លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះ នៅឱកាសដែលលោកបានទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោត ជិតគេហដ្ឋានរបស់លោក ស្ថិតក្នុងស្រុកតាខ្មៅ ខេត្តកណ្ដាល ។
លោកនាយករដ្ឋមន្ត្រី មានប្រសាសន៍ដូច្នេះថា ៖ «បរិយាកាសមកដល់ពេលនេះ ឃើញថា វាល្អហើយ ហើយសង្ឃឹមថា ពីថ្ងៃនេះរហូតដល់បោះឆ្នោតចប់ និងរាប់សន្លឹកឆ្នោត បរិយាកាសនឹងប្រព្រឹត្តទៅបានល្អប្រសើរនៅក្របខ័ណ្ឌទូទាំងប្រទេស» ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អមដំណើរដោយភរិយារបស់លោក គឺលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា ឪពុករបស់លោក និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយចំនួន បន្ទាប់ពីបានបោះឆ្នោតរួច មិនបានធ្វើសេចក្ដីអត្ថាធិប្បាយណាមួយនោះឡើយ ។
លោកនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ៖ «ខ្ញុំសូមអភ័យទោស ដោយសារតែយើងទាំងអស់គ្នា ត្រូវតែគោរពនូវបែបបទនិងវិធានទាំងឡាយ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាតិបានកំណត់ សូមមេត្តាកុំធ្វើអត្ថាធិប្បាយនិងឃោសនានៅក្នុងមណ្ឌលសម្រាប់បោះឆ្នោត» ៕
