ប្រតិកម្មរបស់ក្រុមមន្ត្រីសង្គមស៊ីវិលខាងលើ បានកើតឡើងបន្ទាប់ពីតុលាការខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៥ ខែមករា បានប្រកាសសាលក្រមសម្រេចឲ្យលោក សំ ច័ន្ទគា មន្ត្រីសម្របសម្រួលសមាគមអាហុក ប្រចាំខេត្តនេះចាញ់ក្តីក្នុងបណ្តឹងបរិហាកេរ្តិ៍ ប្តឹងដោយក្រុមហ៊ុន ខេ.ឌី.ស៊ី. អន្តរជាតិ (KDC International)។
លោក សាន សុផាត ចៅក្រមកាត់ក្ដីតុលាការសាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចឲ្យលោក សំ ច័ន្ទគា ត្រូវបង់ប្រាក់ពិន័យចំនួន ១លានរៀល និងបង់ប្រាក់សំណងទៅឲ្យក្រុមហ៊ុន ខេ.ឌី.ស៊ី. ចំនួន ៣លានរៀល។
សេចក្ដីថ្លែងការណ៍រួមចុះថ្ងៃទី២៦ ខែមករា បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បានប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបំបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់មន្ត្រីសង្គមស៊ីវិល ដើម្បីការពារ និងស្វែងរកយុត្តិធម៌ជូនពលរដ្ឋក្រីក្រក្នុងទំនាស់ដីធ្លី ដែលត្រូវមន្ត្រីមានអំណាច ឬអ្នកមានទ្រព្យស្ដុកស្ដម្ភរំលោភបំពាន។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ស្ថិតក្នុងចង្កោមអង្គការក្រៅរដ្ឋាភិបាលជិត ៣០ បានសម្ដែងការព្រួយបារម្ភពីការធ្លាក់ចុះសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជាថា មានរូបភាពកាន់តែអាក្រក់ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវកែទម្រង់ប្រព័ន្ធតុលាការនៅកម្ពុជា ឲ្យបានប្រសើរជាងពេលបច្ចុប្បន្ន។
លោក អ៊ូ វីរៈ បញ្ជាក់បន្ថែមដូច្នេះ ៖ «នៅទូទាំងប្រទេស សកម្មជនសិទ្ធិមនុស្សគឺតែងតែប្រឈម ដោយថ្មីៗនេះមានតំណាងសហគមន៍នៅខេត្តកំពង់ចាម ត្រូវបានគេចាប់ខ្លួន និងនៅខេត្តជាច្រើនផ្សេងទៀត ត្រូវបានគេតាមចាប់ខ្លួន។ បើសិនជាដំណើរការនេះនៅតែបន្ត ខ្ញុំគិតថា អាចធ្វើឲ្យមានប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋច្រើន ហើយនៅពេលណាមួយដែលពលរដ្ឋគាត់មិនអាចតវ៉ាដោយសន្តិវិធីបាន វាអាចប៉ះពាល់ដល់ស្ថិរភាពសង្គមទាំងមូល។ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនឹងមើលឃើញបញ្ហានេះ ហើយព្យាយាមផ្ដល់សិទ្ធិសេរីភាពក្នុងការតវ៉ាដោយសន្តិវិធី និងតាមផ្លូវច្បាប់ឲ្យបានទូលំទូលាយជាងនេះ»។
ដូចការអះអាងខាងលើដែរ លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមអាដហុក បានថ្លែងថា នៅក្នុងសង្គមកម្ពុជាសព្វថ្ងៃ គ្មានអ្វីចម្លែកនោះទេ ដែលតុលាការកាត់សេចក្ដីឲ្យពលរដ្ឋក្រីក្រ ឬសកម្មជនការពារសិទ្ធិមនុស្សឲ្យចាញ់ក្តីអ្នកមានអំណាច ឬអ្នកមានទ្រព្យធន សូម្បីតុលាការនៅតាមខេត្ត-ក្រុងមួយចំនួនទៀតក៏មានសណ្ឋានស្រដៀងគ្នានេះដែរ។
