លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានខ្លាំងៗចំពោះមេដឹកនាំគណបក្សប្រឆាំង សម រង្ស៊ី កាលពីថ្ងៃទី១៨ ខែតុលាថា លោក សម រង្ស៊ី កំពុងតែផ្ទេរជម្លោះតាមផ្លូវតុលាការនៅកម្ពុជា មកជាជម្លោះជាមួយរួបលោក (ហ៊ុន សែន) វិញ ដែលលោកបានបញ្ជាក់ថា ទង្វើរបស់មេដឹកនាំគណបក្សប្រឆាំងនៅពេលនេះ គឺជាតំណាងឲ្យផលប្រយោជន៍បរទេស។
ប្រតិកម្មរបស់ប្រមុខរដ្ឋាភិបាលខ្មែរដូច្នេះ នៅបន្ទាប់ពីលោក សម រង្ស៊ី បានសរសេរលិខិតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងផ្ញើទៅសហគមន៍អន្តរជាតិ កាលពីសប្ដាហ៍មុន ដោយចោទប្រកាន់ថា ការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នកំពុងរំលោភទៅលើរឿងផ្ទៃក្នុងប្រទេសដទៃនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា លោក សម រង្ស៊ី បានសរសេរលិខិតទៅលោក ដោយបញ្ជាក់នៅក្នុងសំណួរដែលបានសួរលោកនោះជំនួសឲ្យប្រទេសជិតខាងទៅវិញ។
លោក ហ៊ុន សែន បន្តថា លោកបានចោទសួរមេដឹកនាំគណបក្សប្រឆាំងវិញថា ហេតុអ្វីបានជាប្រទេសប៉ែកខាងលិចកំពុងឈ្លានកម្ពុជា ហើយមិនលើកយកមកនិយាយផង?
លោក ហ៊ុន សែន បានថ្លែងដូច្នេះថា ៖ «ឥឡូវដាក់សំណួរថា កម្ពុជាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ រំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីស សូមជនរួមជាតិពិនិត្យមើលឲ្យច្បាស់ អាគេឈ្លានពានឯងម៉េចក៏មិនរំលោភកិច្ចព្រមព្រៀងប៉ារីស? ប៉ុន្តែខ្ញុំគិតថា គេកំពុងតែធ្វើការវាយលុកផ្ទួនៗ ដើម្បីផ្ទេរជម្លោះជម្លោះអ្នកឯងជាមួយនឹងច្បាប់ មកជាជម្លោះអ្នកឯងជាមួយ ហ៊ុន សែន។ សុំទោស ខ្ញុំស្គាល់ពេក!»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ករណីលោក សម រង្ស៊ី ត្រូវបានតុលាការផ្ដន្ទាទោសនោះ គឺជារឿងរបស់តុលាការ មិនមែនពាក់ព័ន្ធនឹងរួបលោកនោះទេ ៖ «ឥឡូវជាប់គុកប៉ុន្មាន ដូចជាសរុប ១២ឆ្នាំ សូមអញ្ជើញជាប់គុក ២ ភាគ ៣ សិនទៅវើយ កុំចង់ផ្ទេរមកជម្លោះជាមួយ ហ៊ុន សែន ឲ្យសោះ ព្រោះឮថា ជាប់ស៊ីញេនៅក្នុងហ្នឹងដែរ ទណ្ឌិតមកចង់សួរមកនាយករដ្ឋមន្ត្រី»។
ទោះជាយ៉ាងនេះក្ដី មន្ត្រីនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ បានពន្យល់ថា អ្វីដែលលោក សម រង្ស៊ី ក៏ដូចជាគណបក្ស សម រង្ស៊ី បានធ្វើជារឿងប្រទេសជាតិ មិនមែនជារឿងផ្ទាល់ខ្លួនទេ ៖ «បញ្ហាដែលកើតមាននៅក្នុងខែត្រស្វាយរៀង គឺបញ្ហាជាតិ បញ្ហាអាយុជីវិតជាតិ ដែលខាងប្រទេសវៀតណាម និងកម្ពុជា បោះបង្គោលតម្រុយព្រំដែន គឺប៉ះពាល់មកលើទឹកដីរបស់យើង ហើយមានប្រជាកសិករបាត់បង់ដីធ្លីគាត់យំសោកជារៀងរាល់ថ្ងៃ គាត់ទាមទារដីមកវិញ ដើម្បីចង់បានដីធ្វើស្រែចម្ការ មិនមែនតែពីរគ្រួសារហ្នឹងទេ គឺមានជាច្រើនរយគ្រួសារទៀតដែលកំពុងតែប៉ះពាល់»។
