សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​មាន​ការ​ផ្តន្ទា​ទោស​ប្រឆាំង​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៤​បាន​អំពាវនាវ​សុំ​ឲ្យ​ក្រសួង​មហាផ្ទៃ​និង​ក្រសួង​កិច្ចការ​នារី​ជំរុញ​ឲ្យ​មាន​ការ​ផ្តន្ទា​ទោស​ដើម្បី​ប្រឆាំង​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជាជាង​ការ​ដោះស្រាយ​បញ្ហា​នោះ​ដោយ​ការ​សម្រុះ​សម្រួល​ដោយ​បង្ខំ កាល​ពី​ថៃ្ង​១ ធ្នូ​នេះ។

0:00 / 0:00

ការ​ទទូច​ខាង​លើ​នេះ​បាន​ធ្វើ​ឡើង​នៅ​គ្រា​ដែល​អត្រា​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​ប្រទេស​កម្ពុជា​កំពុង​តែ​មាន​កម្រិត​ខ្ពស់​គួរ​ឲ្យ​ព្រួយ​បារម្ភ។

លោក​ស្រី លី ស៊ុនលីណា ជា​មន្រ្តី​កម្មវិធី​នៃ​អង្គការ​ជំនួយ​ព្រះវិហារ​ដាណឺម៉ាក និង​ជា​ជំនួយ​គ្រិស្ត​បរិស័ទ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ឯ​ការិយាល័យ​នៃ​គម្រោង​អ្នក​ការពារ​ក្តី​កម្ពុជា (CDP) ឲ្យ​ដឹង​ថា អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​មិន​មែន​ជា​បញ្ហា​ផៃ្ទ​ក្នុង​របស់​គ្រួសារ​ទៀត​ទ្បើយ ប៉ុន្តែ​វា​ក្លាយ​ជា​បញ្ហា​របស់​សង្គម។

លោក​ស្រី​បាន​បន្ត​ថា ការ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ការ​សម្រុះ​សម្រួល​គ្នា​ដោយ​បង្ខំ​នោះ​មិន​មែន​ជា​ដំណោះស្រាយ​យូរ​អង្វែង​ទ្បើយ គឺ​មាន​តែ​ការ​អនុវត្ត​ច្បាប់​តែ​ប៉ុណ្ណោះ​ដែល​អាច​ជួយ​ដោះស្រាយ​ធ្វើ​ឲ្យ​មាន​ការ​រាងចាល​បាន។

លោក​ស្រី លី ស៊ុនលីណា បាន​បញ្ជាក់​ថា ៖ «បើ​ថា​ក្នុង​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដែល​មាន​ចរិត​ជា​បទល្មើស​ព្រហ្មទណ្ឌ គឺ​មិន​ត្រូវ​ផ្សះផ្សា​ទេ ត្រូវ​អនុវត្ត​តាម​ច្បាប់»

លោកស្រី លឹម មុន្នី ប្រធាន​ផ្នែក​ស្រី្ត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស អាដហុក បាន​មាន​ប្រសាសន៍​ថា លោក​ស្រី​បាន​ទទួល​ពាក្យ​បណ្តឹង​ចំនួន​ប្រមាណ​ជាង ៥០០​ករណី​ក្នុង​មួយ​ឆ្នាំ អំពី​ការ​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នោះ ហើយ​បញ្ហា​នេះ​បាន​កើត​មាន​ឡើង​ទាំង​គ្រួសារ​អ្នក​មាន​និង​អ្នក​ក្រ​ផងដែរ ប៉ុន្តែ​គ្រួសារ​អ្នក​ក្រ​មាន​កម្រិត​បញ្ហា​នេះ​ខ្ពស់​ជាង​គេ។

លោកស្រី លឹម មុន្នី បាន​មាន​ប្រសាសន៍​ថា ៖ «នៅ​ក្នុង​ចំណោម​ជាង​៥០០​ករណី​ហ្នឹង យើង​ឃើញ​ថា វា​មាន​៩០%​ទៅ​៩៥%​ឯ​ណោះ​ដែល​ជា​ស្ត្រី ចំពោះ​បុរស​គឺ​តិច​ជា​ទី​បំផុត»

ទាក់ទង​នឹង​បញ្ហា​ខាង​លើ​នេះ លោកស្រី ជូ ប៊ុនអេង ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​មហាផ្ទៃ​បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​ការ​អំពាវនាវ​ខាង​លើ​នេះ។

លោក​ស្រី ជូ ប៊ុនអេង បាន​ថ្លែង​ថា ៖ «ឲ្យ​តែ​ចូល​ដល់​ករណី​ព្រហ្មទណ្ឌ​ហើយ គេ​អត់​មាន​សម្រុះ​សម្រួល​ទេ ប៉ុន្តែ​គេ​សម្រុះ​សម្រួល​មុន​ពេល​ដែល​រឿង​ហ្នឹង​ក្លាយ​ទៅ​ជា​ព្រហ្មទណ្ឌ»

តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខាង​លើ​នេះ​មាន​គម្រោងការ​ជួប​ប្រជុំ​គ្នា​ជាមួយ​នឹង​មន្រ្តី​របស់​ក្រសួង​មហាផ្ទៃ​និង​មន្ត្រី​របស់​ក្រសួង​កិច្ចការ​នារី​នៅ​ថៃ្ង​ទី១១ ខែ​ធ្នូ​ខាង​មុខ​នេះ ដើម្បី​ដាក់​សំណើ​ជា​ផ្លូវការ​ជំរុញ​ឲ្យ​ក្រសួង​ទាំង​ពីរ​នោះ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ជា​អាទិភាព នៅ​មុន​ការ​សម្រុះ​សម្រួល​គ្នា​នោះ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ការ​សិក្សា​នានា​របស់​ក្រសួង​កិច្ចការ​នារី​បាន​រក​ឃើញ​ថា អត្រា​នៃ​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ក្នុង​សង្គម​កម្ពុជា​មាន​កម្រិត​ខ្ពស់​គួរ​ឲ្យ​ព្រួយ​បារម្ភ គឺ​ស្រី្ត​ម្នាក់​នៅ​ក្នុង​ចំណោម​ស្រី្ត​៤​នាក់​បាន​ទទួល​រង​គ្រោះ​ដោយសារ​អំពើ​ហិង្សា​ក្នុង​គ្រួសារ គឺ​មាន​ន័យ​ថា ស្រ្តី​១​ភាគ​៤​នៃ​ប្រជាពលរដ្ឋ​ខែ្មរ​ចំនួន​ជាង​១៤​លាន​នាក់​បាន​ទទួល​រង​នូវ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ហើយ​ភាគ​ច្រើន​ចេញ​មក​ពី​ភាគី​បុរស​ជា​ប្តី​ដែល​ប្រើប្រាស់​គ្រឿង​ស្រវឹង។

ប្រទេស​កម្ពុជា​មាន​ច្បាប់​ស្តីពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​កិច្ច​ការពារ​ជន​រង​គ្រោះ​អនុម័ត​កាល​ពី​ខែ​តុលា ឆ្នាំ​២០០៥​កន្លង​ទៅ ប៉ុន្តែ​ប្រភព​បាន​ឲ្យ​ដឹង​ថា ភាគ​ច្រើន​នៃ​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​នោះ​តែងតែ​ត្រូវ​បាន​ដោះស្រាយ​តាម​ការ​សម្រុះ​សម្រួល​គ្នា​ក្រៅ​ប្រព័ន្ធ​តុលាការ៕