ការថ្លែងដូច្នេះ នៅក្នុងឱកាសសម្ពោធស្ពានអាកាសក្បាលថ្នល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអបអរចំពោះសហរដ្ឋអាមេរិក ដែលបានផ្ដន្ទាទោសលោក ឈុន យ៉ាសិទ្ធិ ដាក់គុកមួយជីវិតថា ជាសកម្មភាពស្តង់ដារ ប្រឆាំងនឹងអំពើភេរវកម្ម ហើយលោកក៏បានចោទថា សមាជិកបក្សប្រឆាំងបានចូលរួមក្នុងការប្រយុទ្ធនោះ ប៉ុន្តែបែរជាត្រូវមេបក្សទាមទារឲ្យលើកលែងទោសទៅវិញ។
លោក ហ៊ុន សែន បានថ្លែងដូច្នេះ ៖ «ភេរវករត្រូវមេបក្សនយោបាយយកធ្វើសមាជិក ជាប់ទោសហើយមកសុំឲ្យលើកលែងទោសៗ។ អាហ្នឹងខ្ញុំគ្រាន់តែលើក»។
ការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រីមកលើបក្សប្រឆាំងថា កំពុងតែការពារភេរវជន និងយកភេរវជនមកធ្វើជាសមាជិក ត្រូវបានអ្នកនាំពាក្យបក្សប្រឆាំង លោក យឹម សុវណ្ណ ច្រានចោល ដោយបញ្ជាក់ថា គណបក្សប្រឆាំងធ្លាប់ត្រូវបានក្រុមភេរវជនវាយប្រហារ ដែលនាំឲ្យសកម្មជនជាច្រើននាក់ស្លាប់ និងរបួស គេគ្មានហេតុផលអ្វីដែលត្រូវការពារនោះឡើយ។
លោកបញ្ជាក់ទៀតថា គណបក្សប្រឆាំងក៏មិនដែលការពារលោក ឈុន យ៉ាសិទ្ធិ នោះដែរ ប៉ុន្តែអ្វីដែលគណបក្សប្រឆាំងសុំទាមទារឲ្យមានការលើកលែងទោស គឺប្រជាពលរដ្ឋស្លូតត្រង់ដែលបានចាញ់បោកចលនានេះ ក៏ដូចជាការមួលបង្កាច់។
លោក យឹម សុវណ្ណ មានប្រសាសន៍ថា ៖ «មិនគួរណាដាក់ទោសទណ្ឌគាត់រហូតដល់ ១០-២០ឆ្នាំ ដោយសារតែគាត់ជឿ ឬក៏គាត់ដើរតាម ឈុន យ៉ាសិទ្ធិ ដោយភាពងងឹតងងុលរបស់គាត់នោះទេ»។
ការវាយប្រហារកណ្ដាលក្រុងភ្នំពេញ នៅក្រសួងការពារជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០០០ កន្លងទៅដោយក្រុមប្រដាប់អាវុធមួយក្រុមចេញពីស្ថានីយរថភ្លើង បាននាំឲ្យមនុស្សចំនួន ៧នាក់ស្លាប់ និងជាង ១០នាក់ទៀតរងរបួស។
លោក ឈុន យ៉ាសិទ្ធិ ជនជាតិខ្មែរ សញ្ជាតិអាមេរិកាំង បានប្រកាសខ្លួនជាមេដឹកនាំក្នុងការវាយប្រហារនោះ ដែលមានឈ្មោះថា ប្រតិបត្តិការភ្នំភ្លើងរបស់ក្រុមចលនាកងទ័ពសេរីជាតិកម្ពុជា (CFF) ។ ការវាយប្រហារនោះបរាជ័យ ហើយក្រោយមកមនុស្សជាច្រើនត្រូវបានគេចាប់ខ្លួន ក្នុងនោះសមាជិករបស់គណបក្ស សម រង្ស៊ី ចំនួន ៥នាក់ មានឈ្មោះ ហែម ប៊ុនធឿន, ទំលាប់ ម៉ិល, សេង ណារិន, ប៊ុន ចាន់តូ និង ប៊ុន ចាន់ខេង ដែលរស់នៅក្នុងក្រុងប៉ៃលិន។
សមាជិកទាំង ៥នាក់នោះ ត្រូវតុលាការកំពូលផ្ដន្ទាទោសដាក់គុកម្នាក់ ១៥ឆ្នាំ ក្នុងបទបង្កអំពើភេរវកម្ម និងចូលរួមជាមួយកម្លាំងប្រដាប់អាវុធ។
អ្នកស្រី វ៉ែន រ៉ា ភរិយារបស់លោក ហែម ប៊ុនធឿន មានប្រសាសន៍ថា ប្ដីអ្នកស្រីគ្មានពាក់ព័ន្ធនឹងការវាយប្រហារនោះឡើយ។ ពួកគាត់ដែលជាអ្នកផ្ដាច់ខ្លួនពីពួកខ្មែរក្រហមបានពេញចិត្តនឹងបក្សប្រឆាំង ប៉ុន្តែក៏ត្រូវគេចោទប្រកាន់នៅគ្រាដែលមានចលនា CFF នោះ។
អ្នកស្រី វ៉ែន រ៉ា បានឲ្យដឹងដូច្នេះ ៖ «កិច្ចឆាកនយោបាយគេរៀបចំ អ៊ីចឹងខ្ញុំមិនហ៊ានថាម៉េចដែរ ពីព្រោះអីអំណាចនៅលើគេ គេចង់ធ្វើម៉េចក៏បានដែរ»។
ក្រោយពីសមាជិកទាំង ៥នាក់របស់បក្សប្រឆាំងនៅតំបន់ប៉ៃលិន ត្រូវគេចោទក្នុងការពាក់ព័ន្ធនឹងចលនាកងទ័ពសេរីជាតិកម្ពុជា CFF រួចមក គណបក្សប្រឆាំង និងក្រុមគ្រួសារដែលគេចោទប្រកាន់នោះ បាននាំគ្នាសុំឲ្យមានការលើកលែងទោសចំនួន ៨លើករួចមកហើយ។
ក្រោយពីលោក ឈុន យ៉ាសិទ្ធិ ត្រូវបានតុលាការសហរដ្ឋអាមេរិកផ្ដន្ទាទោសដាក់គុកមួយជីវិតកាលពីថ្ងៃអង្គារ ទី២២ ខែមិថុនា កន្លងទៅ គេនៅមិនទាន់ឃើញសញ្ញាណាមួយអំពីរឿងលើកលែងទោសនេះទេ ហើយនៅកម្ពុជា បក្សប្រឆាំងកំពុងត្រូវអ្នកដឹកនាំរដ្ឋាភិបាលចោទថា មានសមាជិកជាភេរវជន៕
