោះទេ។
ឈ្មោះ ទៀម វណ្ណា អ្នកភូមិប៉ាតាង មានប្រសាសន៍ថា អ្នកភូមិធ្លាប់រងសម្ពាធពីអាជ្ញាធរឃុំឲ្យពួកគាត់ឈប់តវ៉ារឿងដីធ្លីដើម្បីជាថ្នូរនឹងការប្រគល់សេរីភាពពីការចាប់ខ្លួនតាមផ្លូវតុលាការ។
សូមបញ្ជាក់ដែរថា រឿងក្តីអ្នកភូមិប៉ាតាងជាមួយក្រុមហ៊ុនឌីអឹមហ្រ្គូប លោក ថោ សារ៉ន បានពន្លាតរឿងក្តីទៅលើសកម្មជនការពារសិទ្ធិមនុស្សសមាគមអាដហុកខេត្ត លោក ប៉ែន ប៊ុណ្ណារ៍ ថាជាអ្នកញុះញង់អ្នកភូមិ ហើយករណីនេះលោក ថោ សារ៉ន បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីថា ប្រសិនលោក ប៉ែន ប៊ុណ្ណារ៍ ចាកចេញពីខេត្ត លោកនឹងពិចារណាព្យួររឿងក្តីនេះទុក។
លោក ប៉ែន ប៉ុណ្ណារ៍ មានប្រសាសន៍ថា លោកមានមន្ទិលអំពីអំពើពុករលួយក្នុងរឿងក្តីទាំងអស់នោះ។ លោកសុំឲ្យមានការស៊ើបអង្កេតរឿងនេះដូចគ្នា៕