លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេសកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១១ បានប្រកាសបដិសេធមិនទទួលស្គាល់សំណុំរឿងចារកម្មកម្ពុជា ដែលអាជ្ញាធរថៃ បានចាប់ខ្លួន និងចោទប្រកាន់កន្លងមក ហើយលោកបានបញ្ជាក់ថា នឹងពុំមានការដោះដូរណាមួយរវាងចារកម្មកម្ពុជា ដែលរងការចោទប្រកាន់នោះ ជាមួយនឹងចារកម្មជនជាតិថៃ ចំនួន ២នាក់ ដែលកំពុងតែជាប់នៅក្នុងគុកព្រៃសនោះទេ។
ការលើកឡើងបែបនេះ គឺនៅចំពោះមុខនិស្សិត និងមន្ត្រីរាជការសរុបជាង ៤.០០០នាក់ និងឯកអគ្គរដ្ឋទូតប្រទេសនានា នៅកម្ពុជា រាប់ទាំងឯកអគ្គរាជទូតថៃផង នៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតជយលាភីនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១១។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា លោកហួសចិត្តចំពោះការចោទប្រកាន់របស់ភាគីថៃបែបនេះ ៖ «ចារកម្មដូចជាចម្លែកណាស់ មានខ្មែរផង មានវៀតណាមផង មានថៃផង។ ចារកម្មគេធ្វើអ៊ីចឹង? ហើយខ្ញុំព្រះករុណាគិតថា មិនចង់តបតទេ ដោយសារតែឥឡូវប្រៀបបានជាមនុស្សចាស់ទាស់ជាមួយកូនក្មេង។ ដរាបណាតុលាការមិនទាន់កាត់ទោស អ្នកហ្នឹងនៅមិនទាន់មានទោស ហេតុអ្វីក៏បបួលដូរ អា វីរៈ (វីរៈ ស៊ុំក្ខាមឃីត) និងនាង រ៉ាត់ទ្រី (រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន)? អ្នកឯងកាត់ទោសហើយនៅ បានជាចោទពលរដ្ឋខ្ញុំជាមនុស្សមានទោស?»។
ឯកអគ្គរាជទូតថៃ នៅក្នុងប្រទេសកម្ពុជា លោក សំពង់ សាងួនប៊ុន (Sampong Sanguanbun) បានមានប្រសាសន៍ថា លោកសុំមិនធ្វើអត្ថាធិប្បាយអ្វីទេចំពោះរឿងនេះ។
អ្នកវិភាគស្ថានការណ៍នយោបាយ និងជម្លោះរវាងកម្ពុជា-ថៃ លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍ថា នាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បានប្រើប្រាស់គ្រប់រូបភាពដើម្បីកេងចំណេញនយោបាយនៅមុនការបោះឆ្នោតនៅថ្ងៃទី៣ ខែកក្កដា ខាងមុខនេះ ៖ «យើងឃើញថា ថៃប្រើប្រាស់យន្តការណាមួយដើម្បីដោះ យើងដឹងហើយថា អ្នកដែលកំពុងជាប់គុក ឈ្មោះ ស៊ុំក្វាមឃីត នេះ កំពុងជាប់គុកនៅព្រៃសនេះ គឺជាអ្នកសំខាន់នៅក្នុងពួកអាវលឿង»។
កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១១ កន្លងទៅថ្មីៗនេះ មានសេចក្ដីរាយការណ៍ថា អាជ្ញាធរថៃ នៅខេត្តស៊ីសាកេត បានចាប់ខ្លួនមនុស្សចំនួន ៣នាក់ ក្នុងនោះមានជនជាតិវៀតណាមម្នាក់ ជនជាតិខ្មែរម្នាក់ និងជនជាតិថៃម្នាក់ ក្រោមបទចោទថា ជាចារកម្មដោយមានផែនទីភ្ជាប់មកជាមួយផង។
ប្រភពពីមន្ត្រីរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា អ្នកទាំង ៣នាក់នោះ ជាអ្នកទេសចរណ៍ទៅកម្សាន្តនៅក្នុងប្រទេសថៃ ហើយផែនទីដែលគេបានប្រើប្រាស់នោះ គឺជាផែនទីស្វែងរកតំបន់ទេសចរណ៍។
កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១១ កន្លងទៅ តុលាការក្រុងភ្នំពេញ បានកាត់ទោសជនជាតិថៃម្នាក់ឈ្មោះ វីរៈ ស៊ុំក្វាមឃីត (Veera Somkwamkid) ភេទប្រុស ឲ្យជាប់គុកចំនួន ៨ឆ្នាំ ផាកពិន័យ ចំនួន ១,៨លានរៀល និងបានកាត់ទោសជនជាតិថៃម្នាក់ទៀតឈ្មោះ រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន (Ratree Paiputanapaiboon) ភេទស្រី ឲ្យជាប់គុកចំនួន ៦ឆ្នាំ និងផាកពិន័យចំនួន ១,២លានរៀល ចូលថវិការដ្ឋ។
តុលាការបានកាត់ទោសនោះក្រោមបទចូលក្នុងទឹកដីកម្ពុជា ខុសច្បាប់ តាមមាត្រា ២៩ នៃច្បាប់អន្តោប្រវេសន៍ និងបានចូលមកទីលានយោធាកម្ពុជា ក្នុងបំណងទុច្ចរិតប្រមូលផ្ដុំព័ត៌មានសម្ងាត់ប៉ះពាល់សន្តិសុខជាតិកម្ពុជា តាមមាត្រាទី ២៧ មាត្រាទី ៤៧៣ មាត្រាទី ៤៣៩ និងមាត្រាទី ៤៤៦ នៃក្រមព្រហ្មទណ្ឌថ្មី៕