អ្នក​ឃ្លាំ​មើល៖ ចៅក្រម​ស៊ើប​អង្កេត​តែ​ម្នាក់​អាច​កោះ​សាក្សី​ឲ្យ​មក​បំភ្លឺ​បាន

អ្នក​ឃ្លាំ​មើល​ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម និយាយ​ថា ការ​កោះ​ហៅ​សាក្សី​ឲ្យ​មក​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​សវនាការ​តុលាការ​ខ្មែរ​ក្រហម ដោយ​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​តែ​ម្នាក់​ឯង​នោះ ជា​កិច្ចការ​ត្រឹមត្រូវ ស្រប​តាម​ច្បាប់។

លោក ឡុង បញ្ញាវុធ មន្ត្រី​ឃ្លាំ​មើល​សាលាក្ដី​ខ្មែរ​ក្រហម​នៃ​គម្រោង​យុត្តិធម៌​នៅ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ថា យោង​តាម​ច្បាប់​ជា​ធរមាន​រវាង​កម្ពុជា និង​អង្គការ​សហ​ប្រជាជាតិ សហ​ចៅក្រម​ស៊ើប​អង្កេត​តែ​ម្នាក់​ឯង អាច​ធ្វើការ​ស៊ើប ឬ​កោះ​ហៅ​សាក្សី​ឲ្យ​មក​បង្ហាញ​ខ្លួន​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម ដើម្បី​ឆ្លើយ​បំភ្លឺ​ក្នុង​ករណី​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ផ្សេងៗ ដែល​កើត​មាន​ឡើង​ក្នុង​របប​ខ្មែរ​ក្រហម។

លោក ឡុង បញ្ញាវុធ បាន​បញ្ជាក់​ថា នៅ​មុន​ពេល​ការ​បង្កើត​សាលាក្ដី​ខ្មែរ​ក្រហម អ្នក​តាក់តែង​សេចក្ដី​ព្រាង​កិច្ច​ព្រមព្រៀង​រវាង​ភាគី​កម្ពុជា និង​អង្គការ​សហ​ប្រជាជាតិ បាន​ទស្សន៍ទាយ​ស្រេច​ជា​មុន​ថា ការ​ខ្វែង​គំនិត​គ្នា​រវាង​សហ​ចៅក្រម​ស៊ើប​អង្កេត ឬ​សហ​ព្រះរាជ​អាជ្ញា​ខ្មែរ និង​បរទេស​នៅ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​ក្នុង​ការ​ផ្ដួច​ផ្ដើម​ការ​ស៊ើប​អង្កេត ឬ​កោះ​ហៅ​សាក្សី​នោះ ប្រាកដ​ជា​នឹង​អាច​កើត​មាន​ឡើង។ ហេតុ​ដូច​នេះ ទើប​អ្នក​និពន្ធ​សរសេរ​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ឲ្យ​មាន​ច្រក​ចេញ ដើម្បី​ឲ្យ​សាលាក្ដី​នៅ​តែ​ដំណើរ​ការ​ទៅ​មុខ ប្រសិន​បើ​មាន​ភាគី​ណា​មួយ​ជំទាស់​នោះ។

