ក្នុងការធ្វើអាជីវកម្មបូមខ្សាច់ ដែលបង្កឱ្យមានការព្រួយបារម្ភដល់អ្នកភូមិ នៅក្នុងឃុំកោះឧកញ៉ាតីកន្លងមក ត្រូវប្រធានក្រុមហ៊ុនបូមខ្សាច់ លោក សំ ចិត្រា បានថ្លែងថា បណ្ដាលមកពីអ្នករកស៊ីបូមខ្សាច់អនាធិបតេយ្យ។
លោក សំ ចិត្រា បន្តទៀតថា ដើម្បីដោះស្រាយបញ្ហានេះ លោកបានបញ្ជាក់ទៅអ្នកភូមិដូច្នេះ ៖ «ខ្ញុំស្អប់។ កន្លងមកមានបញ្ហានេះ គឺអនាធិបតេយ្យចូលមកលូក។ ខ្ញុំឱ្យរង្វាន់គាត់ថា ឥឡូវខ្ញុំឱ្យរង្វាន់លើកទឹកចិត្ត បើសិនជាបងប្អូននៅកោះឧកញ៉ាតី ដែលមើលឃើញថា អនាធិបតេយ្យណាមួយ ប្រាប់ខ្ញុំ ទូរស័ព្ទ ២៤ម៉ោង ខ្ញុំអាចជួយគាត់បាន។ មធ្យោបាយចុះទៅចាប់ទូក ចាប់សាឡង់ហ្នឹងខ្ញុំ គឺខ្ញុំមានគ្រប់គ្រាន់ឱ្យគាត់»។
ស្ត្រីជាអ្នកភូមិម្នាក់ទៀត វ័យប្រមាណជាង ៣០ឆ្នាំ ឈ្មោះ សុភ័ណ្ឌ បានឲ្យដឹងដែរថា កប៉ាល់បូមខ្សាច់ធំៗទាំងនេះ មានប្រហែល ៣០គ្រឿង ចល័តគ្នាចុះឡើងបូមខ្សាច់ទាំងយប់ទាំងថ្ងៃអស់រយៈពេល ៥ឆ្នាំមកហើយ ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងបានបង្កឲ្យបាក់ដីច្រាំងទន្លេ ទីផ្ទះប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ផ្ទះសម្បែង ផលដំណាំជាដើម។ អ្នកស្រីបានទាមទារឲ្យមានការបញ្ឈប់ការបូមខ្សាច់នៅទីនោះតែម្ដង។
ទាក់ទងនឹងចំណុចនេះ លោក ខៀវ សុកណាត បើទោះជាមានប្រជាពលរដ្ឋខ្លះ មិនចង់ឱ្យមានការបូមខ្សាច់តំបន់នោះក្តី ក៏មិនអាចបញ្ឈប់អាជីវកម្មក្រុមហ៊ុនបូមខ្សាច់បានដែរ ព្រោះរដ្ឋបានផ្ដល់អាជ្ញាប័ណ្ណរួចហើយៗ ម្យ៉ាងទៀត គឺឋិតក្នុងអាជ្ញាធរដែនទឹករាជធានីភ្នំពេញ។
ទាក់ទងនឹងការត្អូញត្អែរអំពីការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដោយសារសំឡេងម៉ាស៊ីនបូម ប្រធានក្រុមហ៊ុនបូមខ្សាច់ លោក សំ ចិត្រា បានឱ្យដឹងបន្ថែមថា នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអាទិត្យ ទី១៣ មិថុនា ក្រុមហ៊ុនរបស់លោកបានគោរពតាមការស្នើរបស់អ្នកភូមិ ៖ «ខ្ញុំអត់ជំទាស់បងប្អូនទេ។ អ្វីក៏ដោយ ខ្ញុំអត់ជំទាស់ទេ។ ខ្ញុំធ្វើតាមអ្វីខាងលើគេឱ្យ ដូចថាក្រសួងធនធានទឹក, ក្រសួងរ៉ែ និងឋាមពល, ក្រសួងចម្រុះទាំងប៉ុន្មាន ដែលគេចេញជាឡៃសិន (License) ចេញជាច្បាប់ឱ្យខ្ញុំគោរពតាមគេ សូម្បីតែពេលយប់ម៉ោង៦ ក៏ខ្ញុំអត់បូមដែរ។ ៦យប់ ៥ភ្លឺ ៥កន្លះល្ងាចក៏ខ្ញុំអត់ដំណើរការដែរ ព្រោះខ្ញុំគោរពគោលការណ៍ទាំងអស់»។
កាលពីពេលកន្លងមក អភិបាលរងស្រុកខ្សាច់កណ្តាល លោក ខៀវ សុខណាត ធ្លាប់បានប្រាប់វិទ្យុអាស៊ីសេរីថា ការធ្វើអាជីវកម្មបូមខ្សាច់នេះ បូមខុសទីតាំងកំណត់ រំលោភមកដែនដីរបស់ខេត្តកណ្ដាល និងបំពានមកដល់មាត់ច្រាំងផង។ ក៏ប៉ុន្តែនៅពេលនេះ លោកបានទទួលស្គាល់ថា អ្នកជំនាញបានវាស់វែងកំណត់ទីតាំងត្រឹមត្រូវតាមបច្ចេកទេសហើយ បើទោះជាមានអ្នកភូមិខ្លះ មើលពីលើមាត់ច្រាំងទៅ ឃើញនៅមិនឆ្ងាយក៏ដោយ។ ការវាស់វែងបានកំណត់ថា ចំណុចព្រំដែននោះ មានចម្ងាយ ២៥៧ម៉ែត្រពីមាត់ច្រាំង៕