លោក បារ៉ាក់ អូបាម៉ា ថ្លែងប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីបញ្ហានេះ នៅក្នុងជំនួបទ្វេភាគីដ៏មានស្ថានភាពតានតឹង កាលពីល្ងាចថ្ងៃចន្ទ ទី១៩ វិច្ឆិកា នាវិមានសន្តិភាព បន្ទាប់ពីបានអញ្ជើញទៅដល់ប្រទេសកម្ពុជាភ្លាម។
នៅក្នុងកិច្ចប្រជុំនោះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ក៏បានលើកឡើងផងដែរ នូវក្តីបារម្ភអំពីបញ្ហាអ្នកទោសនយោបាយនៅកម្ពុជា។ ក្នុងនោះមានករណីលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ២០ឆ្នាំ កាលពីខែតុលា កន្លងទៅនេះ។
លោកប្រធានាធិបតីអាមេរិកបានគូសបញ្ជាក់អំពីភាពចាំបាច់ត្រូវដោះលែងអ្នកទោសនយោបាយទាំងនោះ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់លោក អូបាម៉ា វិញថា កម្ពុជាមិនមានអ្នកទោសនយោបាយទេ ប៉ុន្តែមានអ្នកនយោបាយដែលបានក្លាយទៅជាអ្នកទោស ពីព្រោះអ្នកនយោបាយបានធ្វើខុសច្បាប់។
ទីភ្នាក់ងារព័ត៌មាន អា.អេហ្វ.ប៉េ (AFP) បានស្រង់ប្រសាសន៍មន្ត្រីទីប្រឹក្សាផ្នែកសន្តិសុខសហរដ្ឋអាមេរិក លោក បេន រ៉ូដ្ស (Ben Rhodes) ដែលកត់សំគាល់ថា ជំនួបទ្វេភាគីរវាងមេដឹកនាំនៃប្រទេសទាំងពីរ ប្រព្រឹត្តទៅក្នុងស្ថានភាពតានតឹង។
ក្នុងសន្និសីទកាសែតកាលពីថ្ងៃចន្ទ បន្ទាប់ពីជំនួបនេះ មន្ត្រីនាំពាក្យរដ្ឋាភិបាល លោក ប្រាក់ សុខុន ឱ្យដឹងថា លោក ហ៊ុន សែន ដោយបានថ្លែងអំណរគុណដល់លោក អូបាម៉ា ដែលលោកបាននិយាយដោយត្រង់ៗ។ ប៉ុន្តែឆ្លើយតបទៅនឹងក្ដីបារម្ភរបស់លោក អូបាម៉ា ទាក់ទងនឹងបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា លោក ហ៊ុន សែន បញ្ជាក់ថា កម្ពុជាបានខិតខំលើកកម្ពស់ការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេស ប៉ុន្តែត្រូវទទួលរងគ្រោះដោយសារតែយុទ្ធនាការបំភ្លៃការពិត។
លោក ប្រាក់ សុខុន៖ «ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា បានទទួលរងយុទ្ធនាការមួយ ដែលទី១ គឺជាយុទ្ធនាការដែលខិតខំរារាំងមិនឱ្យលោកប្រធានាធិបតីអាមេរិកមកធ្វើទស្សនកិច្ចនៅកម្ពុជា ហើយទី២ ជាយុទ្ធនាការមួលបង្កាច់ការពិតទាក់ទងនូវស្ថានការណ៍សិទ្ធិមនុស្ស ស្ថានការណ៍ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកឡើងវិញដែរថា កាលពីប៉ុន្មានឆ្នាំមុន ប្រទេសធំៗមួយចំនួន មានសហរដ្ឋអាមេរិក អ៊ឺយូ អូស្រ្តាលី គឺបានមករកពឹងសុំឱ្យសម្ដេចតេជោនាយករដ្ឋមន្ត្រី ទៅនិយាយជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ឱ្យធ្វើកំណែទម្រង់នយោបាយ ដើម្បីលើកស្ទួយស្ថានភាពសិទ្ធិមនុស្ស សិទ្ធិនយោបាយនៅប្រទេសនោះ។ ប៉ុន្តែឥឡូវ តាមយុទ្ធនាការមួលបង្កាច់នេះ ហាក់ដូចជាកម្ពុជា ឥឡូវក្លាយទៅជាកូនសិស្សដែលអាក្រក់ជាង មីយ៉ាន់ម៉ា ទៅទៀត»។
