អង្គការ​​ចំនួន​៣១៥​មិន​ទទួល​យក​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ

អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ និង​សមាគម​ចំនួន ៣១៥ បាន​ចេញ​ផ្សាយ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​នៅ​ថ្ងៃ​ទី​១២ មេសា ថា អង្គការ​សមាគម​ជាតិ និង​អន្តរជាតិ​ទាំង ៣១៥​នេះ មាន​ជំហរ​រួម​មួយ​នៅ​ថ្ងៃ​នេះ គឺ​មិន​ទទួល​យក​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​រៀបចំ​រួម​គ្នា​ដោយ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការបរទេស​កម្ពុជា នោះ​ឡើយ។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំពោះ​សេចក្ដី​ព្រាង​លើក​ទី​២ នៃ​ច្បាប់​ ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​គូស​បញ្ជាក់​ថា មាន​ការ​បារម្ភ​ធំៗ​ចំនួន​៣ នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​លើក​ទី​២​នោះ គឺ​ទី​១ ការ​ចុះ​បញ្ជី​ត្រូវ​ធ្វើ​ឡើង​ជា​កាតព្វកិច្ច និង​មាន​ភាព​ស្មុគស្មាញ មិន​មែន​ដោយ​ស្ម័គ្រ​ចិត្ត និង​មិន​មាន​ភាព​ងាយ​ស្រួល។ ទី​២ ពុំ​មាន​ដំណើរ​ការ​ប្ដឹង​ឧទ្ធរណ៍​សម្រាប់​ការ​បដិសេធ​លើ​ការ​ចុះ​បញ្ជី និង​ទី​៣ ពុំ​មាន​ការ​កំណត់​និយម​ន័យ​លើ​វាក្យសព្ទ​សំខាន់ៗ​នៅ​ក្នុង​ច្បាប់ និង​ផ្នែក​ជា​ច្រើន​មាន​ភាព​មិន​ច្បាស់​លាស់។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​ប្រកាស​ឲ្យ​ដឹង​ថា ពួកគេ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​គោលបំណង​ប្រើប្រាស់​សិទ្ធិ​ប្រជាធិបតេយ្យ ដើម្បី​សម្ដែង​នូវ​ការ​មិន​ពេញ​ចិត្ត​របស់​គេ​ទៅ​តាម​រយៈ​មធ្យោបាយ​ប្រជាធិបតេយ្យ និង​មធ្យោបាយ​ប្រកប​ដោយ​សន្តិភាព​ដទៃ​ទៀត។

លោក នុត សាអាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១២ មេសា ថា លោក​បាន​ទទួល​សេចក្ដី​ថ្លែងការណ៍​នោះ​ហើយ ហើយ​ក្រុម​ការងារ​របស់​លោក​កំពុង​តែ​ស្រង់​យក​ចំណុច​ទាមទារ​របស់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​នោះ ដើម្បី​ជម្រាប​ជូន​ទៅ​ថ្នាក់​លើ​របស់​លោក គឺ​លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស ខេង ដើម្បី​មាន​យោបល់​សម្រេច​ចំពោះ​ការ​ទាមទារ​នោះ។

លោក នុត សាអាន មាន​ប្រសាសន៍​បន្ត​ថា ៖ «ខ្ញុំ​កំពុង​ពិនិត្យ​មើល​អ្វី​ដែល​អង្គការ​ទាំង​អស់​នឹង​លើក​ឡើង ហើយ​និង​រៀបចំ​កែ​សម្រួល​ទៅ​តាម​អ្វី​ដែល​អស់​លោក​ទាំង​អស់​នោះ គាត់​បាន​លើក ហើយ​យក​យោបល់​នេះ​ទៅ​ឆ្លង​ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ តើ​គាត់​យល់​យ៉ាង​ម៉េច​»

សូម​ជម្រាប​ថា សេចក្ដី​ព្រាង​ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មាន ១១​ជំពូក និង ៥៨​មាត្រា។ មក​ទល់​ពេល​នេះ មាន​កិច្ចប្រជុំ​រវាង​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​នានា​របស់​រដ្ឋាភិបាល​ចំនួន ៣​លើក​ហើយ ដើម្បី​ពិនិត្យ និង​កែ​សេចក្ដី​ព្រាង​ច្បាប់​នេះ៕