លោក ចាន់ សុវ៉េត មានប្រសាសន៍បន្ថែម ៖ «សេរីភាពសម្ដែងមតិនេះ បន្ទាប់ពីមានការជំនុំជម្រះលោក សំ ច័ន្ទគា ដែលជាមន្ត្រីសិទ្ធិមនុស្សសមាគមអាដហុក ឲ្យមានទោស អ៊ីចឹងខ្ញុំគិតថា ជាការវាយប្រហារដ៏ធ្ងន់ធ្ងរមួយមកលើសេរីភាពសម្ដែងមតិ។ សេរីភាពសម្ដែងមតិ គ្រាន់តែនិយាយពីទម្រង់ច្បាប់ គ្រាន់តែចូលរួមចំណែកក្នុងការការពារពលរដ្ឋក្រីក្រ ផ្ដល់ជំនួយផ្នែកច្បាប់ដល់ពលរដ្ឋក្រីក្រ វាមិនមែនជាទម្រង់នៃអំពើខុសច្បាប់ទេ ហើយទាំងអស់នេះ ដែលយើងខ្ញុំជាសង្គមស៊ីវិលព្រួយបារម្ភខ្លាំងណាស់ រហូតដល់សម្រេចចិត្តចេញជាសេចក្ដីថ្លែងការណ៍រួម ដើម្បីជម្រាបជួនដល់រាជរដ្ឋាភិបាល ស្នើសុំរាជរដ្ឋាភិបាលបើកចំហសេរីភាពនេះឲ្យបានទូលំទូលាយសម្រាប់ឲ្យសង្គមស៊ីវិលយើងនេះមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការងារបម្រើដល់ប្រជាពលរដ្ឋ»។
ទាក់ទងបញ្ហានេះ លោកមេធាវី សុក សំអឿន ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ក៏បានឲ្យដឹងថា សិទ្ធិសេរីភាពសម្តែងមតិរបស់សកម្មជនការពារសិទ្ធិមនុស្សនៅកម្ពុជា ទោះជាទស្សនៈ យោបល់ផ្នែកច្បាប់ ឬទស្សនៈធម្មតាក្តី ត្រូវបានតុលាការយកមកបកស្រាយក្នុងក្របខ័ណ្ឌដ៏តូចចង្អៀត។ លោកបន្តថា សព្វថ្ងៃនេះសិទ្ធិសម្តែងមតិរបស់មន្ត្រីបក្សប្រឆាំង មន្ត្រីសង្គមស៊ីវិល ឬមតិពលរដ្ឋក្រីក្រក្តី ទោះក្នុងក្របខណ្ឌច្បាប់ក៏ដោយ គឺងាយប្រឈមការចោទប្រកាន់ និងផ្ដន្ទាទោសពីបទបរិហារកេរ្តិ៍បំផុត ឬបទញុះញង់ជាដើម។
យ៉ាងនេះក្តី លោកមេធាវី សុក សំអឿន មិនធ្វើអត្ថាធិប្បាយជុំវិញចំណាត់ការរបស់តុលាការខេត្តកំពង់ឆ្នាំង ដែលបានកាត់ក្តីឲ្យសកម្មជនសមាគមអាដហុក លោក សំ ច័ន្ទគា ចាញ់ក្តីក្នុងបណ្ដឹងបរិហារកេរ្តិ៍ ប្តឹងដោយក្រុមហ៊ុន ខេ.ឌី.ស៊ី អន្តរជាតិ របស់លោកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលនោះទេ។ ប៉ុន្តែអ្វីដែលលោកចង់បាន គឺចង់ឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ ឬត្រូវជំរុញការអនុវត្តច្បាប់នៅកម្ពុជា ឲ្យបានប្រសើរជាងពេលបច្ចុប្បន្ន ឲ្យស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាលបានដាក់ចេញ។