លោក ឡុង បញ្ញាវុធ បន្ថែម​ដូច្នេះ ៖ «វិធាន​ផ្ទៃ​ក្នុង និង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​រវាង​អង្គការ​សហ​ប្រជាជាតិ និង​រដ្ឋាភិបាល​កម្ពុជា គេ​បាន​ប្រមើល​ទុក​ទាក់ទង​ទៅ​នឹង​វិវាទ​រវាង​សហ​ចៅក្រម​ស៊ើប​អង្កេត ឬ​មួយ​សហ​ព្រះរាជ​អាជ្ញា។ បើ​សិន​ជា​មាន​វិវាទ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត បូក​រួម​ទាំង​ការ​កោះ​ហៅ​សាក្សី បើ​សហ​ចៅក្រម​ណា​ម្នាក់ ឬ​ព្រះរាជ​អាជ្ញា​ណា មិន​បាន​លើក​រឿង​ហ្នឹង​ទៅ​អង្គ​បុរេ​ទេ គឺ​បាន​ន័យ​ថា សហ​ចៅក្រម​ម្នាក់​ទៀត ឬ​មួយ​ក៏​សហ​ព្រះរាជ​អាជ្ញា​ម្នាក់​ទៀត អាច​បន្ត​ដំណើរ​ការ​ស៊ើប​អង្កេត ឬ​កោះ​ហៅ​សាក្សី​ទៅ​មុខ​បាន។ ដូច្នេះ​ចំណាត់​ការ​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​នៅ​ក្នុង​ការ​កោះ​ហៅ​សាក្សី​តែ​ម្នាក់​ឯង​នោះ គឺ​ត្រឹម​ត្រូវ​តាម​វិធាន​ផ្ទៃ​ក្នុង និង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង។ បាន​ន័យ​ថា បើ​សិន​ជា​ពីរ​នាក់​ឈ្លោះ​គ្នា ម្នាក់​ដែល​មិន​សហការ​ហ្នឹង ត្រូវ​លើក​រឿង​ហ្នឹង​ទៅ​អង្គ​បុរេ បើ​ម្នាក់​ហ្នឹង​មិន​លើក​ទៅ បាន​ន័យ​ថា ចៅក្រម​ម្នាក់​ក្នុង​ចំណោម​ទាំង​ពីរ​ហ្នឹង អាច​ធ្វើ​កិច្ចការ​ហ្នឹង​តែ​ឯង​បាន»

ការ​លើក​ឡើង​របស់​មន្ត្រី​ឃ្លាំ​មើល​សាលាក្ដី​ខ្មែរ​ក្រហម​រូប​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារ ទី​១៥ ខែ​មិថុនា ថា សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ លោក ម៉ាកសែល ឡឺម៉ុង (Marcel Lemonde) បាន​រំលោភ​កិច្ច​ព្រមព្រៀង​របស់​កម្ពុជា និង​អង្គការ​សហ​ប្រជាជាតិ ដោយ​បាន​កោះ​ហៅ​លោក និង​មន្ត្រី​ដទៃ​ទៀត​ធ្វើ​ជា​សាក្សី​នៅ​សាលាក្ដី​ខ្មែរ​ក្រហម។

លោក ហោ ណាំហុង មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​មិន​ឆ្លើយ​តប​ដោយ​មាន​មូលហេតុ​ផ្លូវ​ច្បាប់។ តាម​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​ជាមួយ​អង្គការ​សហ​ប្រជាជាតិ គឺ​ត្រូវ​ចុះ​ហត្ថលេខា​ពីរ គឺ​ទាំង​ខាង​ខ្មែរ​ផង ខាង​បរទេស​ផង។ លោក ម៉ាកសែល ឡឺម៉ុង អ្នក​ធ្វើ​ច្បាប់ អ្នក​អង្គុយ​លើ​ច្បាប់​ខ្លួន​ឯង បាន​ធ្វើ​រំលង​ច្បាប់ ចុះ​ហត្ថលេខា​តែ​ម្នាក់​ឯង។ ដូច្នេះ ក្នុង​ឋានៈ​ជា​សមាជិក​រាជ​រដ្ឋាភិបាល​ដែល​ចូល​រួម​ចរចា​ជាមួយ​អង្គការ​សហ​ប្រជាជាតិ ចុះ​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល និង​អង្គការ​សហ​ប្រជាជាតិ អំពី​តុលាការ​ខ្មែរ​ក្រហម​នេះ ខ្ញុំ​មិន​អាច​រំលោភ​កិច្ច​ព្រមព្រៀង​នេះ​តាម​លោក ម៉ាកសែល ឡឺម៉ុង បាន​ទេ»

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០០៩ លោក ម៉ាកសែល ឡឺម៉ុង បាន​កោះ​អញ្ជើញ​លោក ហោ ណាំហុង ផ្តល់​ចម្លើយ​ក្នុង​នាម​ជា​សាក្សី​ក្នុង​ករណី​សំណុំ​រឿង ០០២ ដែល​មាន​ជន​ជាប់​ចោទ នួន ជា, អៀង សារី, ខៀវ សំផន, អៀង ធីរិទ្ធ និង កាំង ហ្កេចអ៊ាវ (ឌុច) ទាក់​ទង​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ក្រុង​ហ្សឺណែវ។

