ប្រតិកម្ម​ជុំវិញ​ការបដិសេធ​សង​សំណង​របស់​រដ្ឋាភិបាល​ថៃ

អ្នក​នយោបាយ​និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​សម្ដែង​ការខឹង​សម្បា​និង​ទាមទារ​ឲ្យ​មាន​ការប្តឹង​ទៅ​តុលាការ​អន្តរជាតិ​បន្ទាប់​ពី​រដ្ឋាភិបាល​ថៃ​កាលពី​ពេល​ថ្មីៗ​នេះ​បាន​បដិសេធ​ក្នុង​ការផ្តល់​សំណង​មក​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​លើ​ការខូចខាត​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។

0:00 / 0:00

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា មាន​ប្រសាសន៍​ថា ការបដិសេធ​របស់​ថៃ​បាន​បង្ហាញ​ថា​ពួក​គេ​កំពុង​មើល​ងាយ​ដល់​រដ្ឋាភិបាល​ខ្មែរ​និង​ប្រជាពលរដ្ឋ​ខ្មែរ។ លោក​បន្ត​ថា នេះ​មក​ពី​រដ្ឋាភិបាល​ខ្មែរ​មិន​ព្រម​អនុវត្ត​តាម​ច្បាប់​អន្តរជាតិ។

លោក កឹម សុខា បាន​បញ្ជាក់​ថា ៖ «ដី​ហ្នឹង​ជា​របស់​ខ្មែរ​ហើយ​ក៏​ដោយ កំពុង​មាន​ជម្លោះ​ក៏​ដោយ ប៉ុន្តែ​ការ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត​និង​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ថៃ​ត្រូវតែ​សង»

ប្រធាន​គណបក្ស​សមរង្ស៊ី លោក សម រង្ស៊ី មាន​ប្រតិកម្ម​ថា ដល់​ពេល​វេលា​ដែល​ម្ពុជា​ត្រូវតែ​ប្តឹង​ទៅ​អង្គការ​សហប្រជាជាតិ​និង​សហគមន៍​អន្តរជាតិ ស្នើសុំ​ឲ្យ​គេ​កោះ​ប្រជុំ​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។

លោក​បន្ត​ទៀត​ដូច្នេះ ៖ «ពីព្រោះ​ប្រទេស​ជា​ហត្ថលេខី​ទាំងអស់​គឺ​មាន​មហា​អំណាច​ធំៗ​ទាំងអស់ មាន​ប្រទេស​ជិតខាង​ទាំង​អស់ បាន​ធានា​ថា​នឹង​គោរព​បូរណភាព​ទឹក​ដី​ប្រទេស​កម្ពុជា។ ឥឡូវ​បូរណភាព​ទឹក​ដី​ប្រទេស​កម្ពុជា​ត្រូវ​គេ​រំលោភ ដូច្នេះ​ប្រទេស​ទាំងអស់​ដែល​បាន​សន្យា​ថា​នឹង​ជួយ​ការពារ​បូរណភាព​ទឹក​ដី​ប្រទេស​កម្ពុជា ដល់​ពេល​ហើយ សូម​អញ្ជើញ​មក​ជួយ​ការពារ​ឲ្យ​មែនទែន»

ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៍​ខ្មែរ លោក មឿង សុន មាន​ប្រសាសន៍​ថា សេចក្តី​ប្រកាស​របស់​មន្ត្រី​ក្រសួង​ការបរទេស​ថៃ​នេះ​គឺ​បង្ហាញ​ពី​ការឈ្លានពាន​មក​លើ​កម្ពុជា​ពិត​ប្រាកដ មិន​តែ​ប៉ុណ្ណោះ​ថៃ​បាន​រំលោភ​លើ​សន្ធិសញ្ញា​អន្តរជាតិ​បួន​ចំណុច​ផ្សេង​ទៀត។

លោក មឿង សុន បាន​មាន​ប្រសាសន៍​ថា ៖ «គាត់​ប្រើ​អំពើ​ហិង្សា​យក​កងទ័ព​បាញ់​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ ហ្នឹង​ជា​កំហុស​មួយ​ដ៏​ធ្ងន់ធ្ងរ អង្គការ​យើង​មិន​អនុគ្រោះ​ទេ ហើយ​យើង​នឹង​បន្ត​ការងារ​ក្នុង​សិទ្ធិ​ប្រជាពលរដ្ឋ ក្នុង​សិទ្ធិ​ជា​អង្គការ​សង្គម​ស៊ីវិល រួម​សាមគ្គី​ជាមួយ​រាជ​រដ្ឋាភិបាល យើង​នឹង​អំពាវនាវ​ពិភពលោក​ទៀត»

