ញឹក ប៊ុនឆៃ ប្ដឹង​ចាងហ្វាង​កាសែត​ខ្មែរ​អមតៈ

កាល​ពី​ឆ្នាំ​មុន​នេះ​ចាងហ្វាង​កាសែត​ខ្មែរ​អមតៈ បាន​រង​ការ​ប្ដឹង​ដោយ​លោក កៅ គឹមហួន ជា​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា និង​ជា​នាយក​នៃ​សកលវិទ្យាល័យ​កម្ពុជា ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ឥឡូវនេះ ចាងហ្វាង​កាសែត​ខ្មែរ​អមតៈ​ដដែល បាន​រង​ការ​ប្ដឹង​ដោយ ​លោក ញឹក ប៊ុនឆៃ ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត។

0:00 / 0:00

ចាងហ្វាង​កាសែត​ខ្មែរ​អមតៈ លោក ប៊ុន ថា កំពុង​តែ​រង​ការ​ប្ដឹង​ដោយ​ឧបនាយករដ្ឋមន្ត្រី លោក ញឹក ប៊ុនឆៃ ជា​អគ្គលេខាធិការ​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បរិហារ​កេរ្តិ៍ ដោយសារ​តែ​កាសែត​នេះ​បាន​ចុះ​ផ្សាយ​ព័ត៌មាន​កាល​ពី​ខែ​កុម្ភៈ កន្លង​ទៅ ចោទ​ប្រកាន់​ថា លោក ញឹក ប៊ុនឆៃ បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​បាន​លក់​ទីស្នាក់ការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​ខុស​ច្បាប់។

ព្រះរាជអាជ្ញា​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក ហ៊ឹង ប៊ុនជា បាន​ចេញ​ដីកា​កោះ​ហៅ​លោក ប៊ុន ថា ទៅ​សាកសួរ​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា នៅ​វេលា​ម៉ោង ៨​កន្លះ​ព្រឹក។ ដីកា​នោះ​ចុះ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១១។

ចាងហ្វាង​កាសែត​ខ្មែរ​អមតៈ លោក ប៊ុន ថា អាយុ ៤៦​ឆ្នាំ ដែល​កាសែត​របស់​លោក​មាន​និន្នាការ​គាំទ្រ​គណបក្ស នរោត្តម រណឫទ្ធិ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ថា លោក​កំពុង​តែ​ស្វែង​រក​មេធាវី​ដើម្បី​ការពារ​ក្ដី​នេះ​ហើយ ៖ «នេះ​បើ​និយាយ​ទៅ​វា​មិន​មែន​ជា​ចេតនា​នយោបាយ​ទេ វា​ជា​ការ​បំភិតបំភ័យ​ព័ត៌មាន ពីព្រោះ​ឯកសារ​យើង​ទទួល​បាន​ជាក់ស្ដែង មាន​ទាំង​ត្រា​គណបក្ស មាន​ទាំង Logo (រូប​​សញ្ញា) បក្ស ហើយ​រឿង​នេះ​ជា​រឿង​ផ្ទាល់​ខ្លួន ដល់​ពេល​វា​បែក​ធ្លាយ​ទៅ គាត់​ធ្វើការ​បំភ័យ ឬ​បំបាក់​ស្មារតី»

លោក​បាន​ឲ្យ​ដឹង​ថា លោក ញឹក ប៊ុនឆៃ បាន​ប្ដឹង​រូប​លោក​ក្រោយ​ពី​កាសែត​ខ្មែរ​អមតៈ​បាន​ចុះ​ផ្សាយ​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១១ និយាយ​ថា លោក ញឹក ប៊ុនឆៃ បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ការ​លក់​ទីស្នាក់ការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​បាន​រំលោភ​លើ​ច្បាប់​លក្ខន្តិកៈ​ផ្ទៃក្នុង​គណបក្ស និង​បាន​ប្រើប្រាស់​តួនាទី​ជា​ឧបនាយករដ្ឋមន្ត្រី ក្នុង​ការ​លក់​ទីស្នាក់ការ​បក្ស​នោះ។

