មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ​បន្ត​ការ​ទាមទារ​ឲ្យ​ថៃ​សង​ថ្លៃ​ខូច​ខាត

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នៅ​កម្ពុជា​បាន​និយាយ​ថា គេ​នៅ​តែ​បន្ត​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​ដែល​ទាហាន​ថៃ​បាន​បាញ់​បំផ្លាញ​ឆេះ​ផ្ទះ​ពលរដ្ឋ​ខែ្មរ​រាប់​រយ​ខ្នង​និង​ទីផ្សារ​នៅ​ខាង​ក្រោម​ប្រាសាទ​ព្រះវិហារ កាល​ពី​ខែ​មុន ដោយ​ឲ្យ​ថៃ​ចេញ​សំណង​ចំពោះ​ការ​ខូច​ខាត​ទាំង​ឡាយ​មក​ឲ្យ​ពលរដ្ឋ​ខ្មែរ​វិញ​ទាល់​តែ​បាន។

0:00 / 0:00

ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ លោក មឿង សុន បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ទី​៦ ខែ​ឧសភា​ថា លោក​នៅ​តែ​បន្ត​ធ្វើ​ការ​ទាមទារ​នោះ ក៏​ប៉ុន្តែ​លោក​ព្រួយ​បារម្ភ​ខ្លាច​ការ​ទាមទារ​របស់​លោក​អាច​នឹង​ត្រូវ​បាន​រដ្ឋាភិបាល​ខ្មែរ​ហាម​ឃាត់​នា​ពេល​ណា​មួយ។

លោក មឿង សុន ថ្លែង​យ៉ាង​ដូច្នេះ ៖ «យើង​អត់​ថយ​ក្រោយ​ទេ លុះ​ត្រា​តែ​រដ្ឋាភិបាល​ចេញ​ជា​ផ្លូវការ​ហាម​ថា កុំ​ឲ្យ​ខ្ញុំ​ធ្វើ ...ហ្នឹង​គឺ​ខ្ញុំ​អត់​ធ្វើ​ទេ។ តែ​បើ​សិន​ជា​រដ្ឋាភិបាល​លោក​យល់​ថា ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​ជួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​ទឹក​ដី​និង​កសាង​ប្រទេស ខ្ញុំ​ត្រូវ​តែ​ជំរុញ​ទៅ​ដល់​ទិស​ដៅ​ឲ្យ​មាន​សំណង​ទាល់​តែ​បាន ពីព្រោះ​អត់​មាន​ហេតុ​ផល​ណា​មួយ​ដែល​ថៃ​មិន​ទទួល​ខុស​ត្រូវ​នោះ​ទេ អត់​អាច​ប្រកែក​បាន​ទេ»

ប្រធាន​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា កន្លង​មក លោក​បាន​បញ្ជូន​លិខិត​មួយ​ច្បាប់​ទៅ​រដ្ឋាភិបាល​ថៃ​និង​លិខិត​មួយ​ច្បាប់​ទៀត​ទៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា ដោយ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ​ចេញ​សង​ជា​តម្លៃ​បណ្តោះ​អាសន្ន​នូវ​ទឹក​ប្រាក់​ប្រមាណ ៩​លាន​២​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក​សម្រាប់​ទូទាត់​ការ​ខូច​ខាត​ផ្ទះ​សម្បែង​ទ្រព្យ​សម្បត្តិ​ថ្លៃ​ព្យាបាល​ផ្នែក​សុខភាព​និង​សង​ជំងឺ​ចិត្ត​ដល់​ជន​រង​គ្រោះ។

មន្ត្រី​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ហៅ​ការ​ទាមទារ​របស់​លោក មឿង សុន នោះ​ថា គ្រាន់​តែ​ជា​ឧត្តម​គតិ​មួយ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ចូលរួម​ថែទាំ​ប្រទេស​ជាតិ​ជាមួយ​នឹង​ការ​ឈឺ​ឆ្អាល​បញ្ហា​ប៉ុណ្ណោះ ប៉ុន្តែ​រដ្ឋាភិបាល​បាន​ធ្វើ​ការងារ​នេះ​មុន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទៅ​ទៀត​ហើយ​រហូត​មក​ដល់​ពេល​នេះ​ខាង​ការងារ​ផ្លូវ​ទូត​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​នៅ​ឡើយ​ទេ។

លោក ផៃ ស៊ីផាន ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «រាជ​រដ្ឋាភិបាល​ធ្វើ​តាំង​ពី​មុន​ពេល​គាត់​ទៅ​ដល់​ប្រាសាទ​ព្រះវិហារ​ទៀត យើង​ធ្វើ​ទៅ​តាម​ការងារ​ទូត​ដើម្បី​ឲ្យ​គេ​ពន្យល់»

មន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​និង​មន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរ​មិន​អាច​ទំនាក់​ទំនង​សុំ​ការ​អធិប្បាយ​បាន​ឡើយ​នៅ​ថ្ងៃ​ដដែល​នេះ។

សូម​រំឭក​ថា តាម​ការ​បញ្ជាក់​ពី​មន្ត្រី​យោធា​ខ្មែរ​ឲ្យ​ដឹង​ថា ក្នុង​ការ​ប៉ះ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ​-ថៃ​ដោយសារ​ជម្លោះ​ព្រំដែន​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មេសា​កន្លង​មក ទាហាន​ថៃ​បាន​បាញ់​គ្រាប់​ផ្លោង​ចូល​ភូមិ​ខ្មែរ​ខាង​ក្រោម​ប្រាសាទ​ព្រះវិហារ​បណ្តាល​ឲ្យ​ឆេះ​ផ្សារ​និង​ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ២៥០​ខ្នង​និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៀត៕