ប្រធាន​អង្គ​សិទ្ធិ​មនុស្ស លីកាដូ អ្នកស្រី ពុង ឈីវកេក បាន​បញ្ចេញ​ទស្សនៈ​ថា នេះ​ជា​ចេតនា​របស់​ថៃ​មិន​គោរព​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។

នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក សុខ សំអឿន បាន​លើក​ឡើង​ថា ទោះ​ដី​នៅ​មុខ​ជណ្តើរ​ប្រាសាទ​ព្រះវិហារ​ជា​ដី​អ្នក​ណា​ក៏​ដោយ ប៉ុន្តែ​ការខូចខាត​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ​ខ្មែរ​ដោយសារ​ទាហាន​ថៃ ដូច្នេះ​ភាគី​ថៃ​ត្រូវតែ​ទទួល​ខុស​ត្រូវ​លើ​ការខូចខាត​ទាំង​ស្រុង។

អនុ​ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា លោក រស់ ចន្ទត្រាបុត្រ មាន​ប្រសាសន៍​ថា នេះ​ជា​មហិច្ឆិតា​របស់​ថៃ​តាំង​ពី​យូរ​មក​ដោយ​ពួក​គេ​មិន​ដែល​ទទួល​ស្គាល់​អ្វី​ដែល​ជា​ការ​ពិត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ឡើយ ហើយ​ការបំផ្លាញ​កាលពី​ថ្ងៃ​ទី​៣ មេសា​នោះ គឺ​ជា​ការគ្រោង​ទុក​របស់​ថៃ​ដែល​មាន​ចេតនា​ចង់​បំផ្លាញ​ខ្មែរ​យ៉ាង​ជាក់​ច្បាស់។

លោក រស់ ចន្ទត្រាបុត្រ បាន​ឲ្យ​ដឹង​ថា ៖ «បាញ់​បំផ្លាញ​ផ្សារ​របស់​ខ្មែរ នៅ​ជើង​ប្រាសាទ​ព្រះវិហារ​នេះ មិន​មែន​ជា​ការ​មួយ​ដែល​បាញ់​ដោយ​ចៃដន្យ​ឬ​ធ្លាក់​គ្រាប់​ដោយ​ចៃដន្យ​ទេ គឺ​សៀម​ចង់​ធ្វើ​ដូចម្ដេច​បំបាត់​កុំ​ឲ្យ​មាន​វត្តមាន​របស់​បង​ប្អូន​ខ្មែរ​យើង​ជា​ជនជាតិ​ស៊ីវិល​នៅ​តាម​ជើង​ភ្នំ​ព្រះវិហារ ដើម្បី​ខ្លួន​អាច​នឹង​បំពាន​និង​រំលោភ​មក​លើ​អធិបតេយ្យភាព​របស់​កម្ពុជា។ ដូច្នេះ​ការ​ដែល​សៀម​បាញ់​មក​លើ​ផ្សារ​របស់​ខ្មែរ​នេះ​សុទ្ធតែ​ជា​ការគ្រោង​ទុក​មក សុទ្ធតែ​ជា​ការគិតគូរ​តាម​កាំភ្លើង ការវាស់ ការរៀបចំ​ទាំងអស់​ដើម្បី​បំផ្លាញ។ ដូច្នេះ​ខ្ញុំ​ឃើញ​ថា នេះ​ជា​លក្ខណៈ​មួយ ហើយ​ថា​ជា​ចេតនា​ស្មោគគ្រោក​មួយ​ដែល​មិន​សម​ហេតុ​សម​ផល​របស់​ប្រទេស​សៀម​មក​លើ​កម្ពុជា»

