លោក ហ៊ុន សែន ប្រកាសឲ្យដឹងអំពីតួនាទីថ្មីរបស់លោក ទី សុគន្ធ ភ្លាមៗ គឺជាអនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសនូវតួនាទីចាស់ ហើយលោក ឆេង គឹមសុន អនុប្រធានរដ្ឋបាលព្រៃឈើ ត្រូវឡើងជំនួសតំណែងលោក ទី សុគន្ធ។
លោក ហ៊ុន សែន បានប្រកាសដូច្នេះថា ៖ «អ៊ីចឹងបានឥឡូវត្រូវផ្ទេរឯកឧត្ដម ទី សុគន្ធ ពីរដ្ឋបាលព្រៃឈើមកជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម ហើយឯកឧត្ដម ឆេង គឹមសុន ទៅជាប្រធានរដ្ឋបាលព្រៃឈើវិញ»។
ទាក់ទិននឹងការប្ដូរមុខតំណែងលោក ទី សុគន្ធ នេះ លោក ហ៊ុន សែន បានធ្វើការអត្ថាធិប្បាយយ៉ាងច្រើនទៅលើលោក ទី សុគន្ធ ដោយបង្ហាញនូវភាពអសកម្មក្នុងការងារ និងករណីជាប់ពាក់ព័ន្ធជាមួយជនសង្ស័យក្នុងបទល្មើសព្រៃឈើមួយចំនួនកន្លងមក។
លោក ហ៊ុន សែន មានប្រសាសន៍ថា ៖ «ដល់បញ្ជាចាប់ ... បែរជាលេចពីអាញ៉ ឯណោះ។ សួរមក ទី សុគន្ធ ថាគេចាប់អ៊ីចេះចាប់អ៊ីចុះ ទី សុគន្ធ ថា អត់នេះដែរ... អាញ៉ ថាអ៊ីចឹងខ្ញុំសុំគេចខ្លួនសិនហើយ អើ!គេចសិនទៅ។ បើអ៊ីចឹងអញទៅចាប់ឯណា? អញពឹងនរណាឥឡូវហ្នឹង? រឿងនេះមិនមែនរឿងលេងសើចទេ។ ឥឡូវខ្ញុំអំពាវនាវអ៊ីចេះ សូមឲ្យវិលត្រឡប់ អ្នកណាដែលជាប់ពាក់ព័ន្ធទាំងប៉ុន្មានវិលត្រឡប់មកវិញ អ្នកឯងមិនអាចរត់មួយជីវិតបានទេ»។
អគ្គលេខាធិការគណបក្សសិទ្ធិមនុស្ស លោក ញែម ប៉ុញ្ញារិទ្ធិ បានសម្ដែងការគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីរដ្ឋាភិបាលបង្ក្រាបការជួញដូរឈើថ្មីនេះ។ ប៉ុន្តែលោកសម្ដែងការងឿងឆ្ងល់ថា ហេតុអ្វីមន្ត្រីដែលពុំមានសមត្ថភាពក្នុងការងារ រដ្ឋាភិបាលនៅតែបន្តផ្ដល់មុខតំណែងឲ្យទៀតនោះ?
លោក ញែម ប៉ុញ្ញារិទ្ធិ មានប្រសាសន៍ដូច្នេះ ៖ «ចម្លែកមែនទែន! គឺដកតួនាទីពីអគ្គនាយកខាងរដ្ឋបាលព្រៃឈើ ហើយដំឡើងទៅជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដោយគាត់មានទោសកំហុសពាក់ព័ន្ធនឹងរឿងកាប់ព្រៃឈើអីអ៊ីចឹង។ នេះជារឿងគួរឲ្យចម្លែក ដែលមានទោសកំហុសមិនបានទទួលទៅតាមផ្លូវច្បាប់ ឬទោសទណ្ឌអ្វី បែរទៅជាឡើងស័ក្ដិទៅទៀត។ នេះជារឿងមួយដែលគណបក្សសិទ្ធិមនុស្សឆ្ងល់ ហើយរកយល់មិនឃើញដែរ»។
ទោះយ៉ាងណាក្ដី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានធ្ងន់ៗដល់មន្ត្រីជាន់ខ្ពស់ក្នុងក្រសួងកសិកម្ម ជាពិសេសអ្នកទើបឡើងតំណែងថ្មី ៖ «ច្បាប់ព្រៃឈើធ្វើម៉េចកុំឲ្យចូលអា៦ចំណុចនៃមាត្រា១០១ ផ្ដាំឲ្យហើយ។ លើកនេះ ទី សុគន្ធ បានរួចខ្លួន ដើរចេញទុកឲ្យគេធ្វើ ប៉ុន្តែដល់ពេលលោកម្ដង ត្រូវគុកហើយ ប្រាប់ឲ្យហើយ ផ្ដាំឲ្យហើយ។ ដំឡើងបាន ទម្លាក់បាន បញ្ចូលគុកក៏បានដែរ»។
អ្នកស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការអាដហុក លោក ចាន់ សុវ៉េត បានមានប្រសាសន៍ថា ៖ «គ្រាន់តែថា ជាចំណុចមួយដោះដូរប៉ុណ្ណោះ វាមិនមែនជាការដាក់ពិន័យអីទេ ហើយបើសិនជាឯកឧត្ដមនេះគាត់ប្រព្រឹត្តទៀត ក៏គ្មានឈើឯណាកាប់ទៀតដែរ ព្រោះឈើអស់រលីងហើយ។ ខ្ញុំគិតថា រាជរដ្ឋាភិបាលកម្ពុជា បើសិនជាបានជឿទៅលើរបាយការណ៍សហគមន៍អន្តរជាតិដែលធ្វើរបាយការណ៍កន្លងផុតមក ឧទាហរណ៍ដូចជាគ្លបលវីនេសអី យើងអាចទប់ស្កាត់បានឈើយើងជាច្រើនហើយ ហើយដល់ពេលឥឡូវទើបតែភ្ញាក់ខ្លួន ខ្ញុំគិតថា វាជារឿងមួយដែលហាក់ដូចជាចង់យឺតពេលទៅហើយចំពោះបញ្ហានេះ»។
វិទ្យុអាស៊ីសេរីពុំទាន់អាចទាក់ទងសុំអត្ថាធិប្បាយពីលោក ទី សុគន្ធ និងលោក ឆេង គឹមសុន ដែលត្រូវឡើងកាន់តំណែងថ្មីបានទេនៅថ្ងៃអង្គារនេះ។
មន្ត្រីសំខាន់មួយរូបនៅក្រសួងកសិកម្ម សុំមិនឲ្យបញ្ចេញឈ្មោះបានឲ្យដឹងថា នៅរសៀលថ្ងៃអង្គារ ទី៦ មេសា ក្រសួងកសិកម្មមានរៀបចំពិធីផ្ទេរតំណែងជាបន្ទាន់មួយពីលោក ទី សុគន្ធ ទៅលោក ឆេង គឹមសុន ប៉ុន្តែពិធីនេះមិនត្រូវបានអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលរួមទេ។
ការផ្លាស់ប្ដូរមុខតំណែងលោក ទី សុគន្ធ នេះ កើតមានឡើងក្នុងពេលអាជ្ញាធរទូទាំងប្រទេសកំពុងតែចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើយ៉ាងសកម្ម ហើយបានរកឃើញឈើប្រណីតជាច្រើនម៉ែត្រគូបដែលមិនមានលិខិតត្រឹមត្រូវ៕