ការកើតមានជំងឺទាំងមនុស្សនិងសត្វនេះ បណ្តាលមកពីទឹកទន្លេសេសានដែលគេសន្និដ្ឋានថាមានមេរោគ។
ភូមិតាឡាត ឃុំតាឡាត ស្រុកសេសាន ជាប់នឹងដងទន្លេសេសាន ចម្ងាយប្រមាណ១៦០គីឡូម៉ែត្រពីខេត្តស្ទឹងត្រែង កំពុងកើតមានជំងឺរមាស់លើស្បែក រាករូស មួលឈាមនិងក្អួតទៅលើមនុស្សជាច្រើននាក់។ គ្រួសារខ្លះបើមិនកើតរមាស់គឺកើតជំងឺរាកមួលឈាម ក្នុងមួយផ្ទះៗមានអ្នកឈឺរហូតដល់ទៅ៣ឬ៤នាក់។
អ្នកភូមិតាឡាត បានកើតជំងឺរាករូសនេះបន្ទាប់ពីអ្នកភូមិស្វាយរៀង ភូមិបានម៉ៃ ដែលកើតមានមុនកាលពីខែមករា។
ប្រធានសហគមន៍គ្រប់គ្រងធនធានទឹកភូមិតាឡាត លោក លន់ ធឹង មានប្រសាសន៍ថា អ្នកភូមិតាឡាតកំពុងកើតមានជំងឺរាករូសធ្ងន់ធ្ងរនិងមានខ្លះទៀតរាកផងក្អួតផង ចំណែកឯសត្វមាន់ទាងាប់ស្ទើរអស់ពីភូមិទៅហើយ សូម្បីរូបលោកផ្ទាល់និងសមាជិកក្នុងគ្រួសារក៏កើតជំងឺរាកមួលសម្បោរនិងឈាមដែរ។ លោកបន្តថា ក្នុងភូមិនេះមានអ្នកឈឺរាករូសនិងរមាស់ប្រមាណ៩០%។
លោក លន់ ធឹង មានប្រសាសន៍ដូច្នេះ ៖ «មុនដំបូងខ្ញុំទៅពេទ្យ ខ្ញុំឈឺពីរយប់ពីរថ្ងៃហើយ ខ្ញុំស្មានថានៅផ្ទះគេអត់ឈឺ ដល់មកដល់ផ្ទះគេឈឺដែរ មិនដឹងជាគេប៉ុន្មានថ្ងៃ។ ឈឺខ្ញុំប្ដីប្រពន្ធ ចៅនិងម៉ែវាម្នាក់ និងកូនប្រុសទៀត ទាំងអស់៥នាក់។ កើតរមាស់រាករូសដូចគ្នាទាំងអស់ រាកសម្បោរ មួលឈាម។ ឈឺហ្នឹងសឹងគ្រប់ផ្ទះទូទាំងភូមិ ដូចថា ៣០នាក់មាន១០%ទេដែលអត់មាន»។
លោក សៃ សាន់ មេភូមិតាឡាត មានប្រសាសន៍ថា ចាប់តាំងពីដើមខែកុម្ភៈមកមានអ្នកឈឺច្រើន គ្រួសារខ្លះឈឺម្តង៣ទៅ៤នាក់ ហើយរហូតដល់ឥឡូវនេះជំងឺរាតត្បាតអ្នកភូមិមិនទាន់បានថមថយទេ តែកំពុងកើតមានទៅលើអ្នកភូមិជាច្រើនទៀត សូម្បីរូបលោកក៏ទើបតែនឹងដោះសេរ៉ូមនៅថ្ងៃនេះដែរ បន្ទាប់ពីរាកមួលមកនោះ។
លោក សៃ សាន់ ឲ្យដឹងថា ៖ «សព្វថ្ងៃមាន់ងាប់រតាយអស់ឡើងស្ងាត់ភូមិ គោក្របីតាំងពីខែកក្ដិកមក ខែ១២មកទល់ខែ២នេះ គឺងាប់... គោ៣ក្បាល។ មិនដឹងជាយ៉ាងម៉េចទេឈឺងាប់ ហៀរសម្បោរ ហើមពោះគ្រប់ប្រភេទ។ ជំងឺឈឺជើងគឺវាយូរ ដល់ជំងឺហើមពោះនិងហៀរទឹកមាត់វាឆាប់ ងាប់លឿនណាស់»។
ស្រី្តឈ្មោះ កិ ចាន់ទី អាយុ៣៨ឆ្នាំ រស់នៅភូមិតាឡាត និយាយថា ចាប់តាំងពីត្រឡប់ចូលមករស់នៅក្នុងភូមិក្រោយពេលប្រមូលផលរួចក្នុងអំឡុងខែធ្នូ ឃើញថា អ្នកភូមិទាំងអស់គ្នាឈឺច្រើនណាស់។ ភាគច្រើនក្មេងៗឈឺរាករូសមានចំនួនច្រើនជាងមនុស្សចាស់ ហើយកូនរបស់ខ្លួនម្នាក់អាយុ៤ឆ្នាំឈឺរាកតែមួយយប់សោះត្រូវស្រកសាច់រូងភ្នែកអស់។ ជំងឺរាកនេះវាមានលក្ខណៈធ្ងន់ធ្ងរណាស់ មិនមែនម្តងម្កាលហើយធម្មតាទេ ភាគច្រើនរាកហើយមួលឈាមទៀតផង ៖ «ឈឺគ្រុនពោះវៀន រាក ក្អួត ជាពីរថ្ងៃឈឺទៀត។ ថ្នាំពេទ្យលេបរហូត គ្រុនតែមួយយប់ទល់ភ្លឺមុខខូងស្លក់»។
