ហោណាំហុង​​គ្មាន​គម្រោង​ជួប​ចរចា​ទ្វេ​ភាគី​ជាមួយ​មន្រ្តី​ថៃ​នៅ​វៀតណាម​ទេ

ប្រមុខ​ការ​ទូត​កម្ពុជា លោក ហោ ណាំហុង បាន​អះអាង​ថា លោក​គ្មាន​គម្រោង​ជួប​ចរចា​ទ្វេ​ភាគី​រវាង​រូប​លោក​និង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ថៃ លោក កាស៊ិត ភីរម្យ នោះ​ទេ នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​ថ្នាក់​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​នៅ​ក្នុង​ប្រទេស​វៀតណាម រយៈពេល​២​ថៃ្ង​នៅ​ក្នុង​សប្តាហ៍​នេះ។

0:00 / 0:00

ការ​បដិសេធ​នោះ គឺ​នៅ​ក្រោយ​ពេល​ដែល​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ថៃ លោក កាស៊ិត ភីរម្យ (Kasit Piromya) បាន​ធ្វើ​អត្ថាធិប្បាយ​កាល​ពី​ថៃ្ង​អង្គារ៍​ថ្មីៗ​នេះ​ថា បើ​សិន​ណា​ប្រទេស​កម្ពុជា​មិន​ព្រម​ផ្តាច់​ទំនាក់​ទំនង​ជាមួយ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ទេ​នោះ វា​ពិបាក​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ទ្បើង​នូវ​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​ថៃ។

សេចក្តី​រាយការណ៍​នានា​បាន​ដក​ស្រង់​សម្ដី​របស់​លោក កាស៊ិត ភីរម្យ និយាយ​ទៀត​ថា វត្ត​កែវសិក្ខាគិរីស្វៈរៈ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​នោះ​បាន​សង់​នៅ​ក្នុង​ទឹក​ដី​ថៃ។

លោក ហោ ណាំហុង ជា​ឧប​នាយករដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា ដែល​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​មួយ​ក្រុម​ទៅ​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​ខ្លី​មួយ​នៅ​ឯ​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថៃ្ង​ពុធ ទី​១៣ ខែ​មករា​នេះ​ថា ៖ «មិន​មាន​កម្មវិធី​ជួប​ផ្ទាល់​ជាមួយ​លោក កាស៊ិត ភីរម្យ រដ្ឋមន្រ្តី​ការបរទេស​ថៃ​ទេ បើ​ជួប ជួប​ក្នុង​ពេល​ប្រជុំ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​តាម​ធម្មតា។ សូម​ជម្រាប​ថា បញ្ហា​កម្ពុជា​និង​ថៃ​នេះ មិនមែន​ជា​បញ្ហា​តែង​តាំង ថាក់ស៊ីន ទេ បញ្ហា​កម្ពុជា​ថៃ គឺ​ដោយសារ​ថៃ​មក​ឈ្លានពាន​កម្ពុជា​៣​ដង គឺ​នៅ​ខែ​៧ ឆ្នាំ​២០០៨ ម្ដង ខែ​១០ ២០០៨ ម្ដង និង​ខែ​៤ ២០០៩ ម្ដង»

មន្រ្តី​ការបរទេស​នៃ​ប្រទេស​សមាជិក​អាស៊ាន នៅ​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​និង​ថៃ​ផង នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​នៅ​ក្នុង​ទីក្រុង​ដាណាង ប្រទេស​វៀតណាម រយៈពេល​២​ថៃ្ង ចាប់​ពី​ថៃ្ង​ទី​១៣ ដល់​ថៃ្ង​ទី​១៤ ខែ​មករា​នេះ។

លោក យឹម សុវណ្ណ ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​និង​ជា​តំណាង​រាស្រ្ត​នៃ​គណបក្ស​សមរង្ស៊ី បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា ការ​មិន​ព្រម​ជួប​ចរចា​គ្នា​នោះ មាន​ន័យ​ថា បញ្ហា​នឹង​អូស​បន្លាយ​យូរ​ទៀត។

លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ទៀត​ថា ៖ «ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក៏ដោយ យើង​ចៀស​វាង​ការ​បង្ក​ឲ្យ​មាន​សង្រ្គាម​នៅ​ក្នុង​ករណី​ដែល​អាច​ចៀស​វាង​បាន យើង​ខិតខំ​អត់​ធ្មត់​ដើម្បី​ចៀស​វាង»

ទំនាក់​ទំនង​រវាង​កម្ពុជា​និង​ថៃ គេ​បាន​កត់​សម្គាល់​ឃើញ​ថា បាន​ចាប់​ផ្តើម​តានតឹង​និង​រង្គោះរង្គើ​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០០៨​មក ក្រោយ​ពី​ប្រសាទ​ព្រះវិហារ​របស់​កម្ពុជា ត្រូវ​បាន​អង្គការ UNESCO បាន​ទទួល​ស្គាល់​នៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិភណ្ឌ​ពិភពលោក កាល​ពី​ថៃ្ង​ទី​៧ ខែ​កក្កដា ២០០៨ នៅ​ក្នុង​ទីក្រុង​កេបិច ប្រទេស​កាណាដា ដែល​បាន​ញ៉ាំង​ឲ្យ​ទាហាន​ថៃ បាន​ចូល​មក​ឈ្លានពាន​ទឹក​ដី​កម្ពុជា​ចំនួន​៣​លើក នៅ​តំបន់​ប្រសាទ​ព្រះវិហារ​និង​តំបន់​មួយ​ចំនួន​ទៀត។

ក្រោយ​មក​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​បាន​ធ្លាក់​ចុះ​មួយ​កម្រិត​ទៀត ក្រោយ​ពី​ប្រទេស​កម្ពុជា​បាន​តែងតាំង​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីត​នាយករដ្ឋមន្រ្តី​ថៃ ឲ្យ​ក្លាយ​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា និង​ជា​ទីប្រឹក្សា​ផ្ទាល់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៩​កន្លង​ទៅ​នេះ៕