សង្គម​ស៊ីវិល​ប្រតិកម្ម​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​ករណី​លោក ម៉ម សូណង់ដូ

ប្រជាពលរដ្ឋ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​នយោបាយ​បក្ស​ជំទាស់​ដែល​ទៅ​ឃ្លាំ​មើល​សាលា​ឧទ្ធរណ៍​បើក​សវនាការ​លើ​ពាក្យ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​លោក ម៉ម សូណង់ដូ នៅ​ថ្ងៃ​ទី១៤ ខែ​ធ្នូ បាន​ប្រតិកម្ម​ប្រឆាំង​នឹង​លទ្ធផល​ចំពោះ​សវនាការ​ដែល​សម្រេច​ឲ្យ​បន្ត​ឃុំ​ខ្លួន​លោក ម៉ម សូណង់ដូ។

0:00 / 0:00

សាលា​ឧទ្ធរណ៍​សម្រេច​ជំទាស់​បណ្ដឹង​មេធាវី និង​គ្រួសារ​របស់​លោក ម៉ម សូណង់ដូ ដែល​ស្នើសុំ​នៅ​ក្រៅ​ឃុំ។ បញ្ហា​នេះ ត្រូវ​បាន​ក្រុម​អ្នក​តាម​ដាន​ដំណើរ​ការ​សវនាការ​លើ​ករណី​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ នៅ​ខាង​ក្រៅ​ក្បែរ​សាលា​ឧទ្ធរណ៍ ប្រតិកម្ម​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​នេះ ដោយ​ចាត់​ទុក​ថា ការ​សម្រេច​នេះ​ធ្វើ​ឡើង​ក្រោម​សម្ពាធ​នយោបាយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

លោក ណៃ វ៉ង់ដា អនុប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស និង​មេធាវី​តំបន់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ដែល​សង្កេតការណ៍​នៅ​ខាង​ក្រៅ​សាលា​ឧទ្ធរណ៍ បង្ហាញ​ការ​សោក​ស្ដាយ​ចំពោះ​ការ​បដិសេធ​របស់​សាលា​ឧទ្ធរណ៍​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​លោក ម៉ម សូណង់ដូ។ លោក​គិត​ថា ករណី​នេះ​ហាក់​ពុំ​បាន​ផ្ដល់​យុត្តិធម៌​ណា​មួយ​នោះ​ទេ​សម្រាប់​លោក ម៉ម សូណង់ដូ។ លោក ណៃ វ៉ង់ដា គិត​ថា​សាលា​ឧទ្ធរណ៍​គួរ​ធ្វើ​ការ​ដោយ​ឯករាជ​ជាង​នេះ​បន្ថែម​ទៀត៖ «គាត់​មាន​ហេតុ​ផល​គ្រប់គ្រាន់​ថា គាត់​មិន​រត់​ទៅ​ណា​ទេ អ៊ីចឹង​តុលាការ​គួរ​តែ​ពិចារណា​ដោះ​លែង​គាត់។ ប៉ុន្តែ​យើង​មាន​ការ​ខក​ចិត្ត​ច្រើន​ដែរ ខ្លាំង​ដែរ ដែល​តុលាការ​សាលា​ឧទ្ធរណ៍​សម្រេច​ថា​រក្សា​ទុក​គាត់​ក្នុង​ពន្ធនាគារ​បន្ត​ទៀត»

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ឲ្យ​ដឹង​នៅ​ខាង​ក្រៅ​សវនាការ​បន្ទាប់​ពី​ចំណាយ​ពេល​ពេញ​មួយ​ព្រឹក​នៅ​ខាង​ក្នុង​សាលា​ឧទ្ធរណ៍​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា បាន​ក្លាយ​ជា​កូន​អុក​សម្រាប់​អ្នក​នយោបាយ។ លោក​បន្ត​ថា សម្រាប់​ពេល​នេះ​ប្រព័ន្ធ​យុត្តិធម៌​គេ​មិន​អាច​មើល​ឃើញ​ថា​មាន​ការ​វិវត្តន៍​បាន​នោះ​ទេ​នៅ​កម្ពុជា ដរាប​ណា​យន្តការ​នេះ​នៅ​តែ​ស្ថិត​ក្រោម​សម្ពាធ​របស់​អ្នក​នយោបាយ​នោះ៖ «យើង​មិន​ទាន់​បាន​ប្រទេស​មួយ​ដែលៗ​ការពារ​នូវ​សេរីភាព នូវ​យុត្តិធម៌ និង​នូវ​គោលការណ៍​សិទ្ធិ​មនុស្ស​នៅ​ឡើយ។ ខ្ញុំ​សោកស្ដាយ ២០​ឆ្នាំ​ហើយ យើង ២០​ឆ្នាំ​ហើយ ឥឡូវ​យើង​ដើរៗ​ដល់​ពេល​មួយ​ដែល​យើង​ដើរ​ហាក់​ដូច​មិន​ទៅ​មុខ​ទាល់​តែ​សោះ​នៅ​ពេល​ឥឡូវ​នេះ ហើយ​ជា​រឿង​គួរ​ឲ្យ​សោក​ស្ដាយ​មែន​ទែន។ តុលាការ​យើង​នៅ​តែ​ជា​តុលាការ​នៃ​តុលាការ​នយោបាយ​មួយ ហើយ​អ្នក​នយោបាយ​យើង​នៅ​មិន​ទាន់​បើក​ចិត្ត​ឲ្យ​ទូលាយ​នៅ​ឡើយ គួរ​ឲ្យ​សោក​ស្ដាយ​មែន​ទែន»

