នាយក​រដ្ឋមន្ត្រី​ចាត់ទុក​របាយការណ៍ Global Witness ថា​ឆ្កួត​លីលា

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​ថ្លែង​ប្រតិកម្ម​តប​ជា​សាធារណៈ​លើក​ដំបូង​ដោយ​ចាត់ទុក​របាយការណ៍​របស់​អង្គការ Global Witness ដែល​មាន​ចំណងជើង "ប្រទេស​សម្រាប់​លក់" នោះ​ថា​ជា​ការលើកឡើង​ដ៏​ឆ្កួត​លីលា​មួយ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឯ​ក្រុង​សៀមរាប​នោះ​បាន​ថ្លែង​បន្ត​ថា របាយការណ៍​ដែល​អង្គការ Global Witness ដែល​ចេញ​ផ្សាយ​ថ្មីៗ​គឺ​ធ្វើ​ឡើង​ក្នុង​ចេតនា​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា។

លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ៖ «ពី​មុន​ប្រើ​អគតិ​វា​ដូច​ស្រាល​ពេក ទាល់​ប្រើ​ពាក្យ​ឆ្កួត​លីលា​តើ​អា​ហ្នឹង​វា​ត្រូវ​សម​ជាង។ ដំបូង​ខ្ញុំ​ចង់​ឆ្លើយ​តប​ដោយ​ពាក្យ​អសុរោះ​បន្តិច​ទៅ​ចុះ គឺ​នៅ​ត្រង់​ថា​ពួក​ឆ្កួត​លីលា​មួយចំនួន​បាន​និយាយ​ទៅ​ដល់​អំពើ​ពុក​រលួយ​ដែល​ចេញ​មក​អំពី​ប្រេង​ក្នុង​ពេល​ដែល​លុយ​ទាំងឡាយ​នៅ​ក្រោម​បាត​សមុទ្រ។ តើ​អស់​លោក​អាច​ជឿ​បាន​ទេ​ថា​រាជ​រដ្ឋាភិបាល​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ក្នុង​ពេល​ដែល​មិន​ទាន់​មាន​លុយ តើ​នេះ​ជា​អ្វី? ជា​សកម្មភាព​នយោបាយ​បំផ្លិច​បំផ្លាញ​ឬ​ក៏​ជា​ទង្វើ​រួម​យោបល់? ទី​ចុង​បំផុត​ពួក​គេ​បាត់បង់​តម្លៃ​ដោយ​ខ្លួន​ឯង​តាមរយៈ​ការធ្វើ​សេចក្ដី​ថ្លែងការណ៍​ពាស​វាល​ពាស​កាល​តាម​របៀប​ឆ្កួត​លីលា នេះ​ជា​ពាក្យ​សម្ដី​ដែល​ខ្ញុំ​គួរតែ​និយាយ​ថា​ពួក​គេ​ឆ្កួត​លីលា​ហើយ»

សូម​ជម្រាប​ថា នៅ​ក្នុង​របាយការណ៍​ដែល​ដាក់​ចំណងជើង "ប្រទេស​សម្រាប់​លក់" នោះ អង្គការ Global Witness ជា​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​និង​បរិស្ថាន​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស​និង​នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក បាន​អធិប្បាយ​ថា កម្ពុជា​សព្វថ្ងៃ​ជា​ប្រទេស​សម្រាប់​ពុះ​ជ្រែក​លក់​ឲ្យ​បរទេស​ដោយ​ពួក​អ្នក​មាន​អំណាច​នៅ​កម្ពុជា​ដើម្បី​ប្រមូល​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នោះ​ដាក់​ប្រយោជន៍​ខ្លួន​ឯង ដូច​ជា​បាន​មក​ពី​ការកាប់​ធនធាន​ព្រៃ​ឈើ ហើយ​និង​កំពុង​ច្បាម​យក​ធនធាន​ធម្មជាតិ​របស់​កម្ពុជា​ផ្សេង​ទៀត ដូច​ជា​ធនធាន​ជលផល កោះ ឆ្នេរ​សមុទ្រ​សម្រាប់​ទេសចរណ៍ ធនធាន​ឧស្ម័ន រ៉ែ និង​ប្រេងកាត​ជាដើម។

