មនុស្ស​ជាង​៨០០​នាក់​ស្លាប់​ដោយសារ​​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១១

អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​បញ្ហា​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា ​ក្នុង​រយៈ​ពេល ៥​ខែ​ដំបូង​នៃ​ឆ្នាំ​២០១១ មនុស្ស​ជាង ៨០០​នាក់​បាន​ស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍។

0:00 / 0:00

មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​កំពុង​តែ​ធ្វើ​កិច្ចការ​ក្នុង​គោលដៅ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា បាន​កើន​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ។

ការ​ថ្លែង​យ៉ាង​ដូច្នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​មួយ​ស្ដី​ពី​ការ​រៀបចំ​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ជា​សាធារណៈ​លើ​បញ្ហា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក រយៈ​ពេល​ពីរ​ថ្ងៃ ចាប់​ពី​ថ្ងៃទី​៧ ដល់​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១១ នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី នា​រាជធានី​ភ្នំពេញ ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចារណ៍​ផ្លូវ​គោក អង្គការ​ដៃគូ​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​សកល អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​ជនពិការ​អន្ត្រជាតិ​បែលហ្ស៊ិក (Handicapped International Belgium)។

អគ្គនាយក​រង​នាយកដ្ឋាន​ដឹក​ជញ្ជូន​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ពៅ ម៉ាលី មាន​ប្រសាសន៍​ថា គ្រាន់​តែ​ក្នុង​រយៈ​ពេល​ប្រាំ​ខែ​ដំបូង​នៃ​ឆ្នាំ​២០១១ មនុស្ស​ចំនួន ៨០១​នាក់​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ២.០០១​ករណី នៅ​ទូទាំង​ប្រទេស។

លោក ពៅ ម៉ាលី បន្ថែម​ថា ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់ ក្រសួង​កំពុង​តែ​ធ្វើ​វិសោធនកម្ម​​ច្បាប់​ចរាចរណ៍​លើ​មាត្រា​ជា​ច្រើន រួម​ទាំង​មាត្រា​ដែល​តម្រូវ​ឲ្យ​អ្នក​ដំណើរ​ក្នុង​រថយន្ត​ទាំង​អស់​ពាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព ហើយ​និង​បង្កើន​ការ​ផាក​ពិន័យ​ចំពោះ​អ្នក​ល្មើស​ច្បាប់។

នាយ​រង​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ លោក​វរសេនីយ៍ត្រី ចេវ ហាក់ ថ្លែង​ថា ក្នុង​រយៈ​ពេល​ប្រាំ​ខែ​ដើម​ឆ្នាំ​២០១១ មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ២១២​ករណី​កើត​ឡើង​នៅ​រាជធានី​ភ្នំពេញ ដែល​បណ្ដាល​ឲ្យ​មនុស្ស ៩៣​នាក់​ស្លាប់ ២២៣​នាក់​របួស​ធ្ងន់ និង ១១៣​នាក់​របួស​ស្រាល។ លោក ចេវ ហាក់​បញ្ជាក់​ថា ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ជាង​កាល​ពី​ឆ្នាំ​២០១០។

ទាក់ទិន​នឹង​ការ​គោរព​ច្បាប់​ចរាចរណ៍ ប្រជាពលរដ្ឋ​ជា​ច្រើន​ត្អូញត្អែរ​ថា ការ​អនុវត្ត​ច្បាប់​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ចំពោះ​មនុស្ស​ជា​ទូទៅ​នោះ​ទេ គឺ​ភាគ​ច្រើន​ធ្វើ​បាន​ចំពោះ​តែ​ប្រជាពលរដ្ឋ​សាមញ្ញ​ប៉ុណ្ណោះ។

អ្នក​បើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន​មួយ​នៅ​ភ្នំពេញ លោក ប៉ាក ហន បាន​ធ្វើ​ការ​កត់សម្គាល់​ថា បញ្ហា​ចរាចរណ៍​ច្រើន​តែ​កើតឡើង​ដោយ​ការ​មិន​គោរព​ច្បាប់ និង​អាទិភាព​ក្នុង​ការ​ធ្វើ​ដំណើរ។

អ្នក​បើកបរ​​រថយន្ត​ម្នាក់​ទៀត លោក មាស ឧត្តម ថ្លែង​ថា លោក​មាន​ការ​លំបាក​ក្នុង​ការ​បើកបរ​នៅ​រាជធានី​ភ្នំពេញ ព្រោះ​ជា​ញឹកញាប់​លោក​បាន​ជួប​ជាមួយ​មនុស្ស​មួយ​ចំនួន​ដែល​អាង​លុយ និង​អំណាច ហើយ​មិន​គោរព​ច្បាប់។

ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ លោក​វរសេនីយ៍ត្រី ចេវ ហាក់ អះអាង​ថា មន្ត្រី​នគរបាល​ចរាចរណ៍​ក៏​មាន​ការ​លំបាក​ដែរ​ក្នុង​ការ​អនុវត្ត​ច្បាប់​ចំពោះ​អ្នក​ដែល​អាង​លើ​លុយ​កាក់ បុណ្យសក្តិ ឬ​ឋានៈ​ក្នុង​សង្គម។ ទោះ​យ៉ាង​ណា លោក​ថា នឹង​បន្ត​ប្រឹងប្រែង​ចាត់​វិធានការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ជា​បន្ត​ទៀត។

មន្ត្រី​សម្របសម្រួល​គម្រោង​សុវត្ថិភាព​ចរាចរណ៍​នៃ​អង្គការ​ជនពិការ​អន្តរជាតិ​បែលហ្ស៊ិក លោក មាស ចាន់ឌី បញ្ជាក់​ថា គោល​បំណង​សំខាន់​បំផុត​នៃ​សិក្ខាសាលា​ស្ដី​ពី​ការ​រៀបចំ​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ជា​សាធារណៈ​លើ​បញ្ហា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​អំពី​ឥរិយាបទ​ដែល​មាន​គ្រោះថ្នាក់។

អង្គការ​ជនពិការ​អន្តរជាតិ​បែលហ្ស៊ិក បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១១ ដោយ​បញ្ជាក់​ថា មនុស្ស​ចំនួន ១.៨១៥​នាក់​បាន​ស្លាប់ ហើយ ៦.៧១៨​នាក់​បាន​រង​របួស​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១០ ធ្វើ​ឲ្យ​កម្ពុជា ក្លាយ​ជា​ប្រទេស​ដែល​អត្រា​មរណៈ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់​មួយ​នៅ​តំបន់​អាស៊ី។ ក្នុង​នោះ អ្នក​ប្រើប្រាស់​ម៉ូតូ យុវជន និង​អ្នក​ថ្មើរជើង គឺ​ជា​អ្នក​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ច្រើន​ជាង​គេ។

មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ដោយសារ​ការ​បើកបរ​ហួស​ល្បឿន​កំណត់ ការ​បើកបរ​ក្រោយ​ពេល​ពិសា​ជាតិ​ស្រវឹង និង​ការ​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ជា​ដើម។ គ្រោះថ្នាក់​ចរាចរណ៍​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ច​ជាតិ ដោយ​វា​បាន​ធ្វើ​ឲ្យ​ខាតបង់​ប្រាក់​ចំនួន ២៧៩​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​ឆ្នាំ​២០១០៕