ក្រុម​ប្រជាពលរដ្ឋ​ដែល​នៅ​ខាង​ក្រៅ​សាលា​ឧទ្ធរណ៍​វិញ ហៅ​ការ​បដិសេធ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​លោក ម៉ម សូណង់ដូ នេះ​ថា ធ្វើ​ឡើង​ដើម្បី​ផ្គាប់ផ្គុន​មន្ត្រី​រដ្ឋាភិបាល​ប៉ុណ្ណោះ។ ពួក​គេ​គិត​ថា លោក​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ គឺ​មិន​មាន​ទោស​កំហុស​ដូច​ការ​រក​ឃើញ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នោះ​ទេ។

ចំណែក​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រួ​បង្រៀន​កម្ពុជា​ឯករាជ ហៅ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​នៅ​ពេល​នេះ​ថា ធ្វើ​ឡើង​ក្នុង​ន័យ​គាប​សង្កត់ និង​បំបាក់​ស្មារតី​អ្នក​តស៊ូ​មតិ​ដើម្បី​សេរីភាព។

អ្នកស្រី មូរ សុខហួរ អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​ថា សាលា​ឧទ្ធរណ៍​គួរ​ពិចារណា​ឡើង​វិញ​លើ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​នេះ។ អ្នកស្រី​គិត​ថា បទ​ចោទ​លើ​លោក ម៉ម សូណង់ដូ នេះ គឺ​ពុំ​មាន​អង្គហេតុ និង​ភស្តុតាង​ត្រឹមត្រូវ​នោះ​ទេ។

លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ថ្លែង​ថា ករណី​លោក ម៉ម សូណង់ដូ នេះ​លោក​បាន​តាម​ដាន​យ៉ាង​ខ្ជាប់ខ្ជួន និង​សន្យា​ថា​បន្ត​ឃ្លាំ​មើល​ទៀត​ចំពោះ​ការ​អនុវត្ត​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា៖ «ខ្ញុំ​សូម​អភ័យទោស​ដែល​អវត្តមាន​ពុំ​បាន​ចូល​រួម​សវនាការ​នៅ​សាលា​ឧទ្ធរណ៍​នៅ​ព្រឹក​នេះ ដោយ​សារ​ខ្ញុំ​មាន​កិច្ចការ​ដទៃ​ទៀត។ ខ្ញុំ​ពិត​ជា​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ពន់ពេក​ចំពោះ​ស្ថានភាព​នៅ​ចំពោះ​មុខ​នេះ តែ​ខ្ញុំ​នឹង​ធ្វើ​អ្វី​ម្យ៉ាង​ក្នុង​រឿង​នេះ​ទៅ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល»

ស្រប​ពេល​ដែល​ពលរដ្ឋ​ប្រមាណ ៣០០​នាក់ នៅ​ថ្ងៃ​ទី១៤ ខែ​ធ្នូ ឆ្នាំ​២០១២ បន្ត​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ក្រោយ​ដឹង​ថា​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​លោក ម៉ម សូណង់ដូ មិន​ទទួល​បាន​ជោគជ័យ​នោះ។

ចំណែក​អង្គការ​ដែល​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ដូច​ជា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ដើម្បី​សិទ្ធិ​មនុស្ស (CHRAC) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ព្រមៗ​គ្នា​នៅ​ថ្ងៃ​ទី១៤ ខែ​ធ្នូ ដោយ​ចាត់​ទុក​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​នេះ​ថា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​វិវត្តន៍​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។