ស្រ្តីឈ្មោះ ស៊ុក ព្រលឹត និយាយថា ក្នុងខែកុម្ភៈនេះ អ្នកភូមិជាច្រើននាក់មានជំងឺរាកមួលឈាមនិងក្អួតផងនោះ បណ្តាលមកពីផឹកទឹកទន្លេ ហើយក្មេងៗជាច្រើនបានចុះទៅងូតទឹកទន្លេនោះ។ ស្រ្តីរូបនេះបន្តថា បញ្ហារបស់អ្នកភូមិយើងទាំងអស់គ្នាដូចឃើញស្រាប់ហើយ មកពីគេបិទទំនប់ទន្លេរីងគោក ហើយបើគេបើកទឹកឡើងមកវិញវាមានពណ៌ក្រហម។
អ្នកស្រី ស៊ុក ព្រលឹត ឲ្យដឹងដូច្នេះ ៖ «គេបិទទំនប់អ៊ីចឹង ប្រជាជនរាករូសដោយសារគេបិទទំនប់... មិនដឹងកើតមេរោគអី ខ្ញុំក៏មិនដឹងដែរ»។
ស្រ្តីម្នាក់ទៀតឈ្មោះ សារឿន ស្រីវ៉ៃ បានរៀបរាប់បែបនេះដែរថា ៖ «ម៉ែខ្ញុំក៏រាក ប្ដីខ្ញុំក៏រាក កូនខ្ញុំក៏រាកទាំងអស់មួយផ្ទះ។ ហើមពោះ អស់ពីហើមពោះរាកមួលឈាម។ កូននៅក្ដៅនៅឡើយ ចេញពងបែក មុនដំបូងរមាស់ៗ អស់ពីរមាស់ទៅជាដំបៅ។ ប្រហែលមកពីទឹកមិនដឹង...»។
មេភូមិតាឡាត បានរៀបរាប់ទៀតថា អ្នកភូមិតិចតួចណាស់ដែលបានផឹកទឹកដាំ ប៉ុន្តែភាគច្រើននៅតែផឹកទឹកឆៅ ហើយបើទោះបីងូតទឹកទន្លេត្រូវរមាស់ ក៏ពួកគាត់គ្មានជម្រើសណាផ្សេងដែរ។ ទឹកទន្លេក្រហមល្អក់ដូច្នេះ អ្នកភូមិបាននាំគ្នាជីកអណ្តូងនៅមាត់ច្រាំងទន្លេ ឬក៏អណ្តូងខ្សាច់នៅបាតទន្លេតែម្តងដើម្បីយកទឹកប្រើ។
ភូមិតាឡាតមានអណ្តូងទឹកស្អាតចំនួន២ ប៉ុន្តែអ្នកភូមិមិនបានប្រើទឹកអណ្តូងស្នប់នេះទេ ដោយសារថា ទឹកមានជាតិកំបោរច្រើនពេក។ ភូមិតាឡាត មិនមានមណ្ឌលសុខភាពនោះទេ នៅពេលឈឺអ្នកភូមិត្រូវឡើងទៅទិញថ្នាំពីស្រុកវ៉ឺនសៃ ខេត្តរនគិរី យកមកលេប ឬក៏នាំពេទ្យឯកជនមកព្យាបាលដល់ភូមិតែម្តង។
ភូមិតាឡាតមានប្រជាពលរដ្ឋចំនួន៩១គ្រួសារ។ ពួកគាត់ធ្វើស្រែចម្ការហើយបានប្រើប្រាស់ទឹកទន្លេសេសានជាប្រចាំថ្ងៃ។ ក្រៅពីមនុស្សជាច្រើនកំពុងឈឺ ភូមិនេះមានក្របីចំនួន៧ក្បាលនិងគោ៤ក្បាលបានងាប់ និងមាន់ទារាប់ពាន់ក្បាលផ្សេងទៀត។
ក្នុងស្ថានភាពដែលកំពុងតែមានជំងឺច្រើននេះ អ្នកភូមិតាឡាតបានអំពាវនាវថា សូមឲ្យមានគ្រូពេទ្យចុះមកជួយព្យាបាលដល់អ្នកភូមិផង។
លោក ហូយ វណ្ណារ៉ា អនុប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ធ្លាប់បានអំពាវនាវដែរថា សូមឲ្យប្រជាពលរដ្ឋផឹកទឹកដែលដាំពុះ ព្រោះទឹកទន្លេមានមេរោគឈ្មោះអឺកូលី ដែលបណ្តាលឲ្យរាករូសនិងមានមេរោគផ្សេងទៀតជាច្រើន។ មិនតែប៉ុណ្ណោះក៏មានសារធាតុរ៉ែឈ្មោះធឺប៊ីឌីធី ដែលបង្កឲ្យកើតជំងឺរមាស់ទៀតផង។
លោកអភិបាលស្រុកសេសាន ប៊ូ កែវសុវណ្ណ មានប្រសាសន៍ថា ប្រជាពលរដ្ឋភាគច្រើននៅមិនទាន់មានធុងចម្រោះទឹកស្អាតប្រើនៅឡើយ។
ក្នុងពេលដែលមានជំងឺរាករូសនិងកើតជំងឺរមាស់ ហើយគោក្របីងាប់ជាបន្តបន្ទាប់នោះ មកដល់ពេលនេះគេនៅមិនទាន់ឃើញមានការយកចិត្តទុកដាក់ពីអជ្ញាធរដើម្បីចុះទៅជួយពិនិត្យព្យាបាលអ្នកភូមិនៅតាមដងទន្លេទាំងនោះនៅឡើយទេ៕