ប៉ុន្តែទោះបីជាយ៉ាងណាក្ដី មន្ត្រីនាំពាក្យរដ្ឋាភិបាល លោក ប្រាក់ សុខុន ឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា នៅកម្ពុជា នាពេលនេះ ថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងសំដែងការពេញចិត្តចំពោះការរីកចំរើននៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា នៅរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
ចំពោះការលើកឡើងរបស់លោក បារ៉ាក់ អូបាម៉ា អំពីបញ្ហារំលោភសិទ្ធិមនុស្ស ដែលបណ្ដាលមកពីបញ្ហាវិវាទដីធ្លី លោក ហ៊ុន សែន ឆ្លើយតបថា បញ្ហាជម្លោះដីធ្លីបានថយចុះ ដោយសារតែគោលនយោបាយរបស់រដ្ឋាភិបាល ដោយបង្កើតឱ្យមានក្រុមនិស្សិតចុះវាស់វែងបែងចែកកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋមានទំនាស់ជាមួយក្រុមហ៊ុននានា ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល។
លោកប្រធានាធិបតីអាមេរិក ក្នុងជំនួបទ្វេភាគីនោះដែរ ក៏បានលើកឡើងអំពីបញ្ហាកែទម្រង់ស្ថាប័នជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា ដែលបានស្នើឡើងក្នុងរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi)។
លោក ប្រាក់ សុខុន បានឱ្យដឹងពីការឆ្លើយតបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះបញ្ហានេះ ដែលជាក្តីកង្វល់របស់សភាសហរដ្ឋអាមេរិក ក្នុងដំណើរកែទម្រង់នៅកម្ពុជា៖ «ចំពោះមតិយោបល់របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ សម្ដេចលោកមានប្រសាសន៍ថា យោបល់នោះជាយោបល់ល្អហើយ ប៉ុន្តែប្រទេសយើងក៏មានច្បាប់គ្រប់គ្រងកិច្ចការងារបោះឆ្នោតនោះដែរ ដែលទាក់ទងនឹងកំណែទម្រង់មួយចំនួន ដែលគាត់បានស្នើសុំឱ្យធ្វើក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះ»។
លោក បារ៉ាក់ អូបាម៉ា គឺជាប្រធានាធិបតីសហរដ្ឋអាមេរិកទី១ ដែលបានបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។ លោក បារ៉ាក់ អូបាម៉ា បានអញ្ជើញមកដល់ទីក្រុងភ្នំពេញ កាលពីរសៀលថ្ងៃច័ន្ទ ទី១៩ វិច្ឆិកា បន្ទាប់ពីចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក បារ៉ាក់ អូបាម៉ា និងគណៈប្រតិភូអាមេរិក បានធ្វើដំណើរឆ្ពោះទៅកាន់វិមានសន្តិភាព ដែលជាទីកន្លែងប្រារព្ធកិច្ចប្រជុំកំពូលអាស៊ាន លើកទី២១ និងកិច្ចប្រជុំទាក់ទិនសំខាន់ៗផ្សេងទៀត។
លោក អូបាម៉ា នឹងចូលរួមក្នុងកិច្ចប្រជុំអាស៊ាន-អាមេរិក និងអាស៊ីបូព៌ា នៅថ្ងៃអង្គារ នេះ។ លោក អូបាម៉ា និងគណៈប្រតិភូអាមេរិក នឹងចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃអង្គារ នេះដែរ បន្ទាប់ពីចប់កិច្ចប្រជុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។