ឱម យ៉ិនទៀង ទទួល​តំណែង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ

អ្នក​ដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សមាជិក​បក្ស​ប្រឆាំង បាន​លើក​ឡើង​ថា ការ​តែងតាំង​លោក ឱម យ៉ិនទៀង ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល បាន​បង្ហាញ​ថា បក្ស​កាន់​អំណាច​នៅ​កម្ពុជា​មិន​មាន​បំណង​បំបាត់​អំពើ​ពុក​រលួយ​ដោយ​ពិត​ប្រាកដ​ទេ ទោះ​ជា​មាន​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​ដោយ។

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​ទើប​បាន​ទទួល​ការ​តែងតាំង​ពី​ព្រះ​មហាក្សត្រ​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២០ ឧសភា ថា លោក​ចាត់​ទុក​ជា​រឿង​ធម្មតា​ចំពោះ​ការ​រិះគន់​រូប​លោក ដែល​បាន​ទទួល​ការ​តែងតាំង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ពី​សំណាក់​មនុស្ស​មួយ​ចំនួន ៖ «...ខ្ញុំ​ថា និយាយ​ប្រឆាំង​យើង​ខ្ញុំ​ជា​រឿង​ធម្មតា​ទេ!»

លោក ឱម យ៉ិនទៀង បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា ការ​បំបាត់​អំពើ​ពុក​រលួយ​ក្នុង​ដំណាក់កាល​ថ្មី ដែល​មាន​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​រដ្ឋ​សភា​ទើប​បាន​អនុម័ត កាល​ពី​ពេល​ថ្មី​ៗ​នេះ វា​មាន​លក្ខណៈ​អំណោយ​ផល​ជាង​ពី​ពេល​មុន ដែល​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ។

លោក ឱម យ៉ិនទៀង បាន​បញ្ជាក់​ថា ៖ «...ខ្ញុំ​គិត​ថា អ្នក​ទាំង​អស់​គ្នា​មិន​គួរ​ធ្វើ​មិន​ដឹង មិន​ឮ​ទេ!កន្លង​មក​មាន​តែ​មាត្រា ២​ទេ​នៅ​ក្នុង​ច្បាប់​អន្តរកាល អ៊ុនតាក់ ស្ដីពី​ការ​ផ្ដន្ទា​ទោស​លើ​បញ្ហា​នេះ ហើយ​សមត្ថកិច្ច​ដែល​ធ្វើ​នេះ អត់​មាន​អំណាច​ធ្វើ​អ្វី​ទាំង​អស់! ឥឡូវ​នេះ យើង​មាន​ច្បាប់​ថ្មី​ដែល​ផ្ដល់​ភារកិច្ច ផ្ដល់​អំណាច​ឲ្យ​យើង​ធ្វើ ពិត​មែន​តែ​មិន​មាន​អំណាច​ដល់​មេឃ ប៉ុន្តែ​អាច​សមរម្យ​សម្រាប់​ដំណើរការ​ចាប់ផ្ដើម​ថ្មី​មួយ​ទៀត នៃ​ការងារ​បោស​សម្អាត​អំពើ​ពុក​រលួយ​នៅ​ប្រទេស​កម្ពុជា​យើង...»

នៅ​ក្នុង​ការ​ចេញ​ផ្សាយ​របស់​ព្រឹត្តិបត្រ The Cambodia Daily ថ្ងៃ​ទី​២០ ឧសភា បាន​លើក​សំដី​របស់​លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ការ​តែងតាំង​លោក ឱម យ៉ិនទៀង ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្រោយ​ពេល​មាន​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ​មិន​មាន​អ្វី​ថ្មី​ទេ និង​បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​មិន​មាន​គោលដៅ​នយោបាយ​ពិត​ប្រាកដ​ក្នុង​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​ឡើយ។