ប្រតិកម្ម​ទៅ​នឹង​ការ​ចោទ​ប្រកាន់ និង​ការ​ប្ដឹង​លោក ប៊ុន ថា នោះ ឧបនាយករដ្ឋមន្ត្រី លោក ញឹក ប៊ុនឆៃ ជា​អគ្គលេខាធិការ​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​មាន​ប្រសាសន៍​ថា ការ​ចុះ​ផ្សាយ​កន្លង​មក​គ្មាន​ការ​ពិត​ទេ ហើយ​លោក​បាន​ហៅ​លោក ប៊ុន ថា មក​ជួប​រូប​លោក ដើម្បី​កែ​តម្រូវ​ព័ត៌មាន​នោះ ប៉ុន្តែ​លោក ប៊ុន ថា មិន​ព្រម​កែ​តម្រូវ​តាម​សំណើ។ ការ​ប្ដឹង​នេះ​ជា​ជម្រើស​ចុង​ក្រោយ។

លោក ញឹក ប៊ុនឆៃ បន្ត​ថា ៖ «ខ្ញុំ​បាន​ជម្រាប​គាត់​ថា បញ្ហា​ហ្នឹង​សុំ​ឲ្យ​មក​ជួប​ខ្ញុំ ខ្ញុំ​នឹង​បង្ហាញ​ឯកសារ​ទាំង​អស់ ពីព្រោះ​ឯកសារ​មិន​មាន​តែ​មួយ​សន្លឹក​ហ្នឹង​ទេ ឯកសារ​មាន​ទាំង​កិច្ច​សន្យា មាន​ច្រើន​សន្លឹក​ណាស់។ មុន​នឹង​ចុះ​ផ្សាយ​ឲ្យ​មក​មើល​ឯកសារ​ខ្ញុំ​សិន បើ​ថា វា​យ៉ាង​ម៉េច​ចាំ​ចុះ​ផ្សាយ​ចុះ ខ្ញុំ​មិន​ហាម​ទេ ព្រោះ​ជា​សិទ្ធិ​សារព័ត៌មាន ប៉ុន្តែ​គាត់​មិន​បាន​ទទួល​សុំ​ពី​ខ្ញុំ​នោះ គឺ​អត់​ទេ»

ឯកសារ​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន បាន​ឲ្យ​ដឹង​ថា ឧបនាយករដ្ឋមន្ត្រី លោក ញឹក ប៊ុនឆៃ និង​ជា​អគ្គលេខាធិការ​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ចុះ​ហត្ថលេខា និង​បោះ​ត្រា​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០០៨ ដើម្បី​លក់​ទីស្នាក់ការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ក្នុង​ខណ្ឌ​ចំការមន ក្រុង​ភ្នំពេញ ក្នុង​តម្លៃ ៤០​លាន​យន់ ស្មើ​នឹង​ជិត ៦​លាន​ដុល្លារ​អាមេរិក ឲ្យ​ទៅ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ Speedy Best Technology Limited។

ឧបនាយករដ្ឋមន្ត្រី លោក ញឹក ប៊ុនឆៃ បាន​រង​ការ​ប្ដឹង​វិញ​ដែរ ដោយ​លោក ប៊ុន ថា ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១១ ដើម្បី​សុំ​ឲ្យ​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ។

លោក ញឹក ប៊ុនឆៃ បាន​មាន​ប្រសាសន៍​ថា តំណាង​ក្រុមហ៊ុន​ចិន និង​ឯកអគ្គរដ្ឋទូត​ចិន នៅ​កម្ពុជា គ្រោង​នឹង​មក​ជួប​រូប​លោក​នៅ​សប្ដាហ៍​ខាង​មុខ​នេះ ដើម្បី​បំភ្លឺ និង​បញ្ជាក់​រឿង​នេះ​ថា លោក​គ្មាន​ការ​ពាក់ព័ន្ធ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៕