មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​អំពាវនាវ​ឲ្យ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​របស់​ចៅក្រម​នៅ​រតនគិរី

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទៅ​លើ​ភាព​មិន​ប្រក្រតី​ថ្មី​មួយ​ទៀត​របស់​លោក ថោ សារ៉ន ចៅក្រម​ស៊ើប​អង្កេត​តុលាការ​ខេត្ត​រតនគិរី។

0:00 / 0:00

សេចក្តី​អំពាវនាវ​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០០៩ បន្ទាប់​ពី​អង្គការ​នេះ​រក​ឃើញ​ឯកសារ​ផ្ទេរ​កម្មសិទ្ធិ​ដី​មួយ​កន្លែង​របស់​អតីត​ជន​ជាប់​ចោទ​ក្នុង​ក្តី​ព្រហ្មទណ្ឌ​មួយ​រូប​ដែល​ត្រូវ​បាន​គេ​ផ្ទេរ​ទៅ​ឲ្យ​ឈ្មោះ​លោក ថោ សារ៉ន។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​ថា ៖ «សំណួរ​សួរ​ថា តើ​វា​អាច​ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​របស់​លោក​ចៅក្រម​ដែរ​ឬ​មួយ​ក៏​អត់?»

ស្ត្រី​ឈ្មោះ ឃិន រដ្ឋា រស់​នៅ​ភូមិ​ប៉ាតាង មាន​ប្រសាសន៍​បញ្ជាក់​ថា ប្តី​របស់​គាត់​ឈ្មោះ នុត រ៉ា មាន​ជម្លោះ​វាយ​តប់​គ្នា​ជាមួយ​អ្នក​ភូមិ​រស់​នៅ​ជិត​ខាង​គ្នា ហើយ​ត្រូវ​បាន​ចាប់​ខ្លួន។ បន្ទាប់​មក​ត្រូវ​បាន​ដោះលែង​វិញ​បន្ទាប់​ពី​មាន​ការ​សម្រប​សម្រួល​ពី​ចៅក្រម ថោ សារ៉ន ឲ្យ​គាត់​បង់​ប្រាក់​ជាង​១​ពាន់​ដុល្លារ។

គាត់​ថា លោក ថោ សារ៉ន បាន​មក​ដល់​ផ្ទះ​គាត់​ហើយ​ឲ្យ​គាត់​ខ្ចី​ប្រាក់​២០០​ដុល្លារ​ដើម្បី​ទិញ​ដី​មួយ​កន្លែង​នៅ​ក្នុង​ភូមិ​ទំហំ​៣​ហិកតារ ហើយ​គាត់​បាន​ធ្វើ​លិខិត​ផ្ទេរ​សិទ្ធិ​កាន់កាប់​ដី​ពី​អ្នក​លក់ ដោយ​មាន​មេ​ភូមិ មេ​ឃុំ ចុះ​ហត្ថលេខា​លើ​លិខិត​ផ្ទេរ​សិទ្ធិ​នោះ​ទៀត​ផង។

អ្នកស្រី ឃិន រដ្ឋា បាន​ឲ្យ​ដឹង​ថា ៖ «ក្រដាស​ហ្នឹង​គេ​ធ្វើ​ឲ្យ​មក ប្រគល់​លុយ​ឲ្យ​គេ គេ​ធ្វើ​អា​ហ្នឹង​មក»

កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​កញ្ញា វិទ្យុ​អាស៊ីសេរី​បាន​ទៅ​ដល់​ផ្ទះ​ស្ត្រី​ឈ្មោះ ឃិន រដ្ឋា ដែល​មិន​ចេះ​អក្សរ បាន​បង្ហាញ​លិខិត​ផ្ទេរ​សិទ្ធិ​កាន់​កាប់​ដី​របស់​គាត់ ក៏​ប៉ុន្តែ​លិខិត​នោះ​មិន​មាន​ឈ្មោះ​គាត់​ជា​ម្ចាស់​ដី​ទេ គឺ​ឈ្មោះ លោក ថោ សារ៉ន ទៅ​វិញ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ករណី​នេះ​ពី​លោក ថោ សារ៉ន បាន​ទេ នៅ​ថ្ងៃ​ច័ន្ទ ទី​២៨ កញ្ញា ឆ្នាំ​២០០៩។

មេ​ឃុំ​ប៉ាតាង លោក គឹត ចេន មាន​ប្រសាសន៍​ថា លោក​ពិត​ជា​បាន​ចុះ​ហត្ថលេខា​លើ​ការ​ផ្ទេរ​សិទ្ធិ​កាន់កាប់​ដី​៣​ហិកតារ​នោះ​ទៅ​ឲ្យ​លោក ថោ សារ៉ន។ ក៏​ប៉ុន្តែ​លោក​បដិសេធ​ថា មិន​ដឹង​ពី​ការ​ពាក់ព័ន្ធ​រវាង​លោក ថោ សារ៉ន និង​ឈ្មោះ ឃិន រដ្ឋា ដែល​កំពុង​រស់​នៅ​លើ​ដី​នោះ។

លោក គង់ ស្រ៊ុន អភិបាល​ស្រុក​លំផាត់ មាន​ប្រសាសន៍​ថា ករណី​នេះ​កើត​ឡើង​មុន​ពេល​លោក​ចូល​កាន់​តំណែង ៖ «ការ​ចុះ​ហត្ថលេខា​ដោយ​មិន​ប្រក្រតី​ក៏​មាន​មែន។ ទី​១ ខ្ញុំ​ត្រូវ​សួរ​នាំ​អំពី​ឃុំ​សិន»

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​និង​អង្គការ​លីកាដូ កាល​ពី​សប្តាហ៍​មុន​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ទៅ​ស្ថាប័ន​សំខាន់ៗ​នៃ​ប្រព័ន្ធ​យុត្តិធម៌​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​ទៅលើ​ភាព​មិន​ប្រក្រតី​របស់​ចៅក្រម ថោ សារ៉ន ក្នុង​ការ​ស្នើសុំ​ដី​១០០​ហិកតារ​នៅ​ឃុំ​ប៉ាតាង និង​យក​រថយន្ត​វត្តុ​តាង​ក្នុង​រឿង​ឧក្រិដ្ឋកម្ម​មក​ប្រើប្រាស់ ដែល​ជា​ទង្វើ​ខុស​និង​មិន​សមរម្យ​របស់​ចៅក្រម និង​ការ​គំរាម​កំហែង​ទៅ​លើ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​និង​សហគមន៍​ជនជាតិ​ដើម។

ចំណែក​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​អំពាវនាវ​ឲ្យ​បញ្ចប់​ការ​យាយី​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​រតនគិរី ដោយ​លោក ថោ សារ៉ន ផងដែរ៕