តើអ្នកដែលបានចូលរួមរាប់រយនាក់ក្នុងសវនាការកាត់សេចក្តីជាលើកដំបូង នៃជនជាប់ចោទ កាំង ហ្កិចអ៊ាវ ហៅ ឌុច នេះ មានប្រតិកម្មយ៉ាងណាខ្លះ?
ចាប់តាំងពីព្រឹកព្រលឹមនៃថ្ងៃទី ៣០ ខែមីនា នៅកន្លែងត្រួតពិនិត្យសន្តិសុខនៃសាលាក្តីខ្មែរក្រហម មនុស្សម្នារាប់រយនាក់នាំគ្នាឈរតម្រង់ជួររង់ចាំចូលបន្ទប់សវានាការ។
នៅខាងមុខសាលសវនាការនៃសាលាក្តីខ្មែរក្រហម លោក ផៃ ស៊ីផាន អ្នកនាំពាក្យគណៈរដ្ឋមន្រី្តនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់អ្នកយកព័ត៌មាននានាអំពីសវនាការ ឌុច ថ្ងៃនេះដូច្នេះថា ៖ «ការកាត់ទោសហ្នឹង ទី១ ជាសារបង្ហាញថានិទណ្ឌភាពទោះបានប្រព្រឹត្តកន្លងមកជាង ៣០ឆ្នាំហើយ យើងនៅតែយកមកកាត់ទោស ហ្នឹងទី១។ បង្ហាញទី២ អ្វីដែលជាតម្លៃមនុស្សជាតិ ដែលយើងនាំគ្នាបង្កើននូវវប្បធម៌មួយ គឺថាការទប់ស្កាត់កុំឲ្យបកត្រឡប់មកវិញ បនប្រល័យពូជសាសន៍នេះ មិនថាកម្ពុជា ក៏ដូចជានៅសកលទេ»។
ពេលចូលដល់ក្នុងបន្ទប់សវនាការសំឡេងកណ្ដឹងរោទិ៍ឡើង បន្ទរដោយសំឡេងបញ្ជាឲ្យអ្នកចូលរួមទាំងអស់ក្រោកឈរ ខណៈក្រុមចៅក្រមក្នុងសម្លៀកបំពាក់អាវផាយកំពុងដើរចូលកន្លែងអង្គុយក្នុងបន្ទប់សវនាការ ដែលខណ្ឌចែកពីសាធារណជនដោយជញ្ជាំងកញ្ចក់ សន្តិសុខការពារយ៉ាងរឹងមាំ។
នៅកន្លែងអង្គុយសម្រាប់សាធារណជនពេញទៅដោយអ្នកចូលរួមដែលមិនអាចរាប់បាន។ ក៏ប៉ុន្តែលោក រាជ សម្បត្តិ មន្រ្តីអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី អំពីចំនួនអ្នកចូលរួមសវនាការ ឌុច ថ្ងៃដំបូងនេះយ៉ាងដូច្នេះ ៖ «អ្នកចូលរួមប្រជាជនធម្មតា ប្រជាជនយើង ៥០០ ពេញទាំងអស់ ហើយមាននៅសល់ក្រៅខ្លះ។ ចំណែកឯអ្នកសារព័ត៌មានជាង២០០។ តាមពិតអ្នកដែលចង់មកចូលរួមគឺមានចំនួនលើសហ្នឹង តែយើងសំណូមពរគាត់ឲ្យមកថ្ងៃបន្តបន្ទាប់គ្នា ពីព្រោះការកាត់ក្ដីមិនមែនធ្វើមួយថ្ងៃចប់ទេ»។
៥នាទីក្រោយមក គឺនៅវេលាម៉ោង ១០គត់ ប្រធានអង្គជំនុំជម្រះសាលាដំបូង គឺលោក និល ណុន បានប្រកាសបើកសវនាការដូច្នេះថា ៖ «ប្រកាសបើកសវនាការជាសាធារណៈលើអង្គសេចក្ដីនូវសំណុំរឿងលេខ០០១ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០៧ អ.វ.ត.ក, អ.ជ.ស.