លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១១ បានប្រកាសថា លោកបានសម្រេចដកហូតឡូត៍នេសាទ ៣៥កន្លែងនៅបឹងទន្លេសាបពីក្រុមហ៊ុនឯកជន ដើម្បីរក្សាទុក និងបង្កើនធនធានត្រីទឹកសាបឲ្យមានបរិមាណច្រើនសម្រាប់រយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤ ពីព្រោះកន្លងមកបឹងទន្លេសាបបានរងការនេសាទខុសច្បាប់យ៉ាងអានាធិបតេយ្យ។
ការសម្រេចដកហូតនេះ គឺក្រោយពីក្រុមអធិការកិច្ចរបស់អន្តរក្រសួងបានបើកការស៊ើបអង្កេតអំពីបទល្មើសនេសាទនៅបឹងទន្លេសាបកន្លងមក។ ឡូត៍នេសាទចំនួន ៣៥កន្លែងនោះ គឺនៅក្នុងខេត្តចំនួន ៥ នៅជុំវិញបឹងទន្លេសាប ក្នុងនោះមានខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកំពង់ធំ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ១ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន បានមានប្រសាសន៍ថា ការដកហូតនេះ គឺមិនប៉ះពាល់ដល់ការនេសាទប្រចាំថ្ងៃជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋនោះទេ ៖ «បើមិនដូច្នោះទេ ទន្លេសាបរបស់យើងមិនអាចស្ដារឡើងវិញបានទេ។ អ៊ីចឹងទេ ខ្ញុំព្រះករុណាខ្ញុំ បានយល់ព្រមជាមួយនឹងគណៈកម្មការអធិការកិច្ច ដើម្បីដកហូតទាំង ៣៥ឡូត៍នេសាទនៅខេត្ត៥។ នេះជារឿងខ្លោចចិត្តបំផុតសម្រាប់ធនធានត្រី ធនធានមច្ឆាជាតិរបស់យើង»។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន បានមានប្រសាសន៍ថា លោកអនុវត្តតាមការសម្រេចនេះ ៖ «ប្រមុខរដ្ឋាភិបាលលោកដកហើយៗ ជាពិសេសយើងចាំមើលថា ក្រោយពេលដកហើយ យើងមកសិក្សាទាំងអស់ឡើងវិញ។ អាណាត្រូវទុក អាណាត្រូវអភិរក្ស អាណាត្រូវកាត់ឲ្យប្រជាជន»។
ប្រធានប្រតិបត្តិនៃសម្ពន្ធភាពដើម្បីអភិវឌ្ឍន៍ធនធានជលផលនៅកម្ពុជា លោក ឱម សាវ៉ាត បានមានប្រសាសន៍ថា វិធានការនេះហាក់ដូចជាយឺតពេលបន្តិចហើយ ពីព្រោះបទល្មើសនេសាទខុសច្បាប់បានកើតមានឡើងនៅបឹងទន្លេសាបយ៉ាងធ្ងន់ធ្ងរតាំងពីឆ្នាំ២០០០មក។
លោកបន្តថា ៖ «ក៏ប៉ុន្តែក៏វាប្រសើរជាងយើងមិនបានដែលថា ធ្វើទាន់ពេលវេលាដែរ។ នេះជាជំហានថ្មីមួយទៀត ហើយយើងគាំទ្រទាំងស្រុងទៅលើដំណើរការនេះ។ យើងសង្ឃឹមថា សហគមន៍នេសាទទាំងអស់លោកនឹងរួមចំណែកដើម្បីធ្វើយ៉ាងណាដើម្បីឲ្យដំណើរការគ្រប់គ្រងកន្លងមកប្រសើរឡើង»។
ប្រភពពីសកម្មជនការពារធនធានជលផលនៅកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា បានដកហូតឡូត៍នេសាទពីក្រុមហ៊ុនឯកជនរួចម្ដងទៅហើយនៅឆ្នាំ២០០០ កន្លងទៅ ចំនួន ៥៦% ដើម្បីប្រគល់ឲ្យសហគមន៍នេសាទគ្រប់គ្រង។ នៅសល់ឡូត៍នេសាទចំនួន ៤៤% ទៀត ដែលរដ្ឋាភិបាលបានវិនិយោគឲ្យទៅក្រុមហ៊ុនឯកជនដែលបានបង្កឲ្យមានបទល្មើសនេសាទយ៉ាងធ្ងន់ធ្ងរកន្លងមក។
ការប្រកាសដកហូតឡូត៍នេសាទចំនួន ៣៥កន្លែងនៅបឹងទន្លេសាបនៅពេលនេះ គឺជាលើកទី២ហើយចាប់តាំងពីឆ្នាំ២០០០មក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១១ កន្លងទៅនេះ បានចេញបទបញ្ជាសំខាន់មួយ លេខ ០១ បញ្ជាឲ្យអាជ្ញាធរនៅខេត្តចំនួន ៨ ជុំវិញបឹងទន្លេសាប ចាត់វិធានការសង្គ្រោះបឹងទន្លេសាបជាបន្ទាន់ ដោយរុះរើសម្រាស់ ធ្នស់ ព្រួល និងសំណង់កាត់ទទឹងបឹងទន្លេ ស្ទឹង ព្រែក អូរ និងបឹងបួគ្រប់ប្រភេទ។
មន្ត្រីជលផលចំនួន ៥នាក់នៅខេត្តចំនួន ៥ ជុំវិញបឹងទន្លេសាប ត្រូវបានលោក ហ៊ុន សែន ប្រកាសដកហូតចេញពីតំណែង កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១១ កន្លងទៅនេះ៕