នៅក្នុងស្ថានភាពនយោបាយបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ទោះបីជាលោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅក្រៅប្រទេស ដែលលោកមិនអាចចូលស្រុកវិញបាន ដោយសារតែលោកត្រូវបានតុលាការកម្ពុជា កាត់ទោសលោកឲ្យជាប់គុកចំនួន ១២ឆ្នាំ ក្រោមបទចោទជាច្រើនករណីមកលើរូបលោក ដូចជាការបន្លំឯកសារផែនទីប្រទេសកម្ពុជា ការបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ ទាក់ទងការដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង។
ប៉ុន្តែកាលពីពេលថ្មីៗនេះ លោក សម រង្ស៊ី បានរកមធ្យោបាយប្តឹងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ លើសំណុំរឿងគប់គ្រាប់បែកទៅលើហ្វូងបាតុករ កាលពីឆ្នាំ១៩៩៧ ទៅកាន់តុលាការសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១០ រួចមក។ កាលពីថ្ងៃទី១៦ ខែតុលា លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី បានអះអាងតាមសន្និសីទផ្សាយផ្ទាល់តាមរយៈវីដេអូថា រូបលោកនឹងដាក់ពាក្យបណ្ដឹងប្ដឹងលោក ហ៊ុន សែន ១ករណីថ្មីទៀត ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ និងអង្គការពលកម្មអន្តរជាតិ ជុំវិញផែនការ ក.៥ ដែលនាំឲ្យពលរដ្ឋខ្មែរស្លូតត្រង់ស្លាប់រាប់ម៉ឺននាក់ នៅសមរភូមិតាមព្រំដែនកម្ពុជា នាសម័យនោះ។
ទាក់ទងទៅនឹងករណីនេះ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច បានលើកឡើងថា លោក សម រង្ស៊ី កំពុងតែរើបម្រាស់តាមប្រព័ន្ធនយោបាយវិញ លែងប្រើប្រព័ន្ធច្បាប់ដើម្បីស្វែងរកតុល្យភាពខាងនយោបាយ ក្នុងការតបតមកលើមេដឹកនាំកម្ពុជា។
លោក សុខ ទួច បានបញ្ជាក់ថា ការធ្វើនយោបាយដូច្នេះ ហាក់បីដូចជាអ្នកនយោបាយខ្មែរកំពុងហែកទ្រូងខ្មែរឲ្យបរទេសដឹងផ្ទៃក្នុងខ្លួនឯងទៅវិញទេ ៖ «ឯកឧត្ដម សម រង្ស៊ី គាត់ចង់វិលមកស្រុកខ្មែរវិញ អ៊ីចឹងគាត់ប្រៀបបាននឹងវាយឆ្កែទាល់ច្រក អ៊ីចឹងគាត់ត្រូវរកគ្រប់ចំណុចណាដើម្បីរកតុល្យភាពខាងនយោបាយហើយ ធ្វើនយោបាយដូច្នេះហាក់បីដូចជាហែកទ្រូងនៅក្នុងសង្គមខ្មែរឲ្យបរទេសដឹងវិញទេ»។
លោក សម រង្ស៊ី បានថ្លែងកាលពីថ្ងៃទី១៦ ខែតុលា ពីប្រទេសហ្វាំងឡង់ (Finland) មកថា លោកបានប្ដឹងលោក ហ៊ុន សែន ទៅតុលាការនៅក្រៅប្រទេសពេលនេះ មិនមែនដើម្បីធ្វើជាថ្នូរឲ្យរូបលោកបានវិលចូលស្រុកខ្មែរ ឬឲ្យរូបលោករួចផុតពីការចោទប្រកាន់នៅតុលាការកម្ពុជានោះទេ ប៉ុន្តែលោកមានបំណងរំដោះប្រទេសកម្ពុជា ចេញពីរបបផ្ដាច់ការ ដែលជាក្ដីប្រាថ្នារបស់ពលរដ្ឋខ្មែរទូទៅ មិនមែនជាផលប្រយោជន៍បុគ្គល សម រង្ស៊ី នោះទេ។