លោក ម៉ាកសែល ឡឺម៉ុង បាន​ផ្ញើ​លិខិត​អញ្ជើញ​ស្រដៀង​គ្នា​នេះ​ដែរ អញ្ជើញ​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា និង​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា លោក គាត ឈន់ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ព្រឹទ្ធ​សមាជិក​ចំនួន​ពីរ​រូប​ផ្សេង​ទៀត ដើម្បី​ធ្វើ​ជា​សាក្សី​ក្នុង​សំណុំ​រឿង ០០២​នេះ។ សាក្សី​ទាំង​អស់​មិន​បាន​ទៅ​បង្ហាញ​ខ្លួន​នៅ​សាលាក្ដី​ខ្មែរ​ក្រហម​តាម​ការ​កោះ​ហៅ​ទេ។

សហ​ចៅក្រម​ស៊ើប​អង្កេត​ភាគី​កម្ពុជា មិន​បាន​យល់​ព្រម​ទៅ​នឹង​ការ​កោះ​ហៅ​នេះ​ទេ។

លោក ឡុង បញ្ញាវុធ បាន​បន្ថែម​ដូច្នេះ ៖ «មិន​បាន​យល់​ព្រម ប៉ុន្តែ​គាត់​ក៏​មិន​បាន​លើក​រឿង​ហ្នឹង​ទៅ​អង្គ​បុរេ​ដែរ អ៊ីចឹង​បាន​ន័យ​ថា ចំណាត់​ការ​របស់​សហ​ចៅក្រម​អន្តរជាតិ​មាន​ប្រសិទ្ធភាព ស្រប​តាម​វិធាន​ផ្ទៃក្នុង និង​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល និង​អង្គការ​សហ​ប្រជាជាតិ»

លោក ហោ ណាំហុង ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្នុង​របប​ខ្មែរ​ក្រហម នៅ​ក្នុង​ជំរំ​ប្រមូល​ផ្ដុំ​គុក​បឹង​ត្របែក នា​ទីក្រុង​ភ្នំពេញ លោក​គ្រាន់​តែ​ជា​សមាជិក​សាមញ្ញ​ម្នាក់​នៃ​គណៈកម្មការ​អ្នក​ទោស​តែប៉ុណ្ណោះ។

លោក ហោ ណាំហុង ឲ្យ​ដឹង​ដូច្នេះ ៖ «ខ្ញុំ​ជា​គណៈកម្មការ​អ្នក​ទោស ដោយសារ​អ្នក​ទោស​នៅ​បឹង​ត្របែក​នោះ ត្រូវ​ចាត់តាំង​គណៈកម្មការ​ដើម្បី​រៀបចំ​ម្ហូប​អាហារ រស់​ដោយ​ខ្លួន​ឯង រស់​បែប​ម៉េច​ក៏​រស់​ទៅ។ ដូច្នេះ​គ្រាន់​តែ​ជា​អ្នក​ប្រតិបត្តិ​ដ៏​សាមញ្ញ ដែល​មាន​តួនាទី​ត្រឹមតែ​អនុវត្ត​ការងារ​តាម​ប្រធាន​មន្ទីរ​ឃុំឃាំង គឺ​អា សាវ័ន្ត។ នៅ​ពេល​នោះ​មេ​គេ​ឈ្មោះ សាវ័ន្ត»

ភាគ​ច្រើន​នៃ​អ្នក​ទោស​នៅ​ក្នុង​មន្ទីរ​កែប្រែ​បឹង​ត្របែក គឺ​ជា​និស្សិត បញ្ញវ័ន្ត និង​អតីត​មន្ត្រី​រាជការ​នៃ​របប​មុនៗ ដែល​បាន​ត្រឡប់​មក​កម្ពុជា​វិញ តាម​ការ​ឃោសនា​អូស​ទាញ​របស់​មេ​ដឹកនាំ​ខ្មែរ​ក្រហម។

