លោក ហ៊ុន សែន បានថ្លែងដូច្នេះនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា លោក សម រង្ស៊ី គឺជាអ្នកក្បត់ជាតិ ពីព្រោះនៅខណៈដែលព្រំដែនប៉ែកខាងលិចកំពុងមានបញ្ហាហើយ ប៉ុន្តែលោក សម រង្ស៊ី បានធ្វើឲ្យមានបញ្ហានៅព្រំដែនប៉ែកខាងកើត ដែលមិនមានបញ្ហាអ្វីនោះ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ៖ «សូមអ្នកការទូតនៅកម្ពុជាយកផែនទីដែលអូសចេញពីអ៊ិនថឹណិត ពីវ៉ឹបសាយថ៍របស់ក្រុមប្រឆាំងនេះ យកមកផ្ទៀងផ្ទាត់ជាមួយនឹងផែនទីពិតប្រាកដមើល! វាយ៉ាងម៉េច? អ៊ីចឹងរាជរដ្ឋាភិបាលមិនអាចអត់ឱនឲ្យបាន កុំថាឡើយមេបក្សប្រឆាំង អ្នកដទៃចេញមុខ ត្រូវធ្វើសកម្មភាពផ្លូវច្បាប់។ អត់មានប្រើតុលាការ ព្រោះរឿងនេះវាទៅហួសពីព្រំដែន។ រដ្ឋសភាមិនបាច់ឆ្លើយទេ ព្រោះយើងមិនអាចឆ្លើយនូវសំណួរបន្លំ បើសំណួរបន្លំគឺមានតែចម្លើយបន្លំ!»។
កាលពីពេលថ្មីៗនេះ មន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនបានអះអាងថា រដ្ឋាភិបាលនឹងប្ដឹងចោទប្រកាន់មេដឹកនាំគណបក្សប្រឆាំង គឺលោក សម រង្ស៊ី បន្ថែមទៀតពីបទក្លែងបន្លំឯកសារសាធារណៈទាក់ទិននឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម។
លោក ហ៊ុន សែន បានព្រមានថា នៅឱកាសបោះឆ្នោតជាតិខាងមុខ លោក សម រង្ស៊ី មិនអាចចូលស្រុកវិញបានទេ ប្រសិនបើលោកមិនបានមកចូលពន្ធនាគារសិនទេនោះ ហើយការបោះឆ្នោតមានគណបក្សប្រឆាំង ប៉ុន្តែគ្មានមេបក្ស។
លោកនាយករដ្ឋមន្ត្រីបានអះអាងថា ៖ «ហើយម្ដងនេះសុំទោស តុលាការកាត់ឲ្យជាប់គុកប៉ុន្មានឆ្នាំ ហើយរឿងលើកលែងទោសអីអត់ទេ! សុំទោស លើកនេះអត់ទេ! បោះឆ្នោតមានបក្សប្រឆាំង តែអត់មានបុគ្គលហ្នឹងទេ ខ្ញុំអាចនិយាយពីឥឡូវ។ ត្រូវជាប់គុកសិន ចិត្តសឿងចូលមក! ហើយកុំដាក់លក្ខខណ្ឌថា ដោះលែងអ្នកនោះសិន កុំ! យើងស្គាល់ពេក!»។
ទោះជាការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តីដូច្នេះក្តី មន្រ្តីនាំពាក្យគណបក្សសមរង្ស៊ី លោក គីមសួរ ភីរិទ្ធ បានអះអាងថា បើទោះបីជាលោក សម រង្ស៊ី មិនអាចចូលស្រុកវិញបានក្តី ក៏មិនប៉ះពាល់ដល់ប្រជាប្រិយភាពរបស់គណបក្សសមរង្ស៊ីទេ ផ្ទុយទៅវិញលោកបានបញ្ជាក់ថា អ្វីដែលលោក សម រង្ស៊ី បានធ្វើកន្លងមកគឺជាការការពារផលប្រយោជន៍ជាតិ មិនមែនជារឿងក្បត់ជាតិនោះទេ។
លោក គីមសួរ ភីរិទ្ធ បានបញ្ជាក់ថា ៖ «ប៉ុន្តែយើងដាក់សំណួរសួរថា តើឯកឧត្ដម សម រង្ស៊ី បានកាត់ដីឲ្យជនបរទេសណាម្នាក់ ប្រទេសណាមួយហើយឬនៅ? ធ្លាប់បានសម្លាប់ប្រជាពលរដ្ឋខ្មែរ ប្រល័យពូជសាសន៍ខ្លួនឯង ធ្វើបាបប្រជាពលរដ្ឋខ្លួនឯងឬអត់? ហើយលោកបានធ្វើការបំផ្លាញប្រពៃណី វប្បធម៌ខ្មែរដែរឬទេ? ចម្លើយគឺ អត់! ដូច្នេះមិនអាចទៅរួចទេរឿងក្បត់ជាតិ ព្រោះលោកធ្វើនេះគឺមិនមានបាត់បង់ដីទេ គឺការពារដីស្រែ ដីស្រែហ្នឹងប្រជាពលរដ្ឋធ្វើតាំងពីដូនតាមក»។
រដ្ឋាភិបាលនឹងប្តឹងលោក សម រង្ស៊ី បន្ថែមទៀតនេះ បន្ទាប់ពីលោក សម រង្ស៊ី នៅតែបន្តផ្សព្វផ្សាយផែនទីមួយនៅលើគេហទំព័ររបស់លោកនាពេលកន្លងមក ដែលបង្ហាញថា វៀតណាមបានបង្ខិតព្រំដែនមកលើដីកម្ពុជា។
តុលាការខែត្រស្វាយរៀងបានកាត់ទោសលោក សម រង្ស៊ី កំបាំងមុខកាលពីមករាកន្លងទៅ ឲ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំ ក្រោមបទចោទប្រកាន់ពីបទញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ និងការបំផ្លាញទ្រព្យសម្បត្តិសាធារណៈ បន្ទាប់ពីលោក សម រង្ស៊ី រួមជាមួយប្រជាកសិករមួយចំនួននៅស្រុកចន្ទ្រា បានដកបង្គោលតម្រុយព្រំដែនកម្ពុជា-វៀតណាម កាលពីថ្ងៃទី២៥ តុលា ឆ្នាំ២០០៩៕