អង្គការ Global Witness សរសេរ​ទៀត​ថា ក្នុង​រយៈពេល​១៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ចំនួន​៤៥%​នៃ​ផ្ទៃ​ដី​កម្ពុជា គឺ​ត្រូវ​អ្នក​វិនិយោគ​ទិញ​ដោយ​មាន​ការសមគំនិត​ពី​អ្នក​មាន​អំណាច​ខ្មែរ។

ជាមួយ​គ្នា​នេះ​ប្រធាន​បក្ស​ប្រឆាំង​គឺ​លោក សម រង្ស៊ី ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ស្នើ​ឲ្យ​មាន​ការស៊ើប​អង្កេត​រាល់​ករណី​ដែល​លើក​ឡើង​ដោយ​អង្គការ Global Witness នោះ ហើយ​រាយការណ៍​ជូន​មក​រដ្ឋសភា​ឲ្យ​បាន​ឆាប់។

ក៏​ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ច្រាន​ចោល​ចំពោះ​របាយការណ៍​របស់​អង្គការ Global Witness ខាង​លើ​នេះ ៖ «អគ្គរដ្ឋទូត​អង់គ្លេស​គាត់​នៅ​ហ្នឹង Global Witness អា​ហ្នឹង​មក​ពី​ប្រទេស​អង់គ្លេស អា​ហ្នឹង​ដាក់​បណ្ដាសា​កម្ពុជា​អត់​មាន​ថ្ងៃ​ឈប់​ទេ រហូត​ដល់​អ្នក​នយោបាយ​ឆ្កួត​លីលា​មួយចំនួន​នៅ​កម្ពុជា​ក៏​គេ​ប្រើប្រាស់​នូវ​បញ្ហា​នេះ​យក​មក​ប្រឆាំង​ជាមួយ​នឹង​រាជ​រដ្ឋាភិបាល»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​បន្ត​ទៀត​ថា ៖ «តើ​អំពើ​ពុក​រលួយ​បែប​ណា​ទៅ​បើ​ប្រេង​វា​នៅ​ក្នុង​បាត​សមុទ្រ សូម្បី​តែ​ចំនួន​ពិត​ប្រាកដ​យើង​មិន​ដឹង​ប៉ុន្មាន​ផង តើ​អ្នក​ណា​មាន​លុយ​ពុក​រលួយ? រ៉ែ​បុកស៊ីត​នៅ​ក្រោម​ដី រ៉ែ​ដែក​នៅ​ក្រោម​ដី​ទាំងអស់ តើ​អ្នក​ណា​អាច​ប្រព្រឹត្ត​ពុក​រលួយ​លើ​រឿង​នេះ? ប៉ុន្តែ​ពេល​វេលា​នេះ​មិន​មែន​ជា​ពេល​វេលា​និយាយ​ពី​រឿង​ចាយ​លុយ​ទេ និយាយ​ពី​រឿង​រក​លុយ។ ខ្ញុំ​បាន​ស្នើ​ទាំង​ខាង​ធនាគារ​ពិភពលោក ទាំង IMF ទាំង ADB ទាំង​អ្នក​ជំនាញការ​បរទេស​នានា​ដែល​ទៅ​សម្ដែង​ការកង្វល់ ខ្ញុំ​ស្នើ​ថា​សូម​ជួយ​ខ្ញុំ​ធ្វើ​ម៉េច​រក​លុយ​ឲ្យ​បាន​ច្រើន ជួយ​ថា​ធ្វើ​ម៉េច​អា​កុងត្រា​ប្រេង​ជាមួយ​ក្រុមហ៊ុន​បរទេស​នានា​ឲ្យ​កម្ពុជា​ទទួល​បាន​ផល​ខ្ពស់​បំផុត ជួយ​បាន​ទេ​អា​ហ្នឹង»