ក្រោយ​ពី​ក្រុម​ឧទ្ទាម​ទ័ព​ព្រៃ​ខ្មែរ​ក្រហម​ដណ្ដើម​បាន​ទីក្រុង​ភ្នំពេញ នៅ​ខែ​មេសា ឆ្នាំ​១៩៧៥ និង​កាន់​កាប់​ប្រទេស​កម្ពុជា ទាំង​ស្រុង ជន​ជាប់​ចោទ អៀង សារី ដែល​ពេល​នោះ​ជា​ឧប​នាយក​រដ្ឋមន្ត្រី ទទួល​បន្ទុក​កិច្ចការ​បរទេស និង​មន្ត្រី​ក្រោម​ឱវាទ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​បរទេស ដើម្បី​ធ្វើ​យុទ្ធនាការ​ឃោសនា អន្ទង​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ ដើម្បី​ជួយ​កសាង​ជាតិ។ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់ ដែល​ត្រឡប់​មក​កម្ពុជា​វិញ តាម​ការ​ឃោសនា​នោះ មាន​លោក អ៊ុង ថុងហឿង ដែល​ពេល​នោះ​កំពុង​រស់​នៅ​ក្នុង​ប្រទេស​បារាំង។

លោក​បាន​រំឭក​ថា ពេល​មក​ដល់​មាតុ​ភូមិ​កម្ពុជា​វិញ លោក​ត្រូវ​បាន​ខ្មែរ​ក្រហម​យក​ទៅ​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង​បឹង​ត្របែក ៖ «កាល​ដែល​ខ្ញុំ​មក​នេះ គឺ​ថា បង​ប្អូន​ខ្មែរ​ចំនួន​ប្រហែល​ជា ៣​ពាន់​នាក់​ហើយ​ដែល​មក​មុន​ខ្ញុំ ហើយ​មក​មុន​ខ្ញុំ​នេះ មក​បាត់ៗ។ យើង​ទាំង​អស់​គ្នា​ឆ្ងល់​ដែរ ប៉ុន្តែ​យើង​ថា ខ្មែរ​ដាច់​ខាត​អត់​សម្លាប់​ខ្មែរ​ទេ។ មក​ពី​អាមេរិក​ក៏​មក និស្សិត​នៅ​មូស្គូ​ក៏​មក និស្សិត​នៅ​ប្រទេស​អឺរ៉ុប​ផ្សេងៗ​ទៀត​ក៏​មក។ និស្សិត​ភាគ​ច្រើន​មក​ពី​ស្រុក​បារាំង មក​ពី​កាណាដា ហើយ​ក៏​គេ​បាន​ដឹក​ខ្ញុំ​ទៅ​បឹង​ត្របែក ៣​ខែ គេ​បាន​ដឹក​ខ្ញុំ​ទៅ​ដី​ក្រហម ដែល​ជា​តំបន់​ចម្ការ​កៅស៊ូ​ក្នុង​ព្រៃ ចេញ​ពី​ស្រុក​ស្ទឹងត្រង់​ទៅ។ ពួក​ខ្ញុំ​កាល​នោះ​គេ​យក​ទៅ​អប់រំ​នៅ​ជំរំ​ដី​ក្រហម ហើយ​មក​ពី​ដី​ក្រហម​វិញ វៀតណាម​ចូល​មក គឺ​ថា ខ្ញុំ​ក៏​គេ​យក​មក​បឹង​ត្របែក ដែល​បាន​ជួប​អ្នក​មួយ​ចំនួន​ដែល​ធ្លាប់​រស់​នៅ នៅ​សល់​ពី​ស្លាប់ ហើយ​ខ្ញុំ​បាន​ជួប​សមាជិក​ខ្លះ​នៃ​រដ្ឋាភិបាល​សព្វថ្ងៃ គឺ​គេ​បាន​នៅ​ក្នុង​ជំរំ​ហ្នឹង​ជាមួយ​គ្នា។ នៅ​បាន​បន្តិច ក៏​គេ​ដឹក​គាត់​ទៅ ដោយសារ​ទ័ព​វៀតណាម​មក។ បង​ប្អូន​មិត្ត​ភក្ដិ​ខ្ញុំ​ដែល​មក​នៅ​ជាមួយ​គ្នា​ហ្នឹង ប្រហែល​ជា ៤​ពាន់​នាក់ រស់​នៅ​សព្វថ្ងៃ​តាម​ខ្ញុំ​ដឹង​មិន​ដល់ ១​ពាន់​នាក់​ទេ»

របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ១៩៧៩ បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ប្រមាណ ១​លាន​៦​សែន​នាក់ ទៅ ២​លាន​នាក់ ដោយសារ​ការ​ប្រហារ​ជីវិត ការងារ​ហួស​កម្លាំង ការ​អត់​អាហារ​ហូប​ចុក និង​ជំងឺ​តម្កាត់៕