លោក សុន ឆ័យ សមាជិក​គណបក្ស សម រង្ស៊ី និង​ជា​សមាជិក​សភា បាន​មាន​ប្រសាសន៍​ចំពោះ​ការ​តែងតាំង​លោក ឱម យ៉ិនទៀង នោះ​ថា ៖ «...ពី​មុន​ទោះ​បី​ជា​មិន​ទាន់​មាន​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ក៏​វា​មាន​មាត្រា​នៅ​ក្នុង​ក្រម​នីតិ​វិធី​ព្រហ្មទណ្ឌ​អន្តរកាល​ដែរ អំពី​ការងារ​ដែល​គេ​អាច​ផ្ដន្ទា​ទោស​មន្ត្រី​ពុក​រលួយ​បាន។ ប៉ុន្តែ​យើង​មិន​ឃើញ​មាន​សកម្មភាព​អី ដែល​ធ្វើ​ឲ្យ​យើង​មាន​ជំនឿ​ទៅ​លើ​សមត្ថភាព​របស់​គាត់​សោះ! ដូច្នេះ​បាន​ថា វា​ជា​ការងារ​មួយ​ដែល​យើង​ចាំ​មើល​ត​ទៅ​ទៀត។ យើង​ក៏​ចង់​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ធ្វើ​ដែរ តែ​ទោះ​បី​ជា​យ៉ាង​ណា យើង​ហាក់​ដូច​ជា​មិន​សូវ​មាន​ជំនឿ!»

ចំណែក លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ «...ចំពោះ​ខ្ញុំ មើល​ទៅ​អត់​មាន​ការ​ឆ្លុះ​បញ្ចាំង​នូវ​ឆន្ទៈ​នយោបាយ​មួយ​ណា ឲ្យ​មាន​ការ​កែ​ប្រែ​ទៅ​លើ​ស្ថានភាព​ប្រឆាំង​ជាមួយ​អំពើ​ពុក​រលួយ​ទេ ព្រោះ​ឯកឧត្ដម ឱម យ៉ិនទៀង គាត់​ជា​អ្នក​ទទួល​ខុស​ត្រូវ​រឿង​សិទ្ធិ​មនុស្ស និង​រឿង​ប្រឆាំង​អំពើ​ពុក​រលួយ តាំង​ពី​យូរ​ណាស់​ហើយ ដូច្នេះ​ខ្ញុំ​ថា បើ​សិន​ចង់​ឲ្យ​មាន​ការ​កែ​ប្រែ ទាល់​តែ​ប្រហែល​ជា​រក​អ្នក​ថ្មី ដែល​អត់​មាន​ទាក់ទង​ជាមួយ​រឿង​នយោបាយ​យូរ។ អ្នក​ថ្មី អ្នក​ក្រៅ ដែល​មាន​រូបភាព​ឯករាជ ហើយ​និង​មាន​ឆន្ទៈ​ផង។ ដូច្នេះ​ខ្ញុំ​មើល​ទៅ អត់​មាន​អី​ប្លែក​ផង! ប៉ុន្តែ​ខ្ញុំ​ថា ជា​ការ​មួយ​សោកស្ដាយ​ដែល​រដ្ឋាភិបាល​មាន​ឱកាស​ក្នុង​ការ​បង្ហាញ​ពី​ឆន្ទៈ​ថ្មី​មួយ​ក្នុង​ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ប៉ុន្តែ​រដ្ឋាភិបាល​អត់​ទាន់​បង្ហាញ​ទេ...»

ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​រដ្ឋ​សភា​កម្ពុជា ទើប​បាន​អនុម័ត​កាល​ពី​ពេល​ថ្មី​នេះ បាន​ចែង​ថា ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ជា​សមាជិក​មួយ​រូប​របស់​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ហើយ​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី និង​មាន​សិទ្ធិ​អំណាច​ជា​ច្រើន ក្នុង​ការ​ស្រាវជ្រាវ​បញ្ហា​នានា ទាក់ទង​ជាមួយ​បញ្ហា​ពុក​រលួយ៕