លោក យឹម សុវណ្ណ បានអះអាងទៀតថា ការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា សព្វថ្ងៃនេះ គឺបានរំលោភទៅលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយលោកបានលើកហេតុផលថា បញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា កាន់តែមានភាពធ្ងន់ធ្ងរទៅៗ ដូចជាការរំលោភដីធ្លីជាដើម។
លោក យឹម សុវណ្ណ មានប្រសាសន៍ដូច្នេះ ៖ «គេមិនបានធ្វើរំឭកខួបទីក្រុងប៉ារីសទេ ដែលពីមុននេះជាថ្ងៃបុណ្យជាតិ ជាថ្ងៃឈប់សម្រាក ប៉ុន្តែឥឡូវនេះត្រូវបានគណបក្សប្រជាជនគេលុបចេញពីថ្ងៃបុណ្យជាតិ បានន័យថា គេមិនចង់រំឭកកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ យើងគិតមើលទៅមើល៍ តើប្រព័ន្ធយុត្តិធម៌សព្វថ្ងៃ ប្រជាពលរដ្ឋក្រីក្រគេរងការឈឺចាប់ប៉ុណ្ណា? អ្នកដែលមានលុយមានអំណាចគេតែងតែឈ្នះក្តី»។
លោក សុខ ទូច ក៏បានទទួលស្គាល់ដែរថា បញ្ហារំលោភដីធ្លីនៅកម្ពុជា កំពុងតែកើតមាននៅកម្ពុជាមែន ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ។
លោក សុខ ទូច បានបញ្ជាក់ដូច្នេះ ៖ «មានមែនអារឿងរំលោភដីធ្លី រឿងអីដែលថាអត់? ប៉ុន្តែគ្រាន់ថា វាមានឆកល្វែងខ្លះ។ យើងឃើញហើយ ក្រុមហ៊ុនកើតមួយថ្ងៃណោះ ប៉ុន្តែប្រជាជនគាត់មានយូរហើយ មានម្ចាស់ដីយូរហើយ ហេតុអីប្រជាជនរំលោភដីក្រុមហ៊ុន តើក្រុមហ៊ុនគាត់កើតពីពេលណាមក?»។
នៅក្នុងលិខិតអញ្ជើញមួយរបស់សហគមន៍ខ្មែរនៅជុំវិញពិភពលោក គ្រោងនឹងធ្វើយុទ្ធនាការរំឭកខួបទី១៩ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលធ្វើឲ្យកម្ពុជា រួចផុតពីសង្គ្រាមរ៉ាំរ៉ៃនោះ ដែលគេនឹងរៀបចំធ្វើថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១០ នៅមុខវិមានរដ្ឋសភាជាតិ ទីក្រុងអូតាវ៉ា ប្រទេសកាណាដា។
នៅក្នុងលិខិតដដែលនេះ បានសរសេរថា កិច្ចព្រមព្រៀងនេះ ជាញឹកញាប់ត្រូវបានរំលោភបំពានពីសំណាក់ប្រទេសជិតខាងឈ្លានពាន និងរដ្ឋាភិបាលកម្ពុជាខ្លួនឯង។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិត សុខ ទូច បានបញ្ចេញទស្សនៈថា អ្នកនយោបាយកម្ពុជា ត្រូវយកបញ្ហាទាំងឡាយមកដាក់លើតុចរចា ដើម្បីធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន ព្រោះថា អ្នកនយោបាយទាំងអស់សុទ្ធតែនិយាយអំពីស្នេហាជាតិ ដូច្នេះអ្នកនយោបាយគួរគិតគូរអំពីបញ្ហាជាតិ ហើយប្រទេសជាតិមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចទៅបាន លុះត្រាណាប្រទេសជាតិមានស្ថិរភាពនយោបាយ ដែលធ្វើឲ្យអ្នកវិនិយោគអន្តរជាតិចាប់អារម្មណ៍មកលើកម្ពុជា កាន់តែច្រើនឡើងៗ៕