ប្រតិកម្ម​ទាំង​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី​១២ ឧសភា បាន​បដិសេធ​មិន​ព្រម​សង​នូវ​សំណង​ជាង​២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​មក​កម្ពុជា នៅ​គ្រា​ដែល​ក្រសួង​ការបរទេស​ខ្មែរ​បាន​ផ្ញើ​លិខិត​ផ្លូវការ​មួយ​ទាមទារ​ឲ្យ​ថៃ​ទទួល​ខុស​ត្រូវ​ចំពោះ​ការបំផ្លិច​បំផ្លាញ​ទាំង​ស្រុង​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ដែល​មាន​ការប៉ះ​ទង្គិច​គ្នា​នា​ថ្ងៃ​៣ មេសា​កន្លង​មក។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ថៃ លោក ថារិទ្ធចារ៉ុងវ៉ាត ដែល​ត្រូវ​បាន​ស្រង់​សម្ដី​ដោយ​កាសែត​ឈ្មោះ The Nation បាន​និយាយ​អះអាង​ថា ប្រជាជន​កម្ពុជា​ដែល​រស់នៅ​និង​ធ្វើការ​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ​គឺ​បាន​រស់នៅ​លើ​ទឹក​ដី​ថៃ​ដោយ​ខុស​ច្បាប់ ហើយ​ថៃ​បាន​យោគយល់​នៅ​ក្នុង​នាម​រក្សា​ទំនាក់​ទំនង​ប្រទេស​ជិត​ខាង​និង​ការយល់យោគ​ចំពោះ​ហេតុផល​មនុស្សធម៌។

ទោះ​ជា​យ៉ាង​នេះ​ក្តី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង បាន​អះអាង​ថា កម្ពុជា​មិន​ទាន់​មាន​ប្រតិកម្ម​ផ្លូវការ​ណា​មួយ​ពី​រដ្ឋាភិបាល​ថៃ​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ថ្ងៃ​ទី​១៤ ឧសភា​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ខ្មែរ​រូប​នេះ​ក៏​មិន​បកស្រាយ​បន្ថែម​ទៀត​ដែរ​ថា តើ​ជំហរ​របស់​រដ្ឋាភិបាល​ខ្មែរ​នឹង​ធ្វើ​យ៉ាង​ណា​ទៀត​បើ​សិន​ជា​មាន​ការឆ្លើយ​ជា​ផ្លូវការ​របស់​ថៃ​ថា​មិន​ព្រម​សង​ការខូចខាត​មក​កម្ពុជា​មែន​នោះ។

សូម​ជម្រាប​ថា របាយការណ៍​របស់​ក្រសួង​ការបរទេស​ខ្មែរ​ស្តីអំពី​ការប៉ះ​ទង្គិច​កាលពី​ថ្ងៃ​ទី​៣ មេសា​កន្លង​ទៅ បាន​បញ្ជាក់​ថា ភាគី​ថៃ​បាន​បាញ់​ផ្លោង​ដោយ​ប្រើ​កាំភ្លើង​ធុន​ធំ ហើយ​បាន​បំផ្លិច​បំផ្លាញ​តូប​លក់ដូរ​របស់​ប្រជាជន​ខ្មែរ​ចំនួន​២៦៤​តូប និង​បាន​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តំបន់​នោះ​ជាង​៣០០​គ្រួសារ​បាត់បង់​ទី​ជម្រក។

បន្ទាប់​ពី​ការប៉ះ​ទង្គិច​នេះ​ភ្លាម មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​ខ្មែរ​ចំនួន​១៨​អង្គការ​បាន​រួម​គ្នា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គការ​សហប្រជាជាតិ ដោយ​ចាត់ទុក​ថា​នេះ​ជា​ទង្វើ​ឈ្លានពាន​ទាំង​ស្រុង និង​បាន​ទាមទារ​ឲ្យ​ខាង​តែ​បាន​នូវ​សំណង​របស់​ថៃ​មក​ដល់​ពលរដ្ឋ​ខ្មែរ។

រហូត​មក​ដល់​ថ្ងៃ​អង្គារ​កន្លង​ទៅ លិខិត​រដ្ឋាភិបាល​ខ្មែរ​ទាមទារ​ជា​ផ្លូវការ​ត្រូវ​បាន​ប្រកាស ដោយ​ឲ្យ​ថៃ​សង​ថ្លៃ​ខូចខាត​សរុប ២.១៥០.៥០០​ដុល្លារ​សហរដ្ឋ​អាមេរិក។ មក​ដល់​ពេល​នេះ​ទាំង​សង្គម​ស៊ីវិល​និង​រដ្ឋាភិបាល​ខ្មែរ​កំពុង​រង់ចាំ​មើល​លិខិត​បដិសេធ​ផ្លូវការ​របស់​ថៃ៕