ដ ដែលមានជនជាប់ចោទឈ្មោះ កាំង ហ្កិចអ៊ាវ ហៅ ឌុច ភេទប្រុស អាយុ ៦៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ជាប់ចោទពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សីណែវ ចុះថ្ងៃទី ១២ ខែសីហា ឆ្នាំ ១៩៤៩។ ការរំលោភបំពានលើក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ ១៩៥៦ ដែលមានបទមនុស្សឃាតគិតទុកជាមុន មានបញ្ញត្តិក្នុងមាត្រា ៥០១ និង ៥០៦ និងបទទារុណកម្មមានបញ្ញត្តិក្នុងមាត្រា ៥០០។ បទល្មើសដែលមានចែងនឹងត្រូវផ្ដន្ទាទោសតាមបញ្ញត្តិមាត្រានៃច្បាប់ស្ដីពីការបង្កើតឲ្យមានអង្គជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលពាក់ព័ន្ធទៅនឹងមន្ទីរ ស.២១ នៅទីក្រុងភ្នំពេញ»។
ស្របពេលដែលក្រឡាបញ្ជីអានបទចោទមកលើរូបគាត់ ឌុច ដែលអង្គុយក្នុងរង្វង់ក្រចកសេះ បានសំឡឹងទៅឯកសារនៅក្នុងដៃ ហើយយូរៗម្តងយើងឃើញគាត់យកប៊ិចគូសលើឯកសារទាំងនោះ។
ក្រោយពេលបញ្ចប់សវនាការនៅថ្ងៃដំបូង អ្នកចូលរួមបានផ្តល់ការចាប់អារម្មណ៍ប្លែកៗគ្នា។
លោក ប៊ូ ម៉េង អតីតអ្នកទោសទួលស្លែងម្នាក់ ដែលធ្លាប់ប្រាប់វិទ្យុអាស៊ីសេរី អំពីការរង់ចាំដោយមន្ទិលរបស់លោកចំពោះសវនាការ ឌុច នៅថ្ងៃទី ៣០ មីនា នេះ បានសម្តែងអំពីអារម្មណ៍របស់លោកដូច្នេះ ៖ «ខ្ញុំមានការក្តៅក្រហាយផងនិងការសប្បាយផង។ ក្តៅក្រហាយៗ នឹងការដែលវាសម្លាប់ប្រពន្ធខ្ញុំចោល។ រីករាយៗ ដោយសារខ្ញុំមានតុលាការកាត់ក្តីចំពោះខ្មែរក្រហម មានតម្លៃសម្រាប់មនុស្សជាតិទូទាំងពិភពលោក និងប្រទេសកម្ពុជាយើង ក៏ដូចចំពោះរូបខ្ញុំដែរ»។
លោកស្រី ប្រិដធីស អិដមែន មកពីអង្គការលើកលែងទោសអន្តរជាតិដែលហៅថា Amnesty International ដែលបានចូលសង្កេតការណ៍នៅក្នុងសវនាការនាថ្ងៃទីមួយនេះដែរ បានថ្លែងអំពីការចាប់អារម្មណ៍របស់លោកស្រីដូច្នេះ ៖ "យើងសូមស្វាគមន៍យ៉ាងខ្លាំង ដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចាប់ផ្តើមនៅថ្ងៃនេះ។ នេះជាថ្ងៃប្រវត្តិសាស្រ្តដែលប្រជាជនកម្ពុជា ក៏ដូចជាពិភពលោកកំពុងពិនិត្យមើលយ៉ាងដិតដល់លើបទឧក្រិដ្ឋដែលបានប្រព្រឹត្តឡើង"។