លោកមេធាវី សុក សំអឿន មានប្រសាសន៍បន្ថែម ៖ «ឥឡូវបញ្ហាគឺការអនុវត្តច្បាប់របស់តុលាការ ន័យប៉ុណ្ណឹង ទៅជារឿងញុះញង់ រឿងបរិហារកេរ្តិ៍ អាហ្នឹងមានន័យថា ថ្ងៃក្រោយយើងមិនបាច់ហ៊ាននិយាយអីទេ។ គេយកដីយើង យើងមិនហ៊ាននិយាយផង អានេះវាជាបញ្ហាមួយមានការវិបាក បញ្ហាអាចបណ្តាលមកពីតុលាការក៏មិនដឹង។ ការកែប្រែប្រព័ន្ធតុលាការ គឺជាអាទិភាពរបស់រាជរដ្ឋាភិបាល ហេតុដូច្នេះខ្ញុំគិតថា គួរតែរាជរដ្ឋាភិបាលហ្នឹងផ្ដោតជាអាទិភាពទៅលើការកែទម្រង់ប្រព័ន្ធតុលាការ ហើយជួយធ្វើយ៉ាងណាឲ្យតុលាការហ្នឹងក្លាយទៅជាតុលាការដែលឯករាជ្យ ទៅតាមបទកដ្ឋានអន្តរជាតិ»។
ឆ្លើយតបសេចក្ដីថ្លែងការណ៍ លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យ និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានបញ្ចេញប្រតិកម្មថា រាល់ការវិនិច្ឆ័យទោសរបស់តុលាការទៅលើបណ្ដឹងអ្វីមួយ គឺតុលាការបានផ្អែកទៅលើអង្គហេតុ និងអង្គច្បាប់ ប៉ុន្តែបើមានភាគីណាមួយមិនពេញចិត្តទៅនឹងការសម្រេចក្តី ពួកគេមានសិទ្ធិប្ដឹងតវ៉ារកយុត្តិធម៌បន្តទៀត។
លោកបន្ថែមថា មន្ត្រីសង្គមស៊ីវិល ឬសកម្មជនសិទ្ធិមនុស្ស គួរយកច្បាប់ជាធំ និងត្រូវញែកប្រព័ន្ធតុលាការឲ្យដាច់ឆ្ងាយពីបុគ្គលជាចៅក្រមស៊ើបអង្កេត ឬចៅក្រមវិនិច្ឆ័យ ជាជាងវាយប្រហារទៅលើប្រព័ន្ធតុលាការដែលកំពុងផ្ដល់យុត្តិធម៌នៅកម្ពុជា។
លោក ផៃ ស៊ីផាន មានប្រសាសន៍បន្ថែម ៖ «បើមិនពេញចិត្តអង្គការទាំងអស់ហ្នឹងគួរតែនាំគ្នាប្ដឹងបន្តទៀតទៅតុលាការលហុ ឬតុលាការកំពូល។ គួរឲ្យសកម្មជនសិទ្ធិមនុស្ស ឬអង្គការសង្គមស៊ីវិលហ្នឹងយកច្បាប់ជាគោលការណ៍ធំ ជាជាងការវាយប្រហារមាក់ងាយទៅលើប្រព័ន្ធតុលាការដែលផ្ដល់យុត្តិធម៌ដូច្នេះ ក្រុមទាំងពីរត្រូវមានសិទ្ធិដូចគ្នាក្នុងការតតាំងដើម្បីថែរក្សាសិទ្ធិមនុស្ស»។
លោក សំ ច័ន្ទគា សកម្មជនការពារសិទ្ធិមនុស្សសមាគមអាដហុក បន្ទាប់ពីត្រូវបានតុលាការខេត្តកំពង់ឆ្នាំង សម្រេចឲ្យចាញ់ក្តីក្រុមហ៊ុន ខេ.ឌី.ស៊ី. កាលពីថ្ងៃទី២៥ ខែមករា លើសំណុំរឿងបទបរិហារកេរ្តិ៍ លោកបានថ្លែងថា នឹងបន្តសំណុំរឿងនេះទៅកាន់តុលាការឧទ្ធរណ៍បន្តទៀត។
លោក សំ ច័ន្ទគា មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តកំពង់ឆ្នាំង ត្រូវបានលោកស្រី ជា ខេង នាយិកាក្រុមហ៊ុន ខេ.ឌី.ស៊ី. អន្តរជាតិ តាមរយៈតំណាង គឺលោក ថៃ ហ៊ី ប្ដឹងចោទប្រកាន់ ពីបទបរិហារកេរ្តិ៍ ដោយសារសកម្មជនសិទ្ធិមនុស្សរូបនេះ បានផ្ដល់មតិផ្នែកច្បាប់ដល់ប្រព័ន្ធផ្សព្វផ្សាយទាក់ទងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយ រវាងប្រជាពលរដ្ឋនៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី. អន្តរជាតិនាពេលកន្លងមក៕