រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងជាឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទៅ១៧ ខែធ្នូថា ទស្សនកិច្ចនេះបានទទួលការជោគជ័យ និងល្អប្រសើរ។
លោក ហោ ណាំហុង មានប្រសាសន៍បន្តថា ៖ «ភាពជាដៃគូសហប្រតិបត្តិការ យុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយទាំងអស់ គឺចាប់ផ្ដើមពីសហប្រតិបត្តិការជិតខាងល្អ ឈានដល់ជំហានទី២ សហប្រតិបត្តិការគួរទុកចិត្តគ្នា ឥឡូវមកដល់សហប្រតិបត្តិការយុទ្ធសាស្ត្រ»។
លោកបានមានប្រសាសន៍ទៀតថា ប្រទេសចិន បានសន្យាផ្ដល់ជំនួយឥតសំណងឲ្យកម្ពុជា ចំនួនទឹកប្រាក់ជាង ១០០លានយន់ ស្មើនឹងចំនួនជាង ១៤៩លានដុល្លារអាមេរិក។
ប្រទេសចិន បានសន្យាផ្ដល់ប្រាក់កម្ចីចំនួន ៣០០លានដុល្លារអាមេរិកទៀត សម្រាប់គម្រោងចំនួន៣ ក្នុងឆ្នាំ២០១០ ដើម្បីសាងសង់ផ្លូវជាតិលេខ ២១៤ ពីត្បែងមានជ័យ ទៅស្រុកថាទ្បាបរិវ៉ាត់ ប្រទេសលាវ។
សាងសង់ផ្លូវជាតិលេខ៧៦ និងការសាងសង់ប្រឡាយទឹកនៅក្នុងខេត្តស្វាយរៀង។ កិច្ចព្រមព្រៀងចំនួន ១២ ដែលមានតម្លៃជាច្រើនរយលានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខារវាងមេដឹកនាំចិន និងកម្ពុជា នៅក្នុងការកសាងស្ពានជ្រោយចង្វាទី២ ស្ពានតាខ្មៅ សង់ទំនប់ស្ទឹងពោធិ៍សាត់ សាងសង់ផ្លូវជាតិលេខ៤១ ពីថ្នល់ទទឹងចេញពីផ្លូវជាតិលេខ៤ ទៅស្រុកជុំគីរី ខេត្តកំពត និងសាងសង់តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តព្រះសីហនុ។
ក្រុមមន្ត្រីបានឲ្យដឹងដែរថា ការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកម្ពុជា និងចិន នៅចន្លោះខែមករា និងខែតុលា ឆ្នាំ២០១០នេះ មានចំនួនជាង ១.១០០លានដុល្លារអាមេរិក ហើយមេដឹកនាំកម្ពុជា និងចិន បានសន្យាថា នឹងបង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្មឲ្យដល់ចំនួន ២.៥០០លានដុល្លារអាមេរិក នៅឆ្នាំ២០១៥ ខាងមុខ។
ទន្ទឹមពេលនេះដែរ កម្ពុជា និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីអនុញ្ញាតឲ្យកម្ពុជា នាំចូលផលិតផលកសិកម្មចូលក្នុងទីផ្សារចិន ដោយមិនយកពន្ធដារ មានដូចជាដំឡូងមី អង្ករ ពោត សណ្ដែកសៀង សណ្ដែកបាយ និងល្ងជាដើម ដោយចិន បានសន្យាថា នឹងបង្កើតឲ្យមានមន្ទីរពិនិត្យគុណភាពកសិផលកសិកម្មនៅកម្ពុជា ដើម្បីនាំចេញ។
មន្ត្រីអ្នកនាំពាក្យគណបក្សប្រឆាំង សម រង្ស៊ី លោក យឹម សុវណ្ណ និងជាតំណាងរាស្ត្របានមានប្រសាសន៍អត្ថាធិប្បាយថា ៖ «ភាគីដែលផ្ដល់នោះ គឺថា គួរណាស់តែមានកាតព្វកិច្ចមួយ ដើម្បីធានាឲ្យមានតម្លាភាព និងការទទួលខុសត្រូវចំពោះរាល់ប្រាក់កម្ចី ប្រាក់ជំនួយដែលជួយមកដល់ប្រទេសកម្ពុជា»។
ទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅកាន់ប្រទេសចិនថ្មីៗនេះ ត្រូវបានមន្ត្រីរដ្ឋាភិបាលកម្ពុជា បានពណ៌នាថា គឺជាការផ្លាស់ដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុត មិនយូរប៉ុន្មានក្រោយពីប្រធានសភាចិន លោក វូ បាងហ្គូ (Wu Bangguo) បានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីដើមខែវិច្ឆិកា កន្លងទៅនេះ៕