ចំណែកលោកសាស្រ្តាចារ្យប្រវត្តិសាស្រ្តខ្មែរក្រហមជាជនជាតិបារាំង នៅសកលវិទ្យាល័យភ្នំពេញម្នាក់ឈ្មោះ Henry Locard ដែលជាម្ចាស់សៀវភៅឈ្មោះ "The Pol Pot's Little Red Book" ឬអាចប្រែថា "កូនសៀវភៅក្រហមរបស់ប៉ុល ពត" ជាកម្រងពាក្យស្លោករបស់ខ្មែរក្រហម បានចាប់អារម្មណ៍អំពីខ្លឹមសារក្នុងបទចោទរបស់ ឌុច ពាក់ព័ន្ធនឹងសកម្មភាពនៅមន្ទីរ ស-២១ ដោយលោកប្រៀបធៀបទៅនឹងពាក្យស្លោកមួយឃ្លាដូច្នេះ ៖ "ចំណុចសំខាន់មួយ គឺថាស៊ូសម្លាប់មនុស្សគ្មានកំហុសជាជាងលែងជនល្មើសឱ្យរួចខ្លួន។ នេះគឺអ្វីដែលបានអនុវត្តនៅមន្ទីរ ស-២១"។
លោកស្រី ពុង ឈីវកេក ប្រធានអង្គការការពារសិទ្ធិមនុស្ស លីកាដូ ដែលចូលរួមក្នុងសវនាការនៅថ្ងៃដំបូងរហូតដល់ចប់ បានសម្តែងនូវចំណាប់អារម្មណ៍របស់លោកស្រីដូច្នេះថា ៖ «ចាំ៣០ឆ្នាំហើយតាំងពីខ្មែរក្រហមឈប់កាន់កាប់ប្រទេសកម្ពុជាយើង។ ដូច្នេះយើងបានធូរចិត្តខ្លះ។ ថ្ងៃនេះគឺថា គេចាប់បើកថ្ងៃសវនាការ ហើយគេអានការចោទប្រកាន់ហ្នឹង។ ពីមុនគ្រាន់តែនិយាយពីសុំនៅក្រៅឃុំ ។ល។ និង។ល។ ឥឡូវនេះគឺចូលសាច់រឿងមែនទែន។ ប្រជាពលរដ្ឋខ្មែរទាំងគេទាំងខ្ញុំ ចង់ដឹងរឿងពិតប្រាកដណាស់ ថារឿងអីបានជាខ្មែរគ្នាឯងកាប់សម្លាប់ខ្មែរគ្នាឯង? យើងចង់ដឹងការពិតហ្នឹង»។
យុវតីអ៊ិស្លាមឈ្មោះ ប៉ាទី ម៉ាស់ និង សារ៉ាស់ មកពីវិទ្យាល័យរស្មីអ៊ិស្លាមកម្ពុជាដែលមកធ្វើទស្សកិច្ចនៅសាលាក្តីខ្មែរក្រហម ក្នុងពេលសវនាការរបស់ ឌុច នេះដែរ និយាយថា តាមរយៈឯកសារពួកនាងមានការឈឺចាប់ជំនួសជីដូនជីតារបស់នាង បើទោះជាពួកនាងកើតមិនទាន់របបខ្មែរក្រហមក្តី ហើយពួកនាងបន្ថែមដូច្នេះ ៖ «ចង់ថាឱ្យមានការកាត់ក្តីសមស្របនឹងអំពើរបស់គាត់បានធ្វើ។ តែសុំឱ្យធ្វើទៅតាមច្បាប់ដោយយុត្តិធម៌បំផុត»។
គ្រូបង្រៀនម្នាក់មកពីខេត្តសៀមរាប ឈ្មោះ អួន ចរិយា បានបញ្ចេញមតិថា ៖ «ខ្ញុំសង្ឃឹមថាមេធាវី ឬក៏តុលាការអន្តរជាតិ រួមនឹងតុលាការកម្ពុជារបស់យើងនឹងបំពេញបំណងប្រជាជនខ្មែរ ហើយនិងបំពេញបំណងម្ចាស់ជំនួយ ដែលគេខំប្រឹងប្រែងបង្កើតតុលាការនេះឡើង មិនឱ្យគេអស់សង្ឃឹមទេ។ គឺរកការពិតដ៏យុត្តធម៌មួយឱ្យឃើញសម្រាប់ខ្មែរជំនាន់ក្រោយឲ្យដឹង ហើយងាយនឹងនិយាយប្រាប់កូនចៅជំនាន់ក្រោយតទៅទៀត»។
សូមជម្រាបដែរថា តាមការប្រកាសរបស់សាលាក្តីខ្មែរក្រហម សវនាការរបស់ ឌុច ថ្ងៃទីពីរ នឹងត្រូវបន្តនៅថ្ងៃទី ៣១ ខែមីនា នេះទៀត៕